ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថាខេត្តព្រះសីហនុ ជាពិសេសក្រុងកំពស់សោម ត្រូវបានចាត់ទុកថាជាទីកន្លែងមួយរងផលប៉ះពាល់ ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងធ្ងន់ធ្ងរជាងគេ នៅទូទាំងប្រទេស ។ ហើយបើទោះជាអាជ្ញាធរមូលដ្ឋាន ក៏ដូចមន្ត្រីជំនាញពាក់ព័ន្ធ ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំខេត្ត ចុះដោះស្រាយបញ្ហានេះ ប្រកបដោយការយកចិត្តទុកដាក់ សស្រោកសស្រាំយ៉ាងណា ក៏ករណីភ្លៀងបង្កឲ្យលិចលង់នេះនៅតែកើតមានដដែល ។
ជាក់ស្តែង គ្រាន់តែភ្ញៀងកក់ខែម្សិលមិញ (ទី១៣ ខែមេសា) ក្នុងរយៈពេលប្រហែលតែ១ម៉ោងប៉ុណ្ណោះ បានធ្វើឲ្យផ្ទះសម្បែងប្រជាពលរដ្ឋនៅភូមិ3 សង្កាត់1 ក្រុងព្រះសីហនុ លិចលង់គ្មានសល់ ។
ទាក់ទងនឹងបញ្ហានេះ ប្រជាពលរដ្ឋបានលើកឡើងថា ជំនន់ទឹកភ្លៀងបង្កការលិចលង់ មិនមែនជាលើកទី១ ប៉ុន្តែ កើតឡើងរាប់ភ្លេចនេះ គឺបណ្តាលមកដោយសារបណ្តាប្រឡាយ បឹងបួរ អូរស្ទឹង ត្រូវបានគេចាក់ដីលុបអស់ ។ ហើយម្យ៉ាងវិញទៀត ត្រូវបានគេស្តីបន្ទោស គឺថាភ្លៀងហាក់ពុំសូវជាខ្លាំងប៉ុន្មានទេ ប៉ុន្តែ រឿងធ្វើផ្ទះបិទប្រព័ន្ធលូ ទើបបង្កឲ្យស្ទះកើតជាទឹកជំនន់នេះឡើងតែម្តង ។
នេះបើយោងតាមគណនីហ្វេសប៊ុកប្អូនស្រីឈ្មោះថា Sorm Siv បានបង្ហោះឲ្យដឹងថា៖ “ភូមិ3 សង្កាត់1 ក្រុងព្រះសីហនុ ភ្លៀងប្រហែល1ម៉ោងលិចគ្មានសល់…ប្រព័ន្ធផ្លូវលូធ្វើផ្ទះបិទជិតអស់ហើយ ហូរទៅណាកើត។ រីករាយថ្ងៃចូលឆ្នាំខ្មែរ ថ្ងៃដំបូងឆ្នាំ2020ម៉ាភ័យ” ៕ ដោយ៖ លឹម ហុង