មនុស្សស្ទើរតែគ្រប់រូប មិនថាវ័យក្មេង វ័យជំទង់ វ័យកណ្ដាល ឬវ័យចំណាស់នោះទេ តែងតែឧស្សាហ៍ហូរឈាមច្រមុះជាញឹកញាប់។ នោះក៏ព្រោះតែច្រមុះមនុស្សមានរន្ធពីរ ខណ្ឌចែកដោយរនាំងឆ្អឹងខ្ចី។ នៅត្រង់ឆ្អឹងខ្ចីជាប់នឹងចុងច្រមុះ គឺជាកន្លែងសើមជាប់ជានិច្ច និងជាទីជួបគ្នានៃពពួកសរសៃឈាមតូចៗ ដែលងាយនឹងដាច់ចេញឈាមណាស់។ នេះជាប្រសាសន៍ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលបានផ្សព្វផ្សាយ លើផេកហ្វេសប៊ុក MJQ University Press នៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០នេះ។
លោក វេជ្ជបណ្ឌិត គួច ម៉េងលី បានថ្លែងថា ចំណុចប្រសព្វរវាងចុងច្រមុះនិងរនាំងឆ្អឹងខ្ចីនេះ ពិតជាងាយទទួលរងផលប៉ះទង្គិចនិងធ្លាយចេញឈាមខ្លាំងភ្លាមៗ គ្រាន់តែតឹងសរសៃឈាម ឬគ្រាន់តែលូកកូនដៃកេះខូងក្នុងច្រមុះធ្ងន់ដៃបន្តិចក៏ឈាមច្រមុះដែរ។ ជាពិសេសនៅពេលមានអាកាសធាតុក្តៅខ្លាំង ផ្ទៃមុខឡើងក្រហម សរសៃឈាមចាប់ផ្តើមរីក និងបើមានកណ្តាស់តែមួយឆែត នោះច្បាស់ណាស់នឹងធ្លាយសរសៃឈាម បណ្តាលឱ្យចេញឈាមតាមច្រមុះភ្លាមតែម្ដង។ ប៉ុន្តែយ៉ាងណាក៏ដោយ យើងអាចជួយទប់ស្កាត់បានមួយផ្នែកតូចកុំឱ្យងាយដាច់សរសៃឈាមច្រមុះ ដោយយើងគ្រាន់តែយកវ៉ាសេលីនមកលាបក្នុងរន្ធច្រមុះ ព្រោះវាធ្វើឱ្យច្រមុះយើងមានសំណើម។
តើយើងត្រូវព្រួយបារម្ភអំពីការហូរឈាមច្រមុះដែរទេ?
ការហូរឈាមច្រមុះធម្មតាមិនបង្កឱ្យមានបញ្ហាធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភឡើយ ហើយយើងអាចបញ្ឈប់វាកុំឱ្យហូរដោយវិធីងាយៗប្រកបដោយប្រសិទ្ធភាពបំផុត។ ពោល នៅពេលហូរឈាមច្រមុះយើងមិនត្រូវងើយក្បាលទៅក្រោយដូចការណែនាំរបស់ចាស់ជំនាន់មុនទេ ព្រោះវិធីនេះពុំអាចបញ្ឈប់ឈាមមិនឱ្យឈប់ហូរបានឡើយ។ បើយើងធ្វើបែបនេះ ក្នុងករណីហូរឈាមច្រើនអាចនឹងហូរចូលទៅតាមផ្លូវដង្ហើមឬផ្លូវអាហារ ដែលបង្កទៅជាផលអាក្រក់បំផុត ប្រសិនបើឈាមនោះហូរចូលទៅក្នុងសួតមិនមែនចូលទៅក្នុងក្រពះ។ អ្វីដែលយើងត្រូវធ្វើបន្ទាប់គឺ ត្រូវរក្សាភាពស្ងប់ស្ងាត់ ដើម្បីបញ្ចុះសម្ពាធឈាមឬចៀសវាងកុំឱ្យមានសម្ពាធឈាមឡើង ព្រោះបើសម្ពាធឈាមឡើងគួរតែបញ្ចុះឈាមសិន ទើបបញ្ឈប់ការហូរឈាមនោះ។ បន្ទាប់មកទៀត យើងត្រូវរក្សាជំហរ ឱនក្បាលទៅមុខបន្តិច ហើយញើសសម្បោរបញ្ចេញកំណកដុំឈាមតូចៗឱ្យឆាប់បំផុត។ ភ្លាមនោះដែរយើងត្រូវច្របាច់ច្រមុះភ្ជិតរន្ធទាំងពីរឱ្យបានយ៉ាងតិច១០ទៅ១៥នាទី ដើម្បីបំបិទរន្ធសរសៃឈាម ពេលនោះឈាមនឹងឈប់ហូរហើយ។
វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា ដោយឡែក ប្រសិនបើច្រមុះយើងហូរឈាមច្រើនឬហូរមិនឈប់ យើងគួរតែព្រួយបារម្ភ និងប្រញាប់ទៅព្យាបាលនៅមន្ទីពេទ្យ។ ព្រោះបើយើងដំអក់ទុកយូរមិនប្រញាប់ទៅព្យាបាលទេ គឺនឹងធ្វើឱ្យយើងបាត់បង់ឈាមច្រើន។ ការហូរឈាមច្រមុះច្រើន ភាគច្រើនកើតលើអ្នករលាកច្រមុះឬអាឡែកហ្ស៊ីច្រមុះរ៉ាំរ៉ៃ អ្នកទទួលទានថ្នាំពង្រាវឈាមជាប្រចាំ (ថ្នាំអាស្ពីរីន ឬ Aspirin) អ្នកហិតកូកាអ៊ីន (Cocaine) អ្នកកើតផ្ដាសាយរ៉ាំរ៉ៃ និង ២០% នៃស្ត្រីមានផ្ទៃពោះ ដែលភាគច្រើនងាយនឹងហូរឈាមច្រមុះណាស់។ ចំពោះអ្នកពុំធ្លាប់មានប្រវត្តិជំងឺដូចដែលបានរៀបរាប់នេះ តែហូរឈាមច្រមុះជោកជាំ ឬហូរច្រើនម្ដងហើយម្ដងទៀត វាជាសញ្ញាដែលគួរតែប្រុងប្រយ័ត្នដែរ ព្រោះសញ្ញានេះបញ្ជាក់ថាមានជំងឺនៅក្នុងច្រមុះ ពោលគឺអាចកើតមានដុំពកដុះនៅត្រង់ច្រមុះ ឬមហារីកច្រមុះ។ មួយវិញទៀត ប្រសិនបើមានការប៉ះទង្គិចនៅក្បាល គ្មានប៉ះពាល់ត្រូវផ្នែកច្រមុះសោះ តែបែរជាបន្តិចក្រោយមកមានឈាមហូរចេញតាមរន្ធច្រមុះ ឬជាវត្ថុរាវជាសភាពថ្លាៗជាងឈាមធម្មតា យើងត្រូវតែរួសរាន់បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះវាជាគ្រោះថ្នាក់ក្បាលដ៏ធ្ងន់ធ្ងរ។
“ខ្ញុំសូមរំលឹកឡើងវិញថា ប្រសិនបើមានអាការៈហូរឈាមច្រមុះ យើងត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់ថា តើវាបណ្ដាលមកពីអ្វី? បើហូរឈាមដោយសារយើងយកកូនដៃទៅកេះច្រមុះ ឬមានអ្វីប៉ះទង្គិចជាមួយនឹងច្រមុះ គឺពុំចាំបាច់ព្រួយបារម្ភឬបញ្ជូនអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យនោះទេ។ ប៉ុន្តែ បើអ្នកជំងឺហូរឈាមច្រមុះច្រើនអត់បាត់ ឬហូរដោយសារមានការប៉ះទង្គិចក្បាលដោយគ្មានការប៉ះទង្គិចច្រមុះ ឬក៏បង្កឡើងដោយដុំពកដុះនៅត្រង់ច្រមុះ ឬមហារីកច្រមុះ យើងត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យឯកទេសជាបន្ទាន់” លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ៕ដោយ៖កូឡាប