កណ្តាល៖ នគរបាលស្រុកពញាឮ បានរាយការណ៍ថា មានកុមារលង់ទឹក (ស្លាប់)៣នាក់ ដែលកើតហេតុថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៦និង៤០នាទី នៅចំណុចបឹងរលួស ភូមិពង្រ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។
នគរបាលស្រុកពញាឮ បានរៀបរាប់ថា “សង្វេកពន់ពេក.ហរទ័យភាំងស្លុត.ម្តាយឯណាមិនស្រណោះ?ព្រឹក ថ្ងៃ នៅជាមួយគ្នាសោះ! ចន្លោះភ្លេចស្ងួន. តែមួយប៉ព្រិចភ្លែក. ។ ពុក ម៉ែ បង ប្អូន បើមានកូនតូច បាត់ភ្លាមឆាប់រក . មិនត្រូវទុកចោល អោយឆ្ងាយពីភ្នែក.
ស្រះ បឹង ពាង ធុង ព្រីភ្លើង. របស់មុតស្រួច ភេសជ្ជៈ ឱសថ សោរឡាន ម៉ូតូ ក្មេងឆ្លាត រពិស កុំប្រហែស”។
ជនរងគ្រោះចំនួន៣នាក់(ស្លាប់)៖ ១ ឈ្មោះអេង ស៊ាងលី ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស។ ២ ឈ្មោះអុល សត្យា ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស។ ៣ ឈ្មោះជួប តុលា ភេទប្រុស អាយុ១១ឆ្នាំ មុខរបរសិស្ស ជនរងគ្រោះទាំងបីនាក់ មានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នគរបាលបានបញ្ជាក់ពីសភាពរឿងហេតុ៖ នៅថ្ងៃ ខែ ឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ
ក្មេងប្រុសទាំងបីនាក់ បាននាំគ្នាជិះកង់ទៅរាវគ្រុំ នៅក្នុងទឹកបឹងរលួស ស្ថិតនៅក្នុងភូមិសាស្ត្រភូមិពង្រ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ ដោយបានបាត់កូនយូរពេក ឪពុកម្តាយបាននាំគ្នាដើររកកូនរបស់ខ្លួន ប៉ុន្តែរកពុំឃើញ។ លុះរហូតដល់វេលាម៉ោង១៦និង៤០នាទី ឪពុកម្តាយ បាននាំបងប្អូន និងអ្នកនៅជិតខាងដើរ រកកូនម្ដងទៀត នៅតែមិនឃើញ ក្នុងខណៈពេលនោះឪពុកជនរងគ្រោះ និងអ្នកជិតខាងបាននាំគ្នា ចុះទៅរាវរកជនរងគ្រោះ នៅក្នុងទឹកបឹងរលួស រួចហើយបានប្រទះឃើញ ជនរងគ្រោះទាំងបីនាក់នោះ លង់ទឹកស្លាប់តែម្តង។ បន្ទាប់មកក្រុមគ្រួសារ បានយកសពទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖កូឡាប