អ្នកប្រហែលជាធ្លាប់ល្បីហើយរឿងប្រតិកម្មអាឡែហ្ស៊ី នឹងគ្រឿងសមុទ្រ ទឹកដោះគោ ឬសណ្តែកសៀង ដូច្នេះតើអ្នកធ្លាប់លឺគេថាអាឡែហ្ស៊ីនឹងគ្រឿងស្រវឹងដែរទេ? មែនហើយ វាមិនខុសគ្នានឹងការមានប្រតិកម្មអាឡែហ្ស៊ីនឹងអាហារទេ។ ។ ខាងក្រោមនេះខ្ញុំសូមបង្ហាញអំពីអាការច្បាស់ៗមួយដែលបញ្ជាក់ថា អ្នកមានប្រតិកម្មអាឡែហ្ស៊ីនឹងគ្រឿងស្រវឹងហើយ៖
ញ័រទ្រូង
បើសិនជាបេះដូងចាប់ផ្តើមលោតខ្លាំង ហើយចាប់ផ្តើមបែកញើសខ្លាំងក្រោយញ៉ាំគ្រឿងស្រវឹងរួច នោះមានន័យថា អ្នកកំពុងតែមានប្រតិកម្មនឹងគ្រឿងស្រវឹង ហើយរាងកាយមិនអាចរំលាយវាបានល្អឡើយ។ អ្នកប្រហែលជាចាប់ផ្តើមមានអារម្មណ៍វិលមុខ និងមិនមានផាសុកភាព។ ស្ថិតក្នុងស្ថានភាពបែបនេះ ចូរអង្គុយចុះមួយសន្ទុះ ឬទៅជួបពេទ្យក្នុងករណីបន្ទាន់។
កន្ទាលត្រអាក
ការចេញកន្ទាលត្រអាកក្រោយញ៉ាំគ្រឿងស្រវឹងរួច បញ្ជាក់ថា អ្នកកំពុងតែប្រឈមនឹងប្រតិកម្ម Anaphylaxis ដែលជាប្រតិកម្មអាឡែហ្ស៊ីដ៏ធ្ងន់ធ្ងរ។ វាអាចជាការរមាស់ និងឈឺចាប់ខ្លាំងក្នុងពេលតែមួយ។ កន្ទាលត្រអាកបញ្ជាក់ថា អ្នកមានប្រតិកម្មនឹងសារធាតុ Sulphur ដែលមានជាញឹកញាប់ក្នុងគ្រឿងស្រវឹងគ្រប់ប្រភេទ។
ហើម
ការហើមនៅប្រអប់ដៃ និងផ្នែកផ្សេងៗនៃរាងកាយ ដែលកើតឡើងភ្លាមៗក្រោយញ៉ាំគ្រឿងស្រវឹងរួច ក៏មិនមែនជារឿងធម្មតាដែរ។ ករណីភាគច្រើន អណ្តាត និងបបូរមាត់អាចនឹងហើម។ អ្នកក៏ប្រហែលជាយល់ថាពិបាកក្នុងការនិយាយ ឬញ៉ាំអាហារដែរ។
រាករូស និងចង្អោ
ការឧស្សាហ៍ចូលបន្ទប់ទឹកដោយសារតែរាករូស ឬក្អួតអាចជាសញ្ញាមួយបញ្ជាក់អំពីការមានប្រតិកម្មអាឡែហ្ស៊ីនឹងគ្រឿងស្រវឹងដែរ។ ខណៈពេលដែលស្ថានភាពបែបនេះ មានលក្ខណៈធម្មតានៅពេលញ៉ាំច្រើនៗ តែការដែលមានផលវិបាកក្រោយពីញ៉ាំស្រាពីរកែវរួច នោះមិនមែនជារឿងធម្មតាទៀងឡើយ។
ដកដង្ហើមលឺដូចហួច
ការមានប្រតិកម្មនឹងអាឡែហ្ស៊ីក៏អាចបណ្តាលឲ្យ ដកដង្ហើមលឺដូចហួច ក្អក និងតឹងក្នុងទ្រូងបានដែរ។ អ្នកក៏ប្រហែលជាធ្លាប់មានអាការនៅផ្លូវដង្ហើមដូចជា តឹងច្រមុះដែរ។ អ្នកជំងឺហឺតប្រហែលជាមានអារម្មណ៍ កាន់តែមិនមានផាសុកភាព និងពិបាបកដកដង្ហើម។ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីចៀសវាងផលវិបាកផ្សេងៗ៕
អត្ថបទ៖ health