មនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិត និង ១៨នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកដាក់បង្កៃលើម៉ូតូ ក្នុងផ្សារមួយកន្លែង ស្ថិតក្នុងខេត្ត យ៉ាឡា ភាគខាងត្បូងប្រទេសថៃ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រុមសន្តិសុខផ្ទៃក្នុង។
អ្នកនាំពាក្យដដែលបញ្ជាក់ថា “ឧក្រិដ្ឋជនបានដាក់បង្កៃគ្រាប់បែកនៅលើម៉ូតូ រួចដាក់វានៅក្បែររទេះក្បែរផ្សារ ហើយកំលាំងផ្ទុះរបស់គ្រាប់បែកបណ្តាលឲ្យមនុស្ស ៣នាក់បាត់បង់ជីវិត”។
រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាចេះមុខអះអាងថាជាទំនួលខុសត្រូវរបស់ពួកគេឡើយ នៅក្នុងការវាយប្រហារដែលកើតឡើងនៅថ្ងៃច័ន្ទនេះ។
សូមបញ្ជាក់ផងដែរថា ខេត្តចំនួន ៣របស់ថៃ គឺខេត្ត Narathiwat ខេត្ត Pattani និងខេត្ត Yala ដែលស្ថិតនៅភាគខាងត្បូងគឺជាតំបន់ដែលមានជនជាតិភាគតិចម៉ាឡេកាន់សាសនាអ៊ីស្លាម រស់នៅហើយក្រុមនេះ បានប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលថៃ ដើម្បីបង្កើតតំបន់ឯករាជ្យ ដែលអំពើហឹង្សាបានបណ្តាលឲ្យមនុស្សច្រើនជាង ៦.០០០នាក់ស្លាប់ ចាប់តាំងពីឆ្នាំ ២០០៤មក៕ សុភ័ក្ត្រ