នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានប្រកាសនៅថ្ងៃសុក្រម្សិលមិញថា រដ្ឋាភិបាលនឹងផ្តល់ទឹកប្រាក់លើកទឹកចិត្តចំនួន ៩៣០ដុល្លាទៅដល់ពលរដ្ឋម្នាក់ៗ ខណៈដែលវិធានការរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់វីរុសកូរ៉ូណា បានប៉ះពាល់ដល់សេដ្ឋកិច្ចជប៉ុន យ៉ាងខ្លាំង។
នៅក្នុងសន្និសីទតាមទូរទស្សន៍ លោកថ្លែងថា “ពួកយើងកំពុងធ្វើកិច្ចការ យ៉ាងលឿនដើម្បីផ្តល់ប្រាក់ ទៅដល់ប្រជាជនទាំងអស់”។ លោកទើបតែបានប្រកាស ដាក់ប្រទេសក្នុងគ្រោះអាសន្ន កាលពីពេលថ្មីៗនេះ។
ដំបូងឡើយ រដ្ឋាភិបាលជប៉ុន មានគម្រោងផ្តល់ទឹកប្រាក់ដូចខាងលើចំនួន ៣ដង ទៅដល់គ្រួសារទាំងឡាយណា ដែលមានប្រាក់ចំណូលធ្លាក់ចុះ ដោយសារវីរុសកូរ៉ូណា ប៉ុន្តែគម្រោងនោះ ត្រូវបានបោះបង់ចោលវិញ ហើយលោក Shinzo Abe បានធ្វើការសុំទោសចំពោះការភាន់ច្រឡំ។
សូមបញ្ជាក់ថា ជប៉ុនត្រូវបានគេមើលឃើញថា មានការទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណាបានល្អ ខណៈដែលប្រទេសមហាអំណាចសេដ្ឋកិច្ចទី ៣ លើលោកនេះ មានការផ្ទុះវីរុស មុនប្រទេសនៅតំបន់អឺរុប ប៉ុន្តែរហូតមកដល់ពេលនេះ មានអ្នកឆ្លងជាង ៩.០០០ករណីប៉ុណ្ណោះ និងមានអ្នកស្លាប់ត្រឹម ១៥៤នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia