ភ្នំពេញ៖បុរសម្នាក់បានស្លាប់ បន្ទាប់ពីជួបគ្រោះថ្នាក់បង្កឡើងរវាងរថយន្តបើកបុកជាមួយម៉ូតូកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចលើផ្លូវបេតុង ភូមិអង់តាកូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ក្រោយពេលដឹកដល់មន្ទីរពេទ្យលោកសង្ឃ។ ជនរងគ្រោះ( មិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរ ) ស្លាប់ក្រោយពេលដឹកដល់មន្ទីរពេទ្យលោកសង្ឃ។ ចំណែកភាគីរថយន្តបង្កឈ្មោះសឿន ប៊ុនធឿន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិត្រពាំងសំព័រ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត១គ្រឿងម៉ាក តាកូម៉ា ពណ៌ទឹកប្រាក់ គ្មានពាក់ស្លាកលេខ ធ្វើដំណើរលើផ្លូវបេតុងទិសដៅពីកើតទៅលិចលុះ មកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូ ១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DG -8460 ដែលធ្វើដំណើរច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ និងបានស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យលោកសង្ឃ។
មូលហេតុបណ្តាលមកពីរថយន្តបើកបរមិនប្រកាន់ចំណែកផ្លូវ។ ក្នុងករណីនេះជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានយកមធ្យោបាយទៅរក្សារទុក ចំណែកសពសមត្ថកិច្ចស្រាវជ្រាវរកគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ពិដោរ