តាកែវ៖ នៅក្នុងសាលប្រជុំនៃការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវស្តីពីការពិនិត្យ និងគ្រប់គ្រងបរិស្ថានក្នុងផលិតកម្មកសិកម្មនាព្រឹកថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៧ លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តបាន លើកឡើងថា ឡជីវៈឧស្ម័នគឺជាឧបករណ៏មួយដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាបរិស្ថាន និងបានចូលរួមកាត់បន្ថយរាល់ការចំណាយលើការប្រើប្រាស់ជីគីមីមួយចំនួនដែលនាំចូលក្នុងស្រុក ជាពិសេសនោះបានរួមចំណែកលើការកាប់បំភា្លញកូនឈើដែលបងប្អូនប្រជាពលរដ្ឋយកមកធ្វើជាអុស ពិព្រោះឡជីវៈឧស្ម័ននេះវាបានប្រមូលនៅកាកសំណល់របស់សត្វចិញ្ចឹមរបស់ប្រជាកសិករ និងកាកសំណល់របស់មនុស្សបង្ហូរចូលក្នុងឡ បង្កើតបានជាឧស្ម័នគាស សម្រាប់ចំអិនម្ហូបអាហារ បង្កើតបានជាចង្គៀនបំភ្លឺ និងមួយទៀតនោះកាកសំណល់ដែលចេញពីឡនោះ បានក្លាយទៅជាជីធម្មជាតិមួយយ៉ាងល្អ ដែលហៅថា ជីកំប៉ុស ដែលមិនមានមេរោគអ្វីឡើយ សម្រាប់ប្រជាកសិករធ្វើការងារកសិកម្មទទួលបានផលល្អ ។ ដូច្នេះដើម្បីនាំគ្នាចូលរួមក្នុងការថែរក្សាបរិស្ថានទាំងអស់គ្នានិងទុបស្កាត់នៅការបំរែបំរួលអាកាសធាតុ បងប្អូនប្រជាពលរដ្ឋទាំងអស់គួរតែចូលរួមថែរក្សាបរិស្ថានរបស់យើង ដែលមនុស្សម្នាក់ៗអាចចូលរួមទៅបានទាំងអស់គ្នា ។
លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ បានអោយដឹងថា នៅក្នុងពេលបច្ចុប្បន្ននេះ ប្រជាកសិករជាច្រើនគឺបានចិញ្ចឹមសត្វគោ ជ្រូក មាន់ទារ គឺដាក់នៅក្នុងទ្រុង ដើម្បីរក្សាអោយបាននៅបរិស្ថានល្អ មិនអោយមានជំងឺឆ្លងអ្វីឡើយ ជាពិសេសពួកគាត់បាននាំគ្នាធ្វើឡជីវឧស្ម័ននៅក្នុងផ្ទះរបស់គាត់ដើម្បីយកកាកសំណល់ដែលចេញពីសត្វចិញ្ចឹម និងកាកសំណល់ផ្សេងៗទៀតនោះ បញ្ចូលទៅក្នុងឡជីវៈឧស្ម័ន បង្កើតចេញជាគាស ភ្លើងបំភ្លឺចង្គៀន និងបានជីធម្មជាតិគ្មានមេរោគសម្រាប់ប្រកបការងារកសិកម្ម នានាជាច្រើនទៀត ។
លោកប្រធានការិយាល័យបានបន្តថា ក្នុងខេត្តតាកែវ ការធ្វើឡជីវៈឧស្ម័នគឺជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងនោះខេត្តបានអនុវត្តគម្រោងលើធ្វើឡជីវៈនេះបាន ៤៩៦២ឡរ នៅក្នុងទូរទាំងខេត្ត ព្រោះថាការធ្វើឡរនេះគឺបងប្អូនប្រជាពលរដ្ឋទាំងអស់បានទទួលនៅផលប្រយោជន៏ច្រើន និងកាត់បន្ថយនៅការចំណាយ ដែលយើងអាចនិយាយបានថា មានឡជីវៈឧស្ម័ន គឺមានភូមិស្អាត ស្រែល្អ ៕ តាកែវ