Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេជ្ជបណ្ឌិត គួច ម៉េង​លី ៖ ឈ្វេងយល់​ពី​ជំងឺ​ទឹកនោមផ្អែម​

​ភ្នំពេញ​៖ លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក នី​ថ្ងៃទី​២៨​មេសា​ថា ទឹកនោមផ្អែម គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​បង្កឡើង​ដោយ​ការ​ញ៉ាំ​អាហារ​ដែលមាន​ជាតិ​ខ្លាញ់ ជាតិ​ប្រៃ និង​ជាតិ​ស្ករ​ច្រើន​លើស​កម្រិត ការរស់នៅ​ស្រួល​ពេក​អត់​បាន​បញ្ចេញ​កម្លាំង​ពលកម្ម​ឬ​អត់​បាន​ហាត់ប្រាណ ម្យ៉ាង​ជំងឺ​នេះ​ក៏​កើតឡើង​ពី​កត្តា​តំណពូជ​ផងដែរ​។​

​លោក​ថា ជំងឺ​ទឹកនោមផ្អែម​មាន​៣​ប្រភេទ​គឺ​ ​ប្រភេទ​ទី​១៖ កើតឡើង​តាំងពី​កំណើត​មកម្ល៉េះ ឬ​អាច​និយាយបានថា គឺជា​ប្រភេទ​ជំងឺ​តំណពូជ ហើយ​ភាគច្រើន​វា​កើត​ចំពោះ​កុមារ និង​មនុ​ស្សវ័យ​ជំទង់​។ ទឹកនោមផ្អែម​ប្រភេទ​ទី​១ បើ​កើតមាន​លើ​នរណា​ហើយ គឺ​ត្រូវ​ព្យាបាល​និង​តាមដាន​ពេញ​មួយជីវិត​។ យើង​អាច​ព្យាបាល​ជំងឺ​នេះ​តាមរយៈ​ការចាក់​អាំង​ស៊ូ​លីន ការគ្រប់គ្រង​របប​អាហារ ការធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ និង​ការតាមដាន​កម្រិត​ជាតិ​ស្ករ​មុន​និង​ក្រោយពេល​ញ៉ាំ​អាហារ​ជាប្រចាំ​។ អ្នក​កើត​ជំងឺ​នេះ​នឹងមាន​ផលវិបាក​ដូចជា ខូច​តម្រងនោម ខូច​ភ្នែក ខូច​ប្រព័ន្ធ​ប្រសាទ​បញ្ជា និង​ធ្វើឱ្យ​ស្ទះ​សរសៃឈាម​បេះដូង ដាច់​សរសៃឈាម​ខួរក្បាល និង​ដំបៅ​ជើង​ជាដើម​។

​ប្រភេទ​ទី​២៖ វា​កើតឡើង​ដោយសារ​បែបបទ​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​ម្នាក់ៗ ពោលគឺ​ការ​អត់​សូវ​ហាត់ប្រាណ ញ៉ាំ​អាហារ​ដែល​គ្មាន​ជាតិ​សរសៃ​ហ្វៃ​ប៊័រ ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ ជាតិ​ស្ករ ជាតិ​អំបិល អាហារ​វេច​ខ្ចប់ អាហារ​កំប៉ុង នំ​ផ្អែម ភេសជ្ជៈ​ផ្អែម និង​អាហារ​កែច្នៃ​មួយចំនួនទៀត​។ នៅពេល​យើង​មិនសូវ​ហាត់ប្រាណ ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់ ជាតិ​អំបិល និង​ជាតិ​ស្ករ​ច្រើន​ជាដើម​នោះ គឺ​នឹង​ធ្វើឱ្យ​ស្ទះ​រន្ធ​ខ្យល់ និង​ស្ទះ​សរសៃឈាម​។ ប្រសិនបើ​ស្ទះ​រន្ធ​ខ្យល់ និង​សរសៃឈាម ពេលនោះ​អាំង​ស៊ូ​លីន (Insulin) នឹង​មិនអាច​បញ្ជូន​ជាតិ​ស្ករ​ទៅក្នុង​កោសិកា បេះដូង សាច់ដុំ និង​ខួរក្បាល​បានទេ ដូច្នេះ​នឹងធ្វើ​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​។ នៅពេល​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង ខណៈ​អាំង​ស៊ូ​លីន (Insulin) មិនបាន​ប​ញ្ជូ​ល​ជាតិ​ស្ករ​ទៅ​ចិញ្ចឹម​កោសិកា បេះដូង សាច់ដុំ​… វា​ក៏​ហៀរ​ចូលក្នុង​ខួរក្បាល ដែល​ធ្វើឱ្យ​យើង​ស្ពឹក​សរសៃ ដំបៅ​ជើង ក្ដៅខ្លួន ងងឹតភ្នែក ខូច​ថ្លើម ក្រ​ពេះ ក្រលៀន បេះដូង ស្លាប់​មួយ​ចំហៀង​ខ្លួន និង​នាំឱ្យ​អ្នកជំងឺ​កើត​ជំងឺផ្លូវចិត្ត​ធ្ងន់ធ្ងរ​។ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​នេះ ភាគច្រើន​លេច​រោគសញ្ញា​ឡើង​នៅពេល​អ្នកជំងឺ​មាន​អាយុ​ចាប់ពី​៤៥​ឆ្នាំ​ឡើង​។ ប្រសិនបើ​កើត​ហើយ គឺ​ត្រូវការ​ព្យាបាល​និង​តាមដាន​ពេញ​មួយជីវិត ដូច​ទឹកនោមផ្អែម​ប្រភេទ​ទី​១​ដែរ​។ ជាងនេះទៅទៀត យើង​ត្រូវ​ការចំណាយ​ថវិកា​ច្រើន​ខ្លាំងណាស់​សម្រាប់​ទិញ​ថ្នាំលេប ហើយ​នៅតែ​មិនអាច​ជាសះស្បើយ​ទៀតផង​។

