បន្ទាយមានជ័យ៖ ខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ និងសំណង់សាធារណៈ អស់ជាង៣៧០ខ្នង នៅស្រុកថ្មពួក និងស្រុកម៉ាឡៃ ក្នុងខេត្តបន្ទាយមានជ័យ កាលពីល្ងាចនិងយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ប៉ុន្តែ ពុំរងរបួសឬស្លាប់មនុស្សសត្វដែរ ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ នៅម៉ោង៥ទៅម៉ោង៧យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅស្រុកថ្មពួក មានភ្លៀងមួយមេធំ លាយឡំជាមួយខ្សល់កន្ត្រាក់បក់បោកយ៉ាងខ្លាំង។ ក្នុងនោះបង្កឲ្យខូចខាតផ្ទះសម្បែងពលរដ្ឋចំនួន១០៥ខ្នង នៅឃុំថ្មពួក គំរូនិងគោករមៀត ។ សំណង់ខូចខាតនោះក៏មានសំណង់សាធារណៈរបស់អាជ្ញាធរ អប់រំនិងនគរបាលផងដែរ ។
ចំណែកលោកអែម សុខា អភិបាលស្រុកម៉ាឡៃ បានប្រាប់ថា ៖ នៅវេលាដំណាលខាងលើដែរ ខ្យល់កន្ត្រាក់ធ្វើឲ្យខូចខាតផ្ទះពលរដ្ឋចំនួន២៦៥ខ្នងនៅស្រុកម៉ាឡៃ ។ ទោះយ៉ាងណា គ្រោះធម្មជាតិខ្សល់កន្ត្រាក់នេះ មិនបង្កគ្រោះថ្នាក់មនុស្ស សត្វឡើយ ។
បន្ទាប់ពីគ្រោះធម្មជាតិ គឺភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់ស្ងប់ កងកម្លាំងសមត្ថកិច្ចនគរបាល យោធា កងរាជអាវុធហត្ថ និងមន្ត្រីអាជ្ញាធរមូលដ្ឋាន បានជួយរៀបចំទុកដាក់ សម្រួលទីជម្រកជូនពលរដ្ឋរងគ្រោះ រៀបចំគ្រឿងផ្ទះដែលខូចខាតឲ្យមានរបៀបរៀបរយឡើងវិញ។
លុះព្រឹកថ្ងៃទី២៤ខែមេសា តទៅ មានកងកម្លាំងខាងលើ និងមន្ត្រីមូលដ្ឋានត្រូវសម្រុកចេញទៅជួយជួសជុល គឺដូចដែលបានធ្វើកាលពីខែមីនា ដើមខែមេសា និងរាល់លើកនៃរាល់ឆ្នាំដែរ ៕ដោយ ៖ បន្ទាយ