Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំងឺ​ដំបៅ​ក្រពះ អាចធ្វើ​ឲ្យ​បាត់បង់​អាយុជីវិត ប្រសិនបើ​មិនបាន​ទទួល​ការព្យាបាល​ទាន់ពេលវេលា​

​ភ្នំពេញ ៖ ជំងឺ​ដំបៅ​ក្រពះ ជា​ជំងឺ​នៃ​ការបាត់​នូវ​ស្រទាប់​កោសិកា​នៃ​ក្រពះ ហើយ​ភាគច្រើន​កើត​ទៅលើ​ប្រជាជន​ក្រីក្រ និង​ការបរិភោគ​អាហារ​មិន​ទៀងទាត់​។​ជំងឺ​នេះ វា​បណ្ដាលមកពី​ការបាត់​លំនឹង នៃ​ស្រទាប់​ការពារ​នៃ​ក្រពះ និង​ការបញ្ចេញ​នូវ​អាស៊ីត​ក្រពះ​។ ជំងឺ​នេះ​អាចធ្វើអោយ​អ្នកជំងឺ​សម្រាក​ពេទ្យ មិនអាច​ធ្វើការ​ងារ​បា​ន និង​អាចធ្វើឲ្យ​បាត់បង់​អាយុជីវិត​។

​បើ​យោងតាម​មន្ទីរពេទ្យ​កាល់ម៉ែ​ត មាន​មូលហេតុ​ចម្បង​២ ដែល​អាចឲ្យ​មាន​ដំបៅ​ក្រពះ​៖
​ទី​១) មេរោគ​ក្រពះ ដែលមាន​ច្រើន​ទៅលើ​ប្រទេស​ក្រីក្រ និង​ប្រទេស​កំពុង​អភិវឌ្ឍ ដោយ​ប្រទេស​ទាំងនេះ ភាព​មាន​អនាម័យ នៅមានកម្រិត​នៅឡើយ ដែល​អាច​ឆ្លង​មេរោគ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្សម្នា​ក់បាន​។ ពេលដែល​អ្នកជំងឺ​បរិភោគ​អាហារ ដែលមាន​មេរោគ​នេះ ចូលទៅក្នុង​ក្រពះ មេរោគ​នោះ នឹង​ទំ​នៅលើ​កោសិកា​ក្រពះ បន្ទាប់​មកវា​ធ្វើឲ្យមាន​ការបញ្ចេញ នូវ​អាស៊ីត​ក្រពះ​ជាច្រើន និង​ធ្វើឲ្យ​មានការ​រលាក​ក្រពះ ដែល​យូរៗ​ទៅ ធ្វើឲ្យមាន​ជា​ដំបៅ​ក្រពះ ហើយ​បើ​មិនមាន​ការព្យាបាល​ឲ្យបាន​ត្រឹមត្រូវ​ទេនោះ វា​អាច​បង្កអោយមាន​ជំងឺមហារីក​ក្រពះ​។​

ទី​២) ការប្រើ​ថ្នាំ​ឈឺសន្លាក់ ដោយ​មិនមាន​វេជ្ជបញ្ជា​ត្រឹមត្រូវ អាចធ្វើឲ្យ​មាន​បញ្ហា​ដំបៅ​ក្រពះ ព្រោះថ្នាំ​នេះ​ធ្វើឲ្យស្រទាប់​ការពារ កោសិកា​ក្រពះ​ថយចុះ ដែល​អាចឲ្យ​អាស៊ីត​ក្រពះ បំផ្លាញ​នូវ​ស្រទាប់​កោសិកា​របស់​ក្រពះ​។ បើ​អ្នកជំងឺ​ដំបៅ​ក្រពះ នៅតែ​បន្ត​ប្រើ​ថ្នាំ​នេះ​ទៀត នឹង​អាចធ្វើឲ្យ​មានការ​ហូរ​ឈាម​ក្រពះ ឬ​ធ្លាយ​ក្រពះ ដែល​អាចធ្វើឲ្យ​អ្នកជំងឺ​បាត់បង់​ជីវិត បើ​មិនបាន​ព្យាបាល​ឲ្យបាន​ត្រឹមត្រូវ​។​

ចំពោះ​រោគសញ្ញា​វិញ​, ជាទូទៅ​ជំងឺ​នេះ​ស្តែងចេញ​នូវ​អាកា​រ​ដូចជា ៖ ឈឺចាប់​ពោះ​ផ្នែក​ចុងដង្ហើម ឬ​ផ្នែក​ខាងស្តាំ​ខាងលើ​, ឈឺចាប់​នៅ​ផ្នែក​ខាង​ខ្នង ឬ​បោះដៃផុត​, ឈឺ​នៅពេល​ឃ្លាន ហើយ​ថយ​ការឈឺចាប់ ពេល​ទទួលទាន​អាហារ​រួចហើយ​, អាច​មានការ​ក្អួតចង្អោរ​
​និង​មាន​អារម្មណ៍​ថា ពិបាក​ក្នុង​ការរំលាយ​អាហារ​។​

ផលវិបាក​នៃ​ជំងឺ​ដំបៅ​ក្រពះ មាន​២​ធំៗ​៖

ទី​១.​ការ​ហូរឈាម​ក្រពះ​ ៖ ស្តែងឡើង​ដោយមាន​ការ​ក្អួត​ឈាម​, បន្ទោ​បង់​លាមក​មាន​ឈាមខ្មៅ ស្លេកស្លាំង វិលមុខ ។​ល​។ ក្នុងករណីនេះ អ្នកជំងឺ​ត្រូវ​បញ្ជូនមក​មន្ទីរពេទ្យ​ជាបន្ទាន់ ដើម្បី​ឃាត់ឈាម​ដែល​ហូរ តាមរយៈ​ការឆ្លុះ​ក្រពះ ហើយ​ប្រើ​ថ្នាំ និង​បញ្ចូល​ឈាម​ឲ្យបាន​ត្រឹមត្រូវ​។​

ទី​២. ការ​ធ្លាយ​ក្រពះ​៖ អ្នកជំងឺ​មាន​អាកា​រ​ដូចជា ឈឺចាប់​ខ្លាំង អត់​បន្ទោ​បង់ ពេល​ស្ទាប​ពោះ​មាន​សភា​ពរឹង​ដូច​ឈើ​។ អ្នកជំងឺ​ត្រូវ​មក​មន្ទីរពេទ្យ​ជាបន្ទាន់ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យបាន​ត្រឹមត្រូវ​ជាមុន នឹងធ្វើ​ការវះកាត់​ជាបន្ទាន់ ព្រោះ​អ្នកជំងឺ​អាច​ស្លាប់​ភ្លាមៗ បើ​មិនបាន​ព្យាបាល​ឲ្យបាន​ត្រឹមត្រូវ និង​ទាន់ពេលវេលា​នោះទេ​៕ដោយ៖CEN


×