សម្លឹងពីខាងក្រៅ អារាម Jison-in ពុំមានអ្វីប្លែកខុសពីវត្តអាមរាមពុទ្ធសាសនាដទៃទៀតនៅជប៉ុនឡើយ ប៉ុន្តែនៅពីខាងក្នុងគេឃើញមានរូបសុដន់នារីរាប់ពាន់ព្យួរនៅគ្រប់ទីកន្លែង។
អារាមស្ថិតនៅជើងភ្នំ Koya ក្នុងខេត្ត Wakayama គឺជាអារាមតូចតែល្អស្អាត។ ពេលបោះជំហានចូលទៅខាងក្នុងនោះអ្នកដែលមកដល់ទីនេះដំបូងអាចស្រឡាំងកាំង ហើយងឿងឆ្ងល់ពីអ្វីៗដែលខ្លួនបានឃើញ ព្រោះថា នៅជុំវិញអារាមនេះ សុទ្ធសឹងតែរូបសុដន់នារីរាប់ពាន់ព្យួរពាសពេញហាក់ដូចជាពុំសក្តិសមជាកន្លែងសម្រាប់បួងសួងគោរពសក្ការៈ។
“វត្ថុតាំងលម្អរ” ទាំងនេះ ត្រូវបានធ្វើពីវត្ថុធាតុគ្រប់យ៉ាង និងមានទំហំខុសគ្នា។ ខ្លះធ្វើពីក្រណាត់ ខ្លះទៀតធ្វើពីឈើ ហើយខ្លះគ្រាន់តែជាផ្ទាំងគំនូរប៉ុណ្ណោះ។
ពួកវាសុទ្ធសឹងត្រូវបានពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរមកពីគ្រប់ទិសទីបាននាំយកវាមកកាន់ទីនេះ រួចព្យួរឡើងខ្លួនឯង។
តាមចៅអធិការអារាមនេះ ប្រពៃណីយ៉ាងចម្លែកខាងលើ បានចាប់ផ្តើមតាំងពីយូរណាស់មកហើយ។ គ្រានោះមានវេជ្ជបណ្ឌិតម្នាក់ បានមកបួងសួងសុំឲ្យអ្នកជំងឺមហារីកសុដន់ម្នាក់ បានជាសះស្បើយ។ វេជ្ជបណ្ឌិតរូបនេះ បានសួរទៅព្រះសង្ឃគង់នៅទីនោះថា តើខ្លួនលោក អាចដាក់និមិត្តសញ្ញា តំណាងឲ្យសុដន់នៅទីនេះ ដោយប៉ងប្រាថ្នាថា ការបួងសួង និងសម្រេចផលបានដែរឬទេ? ព្រះសង្ឃពេលនោះក៏បានយល់ព្រម។
ក្រោយមករឿងរ៉ាវនេះ បានរាលដាលបង្កជាចំណាប់អារម្មណ៍ធ្វើឲ្យមនុស្សដទៃទៀត ធ្វើត្រាប់តាម។
មនុស្សម្នាមកពីគ្រប់ទីកន្លែង ទាំងក្នុង និងក្រៅប្រទេសបាននាំគ្នាមកបួងសួងឲ្យម្តាយភរិយា បងប្អូនស្រី និងកូនស្រីរបស់ពួកគេ។
ចុងក្រោយការបួងសួងពុំមែនត្រឹមតែសម្រាប់ករណីមហារីកសុដន់ប៉ុណ្ណោះទេ ព្រមទាំងការបួងសួងឲ្យជាសះស្បើយពីជំងឺស្ត្រី ប្រាថ្នាឲ្យភរិយាខ្លួនសម្រាលកូនបានសុវត្ថិភាពសុំឲ្យកូនស្រីគេចផុតពីជំងឺកាចសាហាវ រហូតដល់ថ្នាក់ចំណាយពេលមកដល់ទីនេះ ដើម្បីបួងសួងឲ្យភរិយាសម្បូរទឹកដោះទុកឲ្យកូនបៅ។
អ្នកដែលមកបួងសួងនៅអារាមនេះ សុទ្ធសឹងនាំមកតាមនូវអ្វីដែលជានិមិត្តរូបឲ្យសុដន់។ ក្បាលដោះក្លែងក្លាយទាំងនោះ អាចយកមកពីផ្ទះ ឬទិញនៅជុំវិញអារាមនោះ។
ពុំត្រឹមតែប៉ុណ្ណេះទេ Jison-in គឺជាអារាមមួយដែលមានតម្លៃប្រវត្តិសាស្ត្រជប៉ុន ។ អារាម Jison-in ត្រូវបាន Kobo Daishi (មហាសង្ឃ) បង្កើតឡើងចំច្រកឡើងភ្នំ Koya ដែលល្បីល្បាញអំឡុងដើមសតវត្សរ៍ទី១៩។ មហាសង្ឃដែលជាអ្នកបង្កើតអារាមក៏ជាបុគ្គល ដើរតួនាទីសំខាន់បំផុត ក្នុងសាសនាព្រះពុទ្ធនាប្រទេសជប៉ុន ហើយក៏ជាអ្នកបង្កើតនិកាយសាសនា SHINGON ។
នៅកំពូលភ្នំខាងលើ គឺជា Danjo Garan ដែលរួមមានសំណង់វត្តអារាម ល្បីថាស័ក្តសិទ្ធិជាង ២០កន្លែង។
មុននោះភ្នំ Koya ជាកន្លែងហាមឃាត់នារី គឺមានតែបុរសៗ និងព្រះសង្ឃ ទើបអាចឡើងលើកំពូលភ្នំនេះ ហើយចូលទៅក្នុងអារាមទាំងនោះ។
មានរឿងនិទានតំណាលតៗគ្នាថា សូម្បីម្តាយរបស់មហាសង្ឃ ក៏ពុំអាចទៅជួបកូនបាន ព្រោះតែការហាមឃាត់ខាងលើ។ គាត់បានត្រឹមធ្វើដំណើរដល់ជើងភ្នំ និងស្នាក់នៅអារាម Jison-in តែប៉ុណ្ណោះ។
បច្ចុប្បន្ននេះ ភ្នំ Koya គឺជាទីទាក់ទាញភ្ញៀវទេសចរ យ៉ាងច្រើនកុះករ ហើយ Jison-in ប្រៀបដូចជាទីចាប់ផ្តើមនៃដំណើរឆ្ពោះទៅកាន់កំពូលភ្នំស័ក្តសិទ្ធិ៕ សូយន