ភ្នំពេញ៖កម្លាំងសមត្ថកិច្ច របស់គណៈម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) បានចុះបង្ក្រាបផលិតផលនាំចូល ស្តុកទុក និងចែកចាយខុសច្បាប់ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលដោយលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរដែនដី មន្ត្រីសុខាភិបាលខណ្ឌ និងមន្ត្រីកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ។
ការចុះត្រួតពិនិត្យនេះ គណៈកម្មាធិការអន្តរក្រសួង របស់ គ.ប.ផ.ក បានរកឃើញផលិតផលខុសច្បាប់ជាច្រើនមុខ សរុបចំនួនជាង ២.០០០កេស ស្មើនឹងប្រមាណ១៣តោន (សារធាតុសម្លាប់មេរោគ ម៉ាស និងគ្រឿងសម្អាង) ដូចមានខាងក្រោម៖ ១. សាប៊ូកក់សក់ម៉ាក Max Care ចំនួន ៥កេស ២. សប៊ូកក់សក់ម៉ាក THDH ចំនួន ៥៦០កេស ៣. ក្រណាត់ស៊ើមសម្លាប់មេរោគ ៧០០កេស ៤. ម៉ាសម៉ាក HI PM2.5 ចំនួន ៤កេស ៥.ជែលលាងដៃសម្លាប់មេរោគម៉ាក SOUEEUE (៥០០មិល្លីលីត្រ) ចំនួន ៤៧៥កេស
៦.ជែលលាងដៃសម្លាប់មេរោគម៉ាក Max Care (៥៥មិល្លីលីត្រ) ចំនួន ៦០កេស ៧.Spray បណ្តុះសក់ចំនួន ៥កេស ៨. Spray អាល់កុលម៉ាក Ferfanduo (១០០មិល្លីលីត្រ)ចំនួន ៤៥កេស។
បន្ទាប់ពីបានត្រួតពិនិត្យផលិតផលទាំងនេះ សមត្ថកិច្ចចម្រុះ បានពិនិត្យ និងសន្និដ្ឋានបឋមទីតាំងនាំចូល ស្តុកទុក និងចែកចាយខាងលើមិនអនុលោមតាមច្បាប់កំណត់ដូចជា៖ ១. ពុំមានលើកស្លាកយីហោត្រឹមត្រូវ ២. ផលិតផលទាំងនេះ ពុំមានចុះបញ្ជិការ ឬលេខប្រវេទន៍ ពីក្រសួងសុខាភិបាល ៣. គ្មានអាជ្ញាប័ណ្ណបើកគ្រឹះស្ថានអាហរ័ណនីហរ័ណគ្រឿងសម្អាង ពីក្រសួងសុខាភិបាល ៤. គ្មានលិខិតបញ្ជាក់គុណភាពផលិតផលពី ក្រសួងស្ថាប័នមានសមត្ថកិច្ច ៥. ផលិតផលទាំងនេះ អាចនឹងអន់គុណភាព ដែលអាចប៉ះពាល់ដល់សុខភាពស្បែក ៦. គ្មានវិញ្ញាបនបត្របញ្ជាក់ការដាក់លក់ផលិតផលលើទីផ្សារ
៧. បានធ្វើការឃោសនាផ្សព្វផ្សាយ ផលិតផលទាំងនេះតាមបណ្តាញសង្គម Facebook ដោយមិនបានស្នើសុំការការអនុញ្ញាត ពីក្រសួងសុខាភិបាល។
ក្រោយពីបានពិនិត្យ និងការសន្និដ្ឋានខាងលើ សមត្ថកិច្ចចម្រុះ សម្រេចផ្អាកអជីវកម្មបណ្តោះអាសន្ន ហើយផលិតផលទាំងនេះ ឃាត់រក្សាទុកនៅទីតាំងដដែល និងដកហូតវត្ថុតាងមួយចំនួន យកទៅធ្វើការពិសោន៍
និងសមត្ថកិច្ចចម្រុះ គ.ប.ផ.ក កំពុងបានបន្តនីតិវិធី ចាត់វិធានការតាមច្បាប់។
ទន្ទឹមនេះដែរ គ.ប.ផ.ក សូមអំពាវនាវដល់សាធារណជនមេត្តាចូលរួម និងសហការផ្តល់ព័ត៌មានអំពីទីតាំងចែកចាយ ឬជនផលិត ដែលចែកចាយផលិតផលក្លែងក្លាយ-ខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាព និងសុវត្ថិភាពសង្គម ដោយទំនាក់ទំនងផ្តល់ព័ត៌មាន តាមរយៈលេខទួរស័ព្ទ ០៨១ ៩៩៩ ៨០៨ ឬបណ្តាញសង្គមហ្វេសប៊ុក(Facebook Page) “ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្ហាយ-Counter Counterfeit Committee ” រាល់ព័ត៌មាន របស់សាធារណជន ដែលរាយការណ៍មក គ.ប.ផ.ក គឺនឹងត្រូវរក្សាការសម្ងាត់ ៕ដោយ៖កូឡាប