ភ្នំពេញ៖ ក្រុមហ៊ុន ធី អ អ៊ី (TRE) និងគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីទប់ស្កាត់ផលិតផលក្លែងក្លាយ ដូចជា អាល់កុលលាងដៃ ជែល និងម៉ាសជាដើម ដែលកំពុងឆ្លៀតឱកាសគេងចំណេញក្នុងកាលៈទេសៈនៃជំងឺកូវីដ១៩។
លោកស្រី តែ ស៊ូ អេង អគ្គនាយិកា ក្រុមហ៊ុន ធី អ អ៊ី (TRE) បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះគឺជាឱកាសដែលក្រុមហ៊ុនរបស់លោកស្រី អាចរួមចំណែកជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្នុងការការពារ នូវសុខភាព និងសុវត្ថិភាពសង្គមជាតិ ជាពិសេសលុបបំបាត់ និងទប់ស្កាត់នូវការចរាចរលក់ផលិតផលក្លែងក្លាយ និងផលិតផលដែលមានការត្រួតពិនិត្យគុណភាព ឲ្យបានត្រឹមត្រូវដែលបង្កឲ្យមានគ្រោះថ្នាក់ និងហានិភ័យខ្ពស់ដល់សុខភាព។
នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានលើកឡើងថា ការរាលដាលនៃជំងឺកូវីដ១៩ ក្នុងសកលលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងជួបមានករណីជំងឺនេះ ហើយដែលស្ថិតក្នុង ស្ថានភាពដ៏ពិបាកនេះ ក៏មានជនខិលខូចមួយចំនួនបានលួចនាំចូល និងចែកចាយនូវឧបករណ៍បរិក្ខារពេទ្យ អាល់កុល ជែល និងសារធាតុសម្លាប់មេរោគ ដែលគ្មានប្រភពច្បាស់លាស់ គ្មានគុណភាពគ្រប់គ្រាន់ ដោយពុំទានទទួលបានលិខិតអនុញ្ញាត ពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចនៅឡើយទេ។
ឯកឧត្តម ថ្លែងថា សកម្មភាពនេះ គឺជាអំពើខុសច្បាប់ ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ជនខិលខូចមួយចំនួនបានលួចនាំចូល និងចែកចាយនូវឧបករណ៍បរិក្ខាពេទ្យ ដើម្បីចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានគិតពីគ្រោះថ្នាក់សុខភាពប្រជាជន និងសង្គមជាតិ ហើយជារឿយៗត្រូវបានបង្ក្រាប និងរឹបអូសយកទៅកម្ទេចចោល ផលិតផលក្លែងក្លាយទាំងនោះជាបន្តបន្ទាប់ ដោយសារតែទីតាំងនេះលក់ថ្នាំខូចសុពលភាព, ខុសស្ដង់ដារ, ជិតខូចសុពលភាព និងថ្នាំដឹកក្រោមកម្ដៅ៣០ដឺក្រេ ធ្វើឲ្យខូចគុណភាពថ្នាំ៕ដោយ៖សម្ផស្ស