សៀមរាប៖ ប្រាសាទលលៃបច្ចុប្បន្នមានទីតាំងនៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង គឺជាកោះដ៏ពិសិដ្ឋ ស្ថិតនៅចំកណ្តាលបារាយណ៍ឥន្ទ្រតដាក (បារាយណ៍លលៃ) នាបុរាណកាល។
ទីនេះបានប្រែប្រួលបន្តិចម្តងៗ ដោយការរៀបចំថ្មី និងមានសំណង់សាសនាមួយចំនួន តាមសម័យកាលជាបន្តបន្ទាប់។ ប៉ុន្តែនៅចុងឆ្នាំ ២០១៩ សំណង់សាសនាទាំងនោះត្រូវបានព្រះគ្រូ ចៅអធិការវត្តលលៃ អាចារ្យនិងគណៈកម្មការគ្រប់គ្រងវត្តលលៃទាំងអស់ ព្រមទាំងពុទ្ធបរិស័ទជុំវិញវត្ត ជាពិសេសការឯកភាពពីសំណាក់សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស ព្រមទាំងការជួយជ្រោម ជ្រែងពីក្រុមប្រឹក្សាវត្តអារាមក្នុងតំបន់ឧទ្យានអង្គរ ដែលមានព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ជាព្រះប្រធានកិត្តិយស ព្រះសុមង្គលសិលាចារ្យ អាភាករោ ជុំ គឹមឡេង ជាព្រះប្រធាននៃក្រុមប្រឹក្សាវត្តអារាមក្នុងតំបន់ឧទ្យានអង្គរ សម្រេចរំកិលចុះមកក្រោម ដើម្បីទុកលទ្ធភាពឱ្យអាជ្ញាធរជាតិអប្សរា ធ្វើការអភិរក្សនិងស្រាវជ្រាវបុរាណវិទ្យា។
ក្នុងន័យនេះ នាពាក់កណ្តាលខែមីនា ឆ្នាំ២០២០ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើការស្រាវជ្រាវ និងប្រទះឃើញអាថ៌កំបាំង ដ៏អស្ចារ្យនៃរចនាសម្ព័ន្ធសំណង់បុរាណជាច្រើនដូចជា ខ្លោងទ្វារចូល កម្រាលឥដ្ឋ កុលាលភាជន៍ និងជញ្ជាំងកំពែង ដែលបានកប់ក្នុងដីក្រោមសំណង់សាសនា តាំងពីសម័យអាណានិគមបារាំងមក។
ការប្រទះឃើញរចនាសម្ព័ន្ធដ៏សម្បើមនេះ គឺជាការផ្តល់នូវទិន្នន័យថ្មីៗ សម្រាប់កិច្ចការស្រាវជ្រាវបុរាណវិទ្យា ប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និងកិច្ចការអភិរក្ស អភិវឌ្ឍន៍ និងលើកតម្លៃប្រាសាទលលៃឱ្យកាន់តែល្អប្រសើរជាងមុន។
លោក ថូ ថុន ប្រធានក្រុមកំណាយស្រាវជ្រាវនៅប្រាសាទលលៃ បានឱ្យដឹងថា ក្រុមការងារបានបើករណ្តៅកំណាយ បានចំនួន១០រណ្តៅ នៅក្រោមអតីតសំណង់សាសនា នៅផ្នែកខាងកើត ខាងជើង និងខាងលិច ហើយបានប្រទះឃើញរចនាសម្ព័ន្ធសំណង់ខ្លោងទ្វារ ចូលទាំង៣ទិស កំពែង៣ជាន់ព័ទ្ធជុំវិញតួប៉មទាំង៤នៃប្រាសាទ រចនាសម្ព័ន្ធកំពែងប្រាសាទក្នុងក្រៅ កម្រាលថ្មបាយក្រៀម កម្រាលឥដ្ឋជាច្រើនទីតាំង ចម្លាក់ដែលមានក្បាច់លម្អ រួមនឹងភាពខុសគ្នានៃខឿនប្រាសាទត្រង់ព្រះវិហារ។
ទាក់ទងនឹងមូលហេតុនៃការកប់រចនាសម្ព័ន្ធប្រាសាទនៅក្នុងដីនេះ លោក ថូ ថុន សន្និដ្ឋានថា ប្រហែលបណ្តាល មកពីការសាងសង់នាសម័យក្រោយៗ ភ្លេចគិតថាមានអ្វីក្រោមដី ព្រោះមានដីលុបពីលើសំណង់បុរាណបាត់អស់។ រីឯការអភិវឌ្ឍសំណង់នាសម័យក្រោយៗ ក៏ពុំបានធ្វើឱ្យសំណង់បុរាណក្រោមដីនេះ រងការបំផ្លាញច្រើនទេ ព្រោះចាស់ៗបានរក្សាផ្នែកខាងក្នុង ដោយកម្រាលឥដ្ឋ និងខាងក្រៅក្រាលថ្មបាយក្រៀមដើម្បីការពារ៕
ដោយ៖បញ្ញាស័ក្តិ