ស្ទឹងត្រែងៈ បុណ្យប្រាសាទព្រះគោ គឺជាពិធីបុណ្យមួយ ដែលអ្នកស្រុកធ្វើឡើងរាល់ឆ្នាំ។
ហើយពេលនោះអ្នករៀបចំ បានយករបាំវាយខែលជនជាតិដើមភាគតិច ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មកសម្តែង។
របាំវាយខែល គឺជារបាំមួយប្រភេទដែលសំដែងឡើង ដោយជនជាតិដើមភាគតិចកួយ។ អាជ្ញាធរស្រុកថាឡាបរិវ៉ាត់ តែងប្រារព្ធពិធីនៅក្នុងបុណ្យប្រាសាទព្រះគោ អំឡុងខែមីនា មុនពេលបុណ្យចូលឆ្នាំថ្មី ទៅតាមទំនៀមទម្លាប់ប្រពៃណី។
ចាស់ៗ ក្នុងស្រុកថាឡាបរិវ៉ាត់ បានលើកឡើងថា រាល់មុនពេលបុណ្យចូលឆ្នាំខ្មែរ ពោលគឺក្នុងខែមីនា មុនខែមេសា អ្នកស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង តែងតែធ្វើពិធីបុណ្យប្រាសាទព្រះគោ។ រំលឹកដល់បុព្វបុរសខ្មែរ កាលសម័យដើម និងបួងសួង ដល់វត្ថុស័ក្តិសិទ្ធិ ជួយដល់អ្នកស្រុកឲ្យមានក្តីសុខសម្បាយ។
អភិបាលស្រុកនៅទីនេះ បានបង្កើតគណៈកម្មការមួយ រួមមាន ព្រះសង្ឃ អាចារ្យវត្ត ចាស់ទុំ កំណត់ថ្ងៃបុណ្យ ដែលមានរយៈពេលបីថ្ងៃ ដើម្បីប្រារព្ធពិធីបុណ្យប្រាសាទព្រះគោ។
សំណង់ប្រាសាទព្រះគោ សង់ឡើងអំពីថ្មដីឥដ្ឋ និងមានរូបថ្មព្រះគោ បែរមុខមកទិសខាងកើត មានប្រវត្តិទាក់ទង ក្នុងសម័យសង្គ្រាមខ្មែរសៀម។
អ្នកស្រុកនៅទីនេះចាត់ទុកថា ព្រះគោគឺជាយានជំនិះ របស់មេទ័ពខ្មែរ កាលពីសម័យដើម ហើយមានបុណ្យបារមីពូកែស័ក្តិសិទ្ធិណាស់។
ហេតុដូច្នេះ ហើយទើបគេនាំគ្នាធ្វើបុណ្យប្រាសាទព្រះគោ រំលឹកគុណ ដល់មេទ័ពសម័យដើម និងសូមឲ្យបារមីព្រះគោ ជួយថែរក្សាសុខសប្បាយកុំឱ្យមានជំងឺផ្សេងៗ កើតឡើងមកលើអ្នកស្រុកថាឡាបរិវ៉ាត់។
ទាក់ទងពិធីបុណ្យនេះដែរ ចាស់ៗ បានលើកឡើងថា មុនពេលបុណ្យចូលឆ្នាំថ្មី ប្រជាពលរដ្ឋជួបជុំគ្នា ធ្វើបុណ្យក៏សប្បាយរីករាយម្យ៉ាងដែរ។
ជាមួយបុណ្យដែលមានរយៈពេល៣ ថ្ងៃ ក៏មានការសម្ដែងសិល្បៈ វាយខែល ដោយជនជាតិដើមភាគតិចកួយ យ៉ាងសប្បាយរីករាយ។ ក្រៅពីនេះ កីមានកីឡាជាច្រើនទៀត ដូចជា កីឡាបាល់ទាត់បាល់ទះ និងល្បែងប្រជាប្រិយប្រពៃណីខ្មែរ។ល។
ក៏ប៉ុន្តែនៅឆ្នាំ២០២០នេះ ពិធីបុណ្យប្រាសាទព្រះគោ ពុំត្រូវបានធ្វើឡើងឡើយ។ ការអាកខាននេះ ដោយសារតែមិនឲ្យមានការជួបជុំ ព្រោះខ្លាចជំងឺឆ្លង Covid-19៕ ដោយៈសុខុម