ភ្នំពេញៈ នៅថ្ងៃទី០៩ ខែតុលា នេះ គឺជាថ្ងៃដែលតុលាការកំណត់អោយលោក ប៉ាង ងួនទៀង នាយកវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) និងជានាយកមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងលោក មឿន តុលា នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស អតីតគណៈកម្មការរៀបចំបុណ្យសពលោក កែម ឡី ចូលខ្លួនឆ្លើយបំភ្លឺ ពាក់ព័ន្ធករណីលុយបុណ្យសពរបស់លោក កែម ឡី អ្នកវិភាគសង្គម និងនយោបាយ។
តាមដីកាកោះ លោក មឿន តុលា ត្រូវចូលខ្លួនឆ្លើយបំភ្លឺនៅវេលាម៉ោង០៩ព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧។ ប៉ុន្តែមិនបានឃើញវត្តមានលោកមឿន តុលា ចូលខ្លួនមកឆ្លើយបំភ្លឺនោះទេ។ ចំណែកលោកប៉ាង ងួនទៀង ត្រូវចូលបំភ្លឺនៅថ្ងៃទី០៩ ខែតុលា វេលាម៉ោង១០ព្រឹក តែមិនឃើញមានវត្តមាននោះទេ។
លោកប៉ាង ងួនទៀង (រូបថតៈឯកសារ)
លោក មឿន តុលា បានឲ្យដឹងថា លោកអត់បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញនោះទេ ដោយសារតែមិនបានទទួលដីកាកោះ ហើយកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ លោកបានដាក់លិខិតស្នើសុំពន្យាពេលចូលឆ្លើយបំភ្លឺ។
លោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ បានចេញដីកាកោះលោក ប៉ាង ងួនទៀង និងលោក មឿន តុលា ឲ្យចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានី នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ដើម្បីដាកសួរបំភ្លឺអំពីដំណើររឿងពាក់ព័ន្ធបច្ច័យបុណ្យសពលោកបណ្ឌិត កែម ឡី និងបទរំលោភលើទំនុកចិត្ត តាមពាក្យបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។ ចំណែកព្រះតេជគុណ ប៊ុត ប៊ុនតិញ ឲ្យចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានី នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧។
ការចេញដីកាកោះនេះ គឺបន្ទាប់ពីលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ បានដាក់ពាក្យបណ្តឹងប្តឹងលោកប៉ាង ងួនទៀង និងព្រះតេជគុណ ប៊ុត ប៊ុនតិញ អតីតគណៈកម្មការរៀបចំបុណ្យសពលោក កែម ឡី រឿងបាត់លុយបុណ្យសព។ ហើយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ លោក ពេជ្រ ស្រស់ បានចូលទៅឆ្លើយបំភ្លឺពីដំណើររឿងស្វែងរកការពិតលើប្រាក់បច្ច័យ បានមកពីការចូលបុណ្យសព លោកបណ្ឌិត កែម ឡី តាមការកោះហៅរបស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
សូមជ្រាបថា ទាក់ទងបុណ្យសពលោកកែម ឡី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលបុណ្យជាថវិកាចំនួន ១ ម៉ឺនដុល្លារជូនដល់ក្រុមគ្រួសារសពលោក បណ្ឌិត កែម ឡី ក្រោយពីសារព័ត៌មាន រាយការណ៍ថាក្រុមគ្រួសារសពបានខ្វះខាតថវិកាចំនួន ៧៨០០ដុល្លារសម្រាប់ចំណាយទៅលើពិធីបុណ្យខួបមួយឆ្នាំដែលធ្វើឡើងកាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៧ និងបានផ្តល់ថវិកា៥ម៉ឺនដុល្លារ សម្រាប់ធ្វើការសងសង់ចេតេយ្យលោកកែ ឡី៕ដោយៈ មុនីរាជ
លោកមឿន តុលា (រូបថតៈឯកសារ)