ប្រជាពលរដ្ឋខេត្តកោះកុង ដែលមានទំនាស់ដីធ្លី ជាមួយក្រុមហ៊ុនលោក ហេង ហ៊ុយ សរសេរលិខិតថ្លែងអំណរគុណ ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែន ដីនគររូបនីយកម្ម និងសំណង់ ដែលបានជួយអន្តរាគមន៍ដោះស្រាយទំនាស់ដីធ្លីជូនពួកគាត់ប្រើប្រាស់ឡើងវិញ។
លោកស្រី ផាវ ញើង តំណាងពលរដ្ឋទាំង ១៥គ្រួសារ រស់នៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ បានសរសេរលិខិតថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច បានចាត់ឲ្យឯកឧត្តម ជា សុផារ៉ា ដឹកនាំដោះស្រាយវិវាទដីធ្លី និងផ្តល់យុត្តិធ៌មពិតប្រាកដល់ពលរដ្ឋទាំង ១៥គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អូសបន្លាយពេលជិត ១០ឆ្នាំកន្លងមក។
លិខិតថ្លែងអំណរគុណ មានផ្តិតស្នាមមេដៃតំណាងប្រជាពលរដ្ឋទាំង ១៥គ្រួសារ បានបង្ហាញក្តីរំភើប និងចងចាំអស់មួយជីវិត ដែលសម្តេចតេជោ បានជួយបញ្ចប់វិវាទដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំអំពៅផលិតស្ករសនាំចេញ មានទីតាំងនៅឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។
លិខិតដដែល បានប្តេជ្ញាគាំទ្រការដឹកនាំប្រកបដោយគតិបបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជារៀងរហូត ដើម្បីឲ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋមានការរីកចំរើនទាំងអស់គ្នា។
បន្ថែមលើនេះ លោកស្រី ផាវ ញើង ក៏ស្នើដល់ឯកឧត្តម ជា សុផារ៉ា ពិសេសម្តេច ហ៊ុន សែន ឲ្យជួយពន្លឿនចេញប្លង់កម្មជូនពួកគាត់ បានប្រើប្រាស់សិទ្ធិកាន់កាប់ដីលំនៅឋាន ស្របច្បាប់ឲ្យបានឆាប់។
ទាក់ទិនបញ្ហានេះ លោក ញៀប សំអឿន មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តកោះកុង ស្វាគមន៍ចំពោះចំណាត់ការដោះស្រាយបញ្ចប់ជម្លោះដីធ្លី រវាងពលរដ្ឋ ១៥គ្រួសារ មានទំនាស់ជាមួយក្រុមហ៊ុន ហេង ហ៊ុយ ឈានទៅផ្តល់យុត្តិធ៌មដីធ្លីជូនពលរដ្ឋ នៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុងនៅពេលនេះ។ ទន្ទឹមគ្នានេះ លោកក៏ស្នើដល់ឯកឧត្តម ជា សុផារ៉ា ពិសេសសម្តេចនាយករដ្ឋមន្ត្រី ឲ្យជួយបន្តដោះស្រាយទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋរាប់រយគ្រួសារទៀត ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅចំនួន ២ នៅស្រុកស្រែអំបិល ខេត្តកោះកុង ចប់ឲ្យបានឆាប់ដែរ។
ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណ របស់តំណាងប្រជាពលរដ្ឋ ១៥គ្រួសារ រស់នៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង សរសេរគោរពផ្ញើជូនសម្តេចតេជោ ហ៊ុន សែន៖