នាយប់ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១៧ ស្ត្រីម្នាក់ឈ្មោះ Lijinxing របស់នៅទីក្រុងចេងឌូ ខេត្តស៊ីឈួន ប្រទេសចិន បានបង្ហោះព័ត៌មានឡើងបណ្តាញសង្គមសុំជំនួយពីប៉ូលិសខណៈពេលនាងកំពុងអង្គុយលើឡានក្រុង និងពិនិត្យឃើញទង្វើរបស់មនុស្សម្នាក់អង្គុយកៅអីខាងមុខខ្លួន គួរឲ្យសង្ស័យពន់ពេក ។
ហេតុការណ៍លំអិតគឺ ៖ យប់នោះ Lijinxing បានឡើងឡានក្រុងលេខ២ ដើម្បីត្រឡប់មកផ្ទះដូចធម្មតា ។ ពេលឡានក្រុងឆ្លងផុតស្ថានីយ៍ ២-៣ ក៏ឃើញមានបុរសជនជាតិម្នាក់ពរក្មេងប្រុសឡើងជិះរថយន្តនេះដែរ តាមទូក្រោយ និងមានអាកប្បកិរិយាចម្លែក។
ក្មេងប្រុសនោះវិញឃើញភ្នែកឡើងហើមព្រោះវាយំ ខណៈពេលបុរសនោះចូលអង្គុយលើកៅអី យ៉ាងស្ងៀមស្ងាត់ និងពុំឃើញមានទិញសំបុត្រឡានផង ។ គ្រាន់តែឡើងលើឡានក្មេងប្រុសតូចនោះ បានស្រែកយំពុំឈប់ តែបុរសនោះពុំបានលួងលោមអ្វីទាំងអស់ ហើយថែមទាំងយកដៃទះខ្នងក្មេងនោះខ្លាំងៗ ២-៣ដៃថែមទៀត ។
ក្មេងប្រុសស្រែកយំ តែបុរសនេះពុំលួងបែរជាទះខ្នងវាខ្លាំងៗ
រថយន្តក្រុងនេះ តែបើកបរឆ្ពោះទៅមុខ អំឡុងពេលនោះបុរសនេះនិយាយភាសាជនជាតិ១ម៉ាត់គត់ ។ ម្យ៉ាងទៀតស្ត្រីរូបនេះ សង្កេតឃើញវាមេឃខែនេះវាចាប់ផ្តើមត្រជាក់ តែក្មេងប្រុសស្លៀកតែខោខ្លី និងអាវស្តើង១ប៉ុណ្ណោះ ចំណែកបុរសនោះវិញពុំឃើញមានយកតាមរបស់របរសម្រាប់ក្មេងៗឡើយ ។ នាងក៏ចាប់ផ្តើមសង្ស័យថា តើបុរសនេះពិតជាសាច់ញាតិរបស់ក្មេងប្រុសមែនដែរឬទេ ?
អ្នកដំណើរដទៃទៀត ក៏ចាប់អារម្មណ៍ដែរ តែគេពុំរវល់ ។ នាងបំរុងទូរស័ព្ទទៅប៉ូលិសតែក្នុងឡានពេលនោះមានមនុស្សតិច អាចធ្វើឲ្យជនសង្ស័យរត់បាត់ ។ នាងក៏ថតរូបខ្លះៗបង្ហោះឡើងបណ្តាញសង្គមៗសុំឲ្យប៉ូលិសជួយ ។
នាងលួចថតរូបបង្ហោះឡើងបណ្តាញសង្គមសុំឲ្យប៉ូលិសជួយ
ខណៈពេលនោះនៅសល់២ស្ថានីយ៍ទៀតគឺដល់ទីចុងក្រោយហើយ ហើយចៃដន្យទូរស័ព្ទរបស់នាងអស់ថ្ម ។ ដល់ស្ថានីយ៍បន្ទាប់ភ្លាមនាងចុះពីលើរថយន្តរីឯបុរសនោះបន្តដំណើរទៅស្ថានីយ៍ចុងក្រោយ ។ នាងទូរស័ព្ទទៅប៉ូលិស រួចប្រញាប់ត្រឡប់ទៅផ្ទះដើម្បីសាកថ្មទូរស័ព្ទ ។
២ម៉ោងក្រោយប៉ូលិសបានទូរស័ព្ទមកប្រាប់នាងថា គេបានឃាត់ខ្លួនបុរសនោះហើយ ហើយវាពិតជាជនជួញដូរក្មេងមែន ។ អ្នកផ្ទះរបស់ក្មេងប្រុសបានទូរស័ព្ទមកអរគុណពុំឈប់ឈរ តែនាងគ្រាន់តែឆ្លើយថា ៖ “រកឃើញគឺល្អហើយ ហើយអរគុណអ្នកទាំងអស់!” ៕