ភ្នំពេញ៖ បញ្ហាឈឺថ្កាត់នៅពេលយប់ព្រលប់ តែងកើតមានឡើងដោយមិនអាចចៀសផុត ជាពិសេសគឺជំងឺឈឺចុកចាប់ ណែនទ្រូង ហេវហត់អស់កម្លាំង ឈឺក្បាល វិលមុខ ចុករួយសរសៃ និងរបួសស្នាមជាដើម។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត គួច ម៉េងលី នៅលើបណ្តាញសង្គម MJQ University Press កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់ថា ប្រសិនបើមានបញ្ហាឈឺថ្កាត់នៅពេលយប់ព្រលប់បែបនេះ នឹងបង្កឱ្យមានផលលំបាកយ៉ាងខ្លាំងដល់សមាជិកក្នុងគ្រួសារ ព្រោះថា ចំពោះអ្នកនៅតាមទីជនបទមួយចំនួន គ្មានគ្រូពេទ្យនៅក្បែរផ្ទះនោះទេ ហើយប្រសិនបើមាន ពេលយើងទៅគោះទ្វារហៅគ្រូពេទ្យ ក៏គ្រូពេទ្យមិនងាយនឹងក្រោកឡើងលក់ថ្នាំឱ្យយើងដែរ។
លោកវេជ្ជបណ្ឌិត បានថ្លែងថា ដូច្នេះគ្រប់ក្រុមគ្រួសារទាំងអស់ ជាពិសេសគ្រួសារនៅតាមតំបន់ដាច់ស្រយាល គួរតែមានថ្នាំនិងបរិក្ខារពេទ្យមួយចំនួន ត្រៀមទុកក្នុងផ្ទះជាប្រចាំដូចជា៖
ទី១ ថ្នាំអាស្ពីរីន៖ មានមុខងារជួយកាត់បន្ថយការឈឺចុកចាប់ និងអាការៈណែនដើមទ្រូង។ ថ្នាំនេះ ក្រោយពេលលេបហើយមានប្រសិទ្ធភាពភ្លាមៗ ប៉ុន្តែវានឹងធ្វើឱ្យប៉ះពាល់ដល់ក្រពះ ប្រសិនបើយើងប្រើប្រាស់មិនបានត្រឹមត្រូវ។ នៅស្រុកគេ គេញ៉ាំថ្នាំអាស្ពីរីននេះជាប្រចាំ ព្រោះវាជួយឱ្យឈាមរាវ កាត់បន្ថយការកកស្ទះសរសៃឈាម ឬគាំងបេះដូងជាដើម។
ទី២ ថ្នាំក្រហម៖ គឺមានមុខងារយ៉ាងមានប្រសិទ្ធភាពបំផុតនៅពេលយើងមានរបួសស្នាមឬដំបៅ ដោយយើងគ្រាន់តែយកវាមកលាបលើមុខរបួសឬដំបៅនោះ បន្ទាប់មកយកបង់រុំរបួសមករុំពីលើជាការស្រេច។
ទី៣ ថ្នាំ B-Complex៖ ជាប្រភេទថ្នាំម្យ៉ាងដែលសម្បូរទៅដោយវីតាមីន រួមមានវីតាមីន B, B1, B2, B6 និង B12 ដែលអាចជួយដល់សរសៃខួរក្បាលរបស់យើង ធ្វើឱ្យយើងមិនសូវហត់ ធ្វើអ្វីក៏មិនសូវអស់កម្លាំង មិនសូវគិតច្រើន ខួរក្បាលត្រជាក់ គេងលក់ស្រួល និងធ្វើឱ្យឈាមយើងដើរស្រួល ម្យ៉ាងក៏ធ្វើឱ្យក្មេងរៀនពូកែ និងឆ្លាតវាងវៃផងដែរ។
ទី៤ ថ្នាំជាតិដែក៖ វាជាប្រភេទថ្នាំដែលមានមុខងារច្រើនយ៉ាង ហើយមិនត្រឹមតែស្ត្រីទេដែលអាចលេបបាន សូម្បីបុរសក៏អាចលេបថ្នាំនេះបានដែរ ដ្បិតអីវាជួយឱ្យយើងមានសុខភាពល្អ។ ថ្នាំនេះ បើយើងលេបក្នុងមួយថ្ងៃពីរបីគ្រាប់នៅពេលបាយរួច នោះវានឹងធ្វើឱ្យយើងមានសុខភាពល្អ លែងងងឹតមុខ លែងវិល លែងចុកខ្នង លែងចុកចង្កេះ ហើយបើចំពោះបុរសគាត់ធ្វើការមានកម្លាំងជាងមុន លែងរសេះរសោះដៃជើង គេងលក់ស្រួល ខួរក្បាលស្រឡះល្អ ចំណែកស្រីៗមកថ្ងៃខែ (មករដូវ) ក៏ទៀងទាត់ រីឯក្មេងៗក៏រៀនចេះជាងមុនដែរ។
ទី៥. វ៉ាសេលីន (Vaseline)៖ ជាថ្នាំផ្សះត្រូវគ្រប់រោគលើស្បែក ដែលគួរមាននៅក្នុងផ្ទះជាប្រចាំ។ និយាយទៅ វ៉ាសេលីន អាចជួយដោះស្រាយបញ្ហាបានច្រើន ជាពិសេសមានប្រសិទ្ធភាពចំពោះស្នាមប្រេះនឹងកែងជើង និងអ្នកមានស្បែកស្ងួតបែកស្រកា។ ការលាបវ៉ាសេលីនធ្វើឱ្យស្បែកលោកអ្នកមានភាពទន់ល្មឿយក្នុងរយៈពេលដ៏ខ្លី និងមានសំណើមល្អ។
ទី៦. ថ្នាំ Neosporin ឬ Bactrim៖ ជាប្រភេទថ្នាំផ្សះលាបលើដំបៅ ដែលបណ្ដាលមកពីការមុត ដូចជាមុតដៃមុតជើងនឹងកាំបិតជាដើម។
ទី៧. ថ្នាំ Hydrocortisone៖ ប្រើសម្រាប់ព្យាបាលស្បែករោលរមាស់ ស្បែកឡើងកន្ទាលត្រអាក។
ទី៨. ថ្នាំ Paracetamol ឬ Tylenol៖ ជាថ្នាំបំបាត់ការឈឺចាប់ ឈឺក្បាល និងបន្ថយកម្ដៅពេលក្ដៅខ្លួន។
ទី៩. ថ្នាំ Benadryl ឬ Zyrtec៖ ជាប្រភេទថ្នាំលេបបំបាត់អាឡែកហ្ស៊ី រមាស់ ផ្ដាសាយធម្មតា។
ទី១០. ទឹកអាល់កុល៖ ប្រើសម្រាប់លាងរបួសសម្លាប់មេរោគ។
សូមជម្រាបថា ក្រៅពីថ្នាំទាំងនេះ អ្វីដែលត្រូវមាននៅក្នុងផ្ទះចាំបាច់នោះ គឺបង់បិទដំបៅ បង់រុំរបួស សំឡីពេទ្យ និងសម្ភារៈពេទ្យមួយចំនួនទៀត ដូចជាកន្ត្រៃពេទ្យសម្រាប់កាត់បង់រុំរបួសជាដើម។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មុននឹងពិសាថ្នាំប្រភេទណាមួយ ខ្ញុំសូមផ្ដល់ជាយោបល់ថា អ្នកចាំបាច់ត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញជាមុនសិន៕ដោយ៖កូឡាប