​លោក​វេជ្ជបណ្ឌិត បាន​បន្តថា ​ដើម្បី​បង្ការ​កុំឱ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​នេះ យើង​ត្រូវធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ញឹកញាប់ ពិសា​អាហារ​ដែល​មិន​ប្រៃ​ពេក មិន​ផ្អែម​ពេក និង​មិន​សម្បូរ​ជាតិ​ខ្លាញ់​ពេក​។ ប៉ុន្តែ​វា​ហាក់​ពិបាកធ្វើ​អ៊ីចឹង​បានដែរ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ភាគច្រើន​និយម​ញ៉ាំ​អាហារ​ផ្អែម ប្រៃ និង​ខ្លាញ់​។ កាល​ខ្ញុំ​មក​ស្រុក​ខ្មែរ​ដំបូង​ក្នុង​ឆ្នាំ​២០០២ ពេល​ខ្ញុំ​ញ៉ាំ​គុយទាវ ញ៉ាំ​បាយ​តាម​ហាង ខ្ញុំ​ស្មានតែ​ជា​បង្អែម ព្រោះ​វា​ផ្អែម​ជ្រុល​ពេក​។ ម្ហូបអាហារ​ផ្អែម​ម្ល៉ឹងៗ​ហើយ ស្រាប់តែ​គាត់​ម្នាក់​អង្គុយ​ក្បែរ​ខ្ញុំ ថែម​ស្ករ​ពីរ​ស្លាបព្រា​ទៀត​ក្នុង​សម្ល​គាត់ ហើយ​គាត់​សុំ​ទឹក​ខ្លាញ់​ដែល​គេ​ចៀន​សាច់ យកមក​ស្រោច​ពីលើ​បាយ​គាត់​ទៀត​។ ខ្ញុំ​គិតក្នុងចិត្ត​ថា អី​ក៏មាន​រូបមន្ត​ល្អ​ម្ល៉េះ​? នេះ​ជា​រូបមន្ត​ធ្វើឱ្យ​ឆាប់​ស្លាប់​ដោយសារ​ជំងឺ​ទឹកនោមផ្អែម​ទេតើ​ហ្នឹង​! ថ្ងៃមុន​នោះ ខ្ញុំ​មើល​ព័ត៌មាន​តាម​ទូរទស្សន៍​ឃើញ​ក្មេង​ម្នាក់​អាយុ​តែ​១០​ឆ្នាំ​ប៉ុណ្ណោះ គាត់​មាន​ទម្ងន់​រហូតដល់​៩៩​គីឡូក្រាម​។ គាត់​លើស​ជាតិ​ស្ករ​ក្នុង​ខ្លួន​រហូតដល់​ខ្វាក់ភ្នែក​។ ម្ង៉ៃៗ​គាត់​មើល​តែ​កុន លេង​តែ​ហ្គេម លេង​តែ​កុំព្យូទ័រ ហើយ​ចូលចិត្ត​ញ៉ាំ​មាន់​។ ក្នុង​មួយឆ្នាំ​ក្មេង​ម្នាក់​ហ្នឹង​ញ៉ាំ​មាន់​អស់​រាប់ពាន់​ក្បាល​។ គាត់​ញ៉ាំ​ច្រើនពេក បូករួម​គាត់​អត់​ដែល​ហាត់ប្រាណ អត់​ដែល​បញ្ចេញ​កម្លាំង​ពលកម្ម អត់​សូវ​ពិសា​ទឹក ម្លោះ​ហើយ​ធ្វើឱ្យ​គាត់​ឡើង​ជាតិ​ស្ករ​រហូតដល់​ខ្វាក់ភ្នែក​។ អ៊ីចឹង​យើង​ត្រូវ​រឹត​ត្បឹ​ត​រឿង​ញ៉ាំ​ចុក​និង​ការរស់នៅ​ប្រចាំថ្ងៃ​ឱ្យ​មែនទែន បើ​មិន​ចង់​ស្លាប់​ដោយសារ​ជំងឺ​ទឹកនោមផ្អែម​នេះ​ទេ​។​

​ប្រភេទ​ទី​៣៖ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​៣ វា​កើតឡើង​កំលុងពេល​ស្ត្រី​ពពោះ ហើយ​វា​នឹង​បាត់​ទៅវិញ​ក្រោយពេល​សម្រាលកូន​រួច​។ ក៏ប៉ុន្តែ​ទៅ​ថ្ងៃក្រោយ​ស្ត្រី​ដែល​ធ្លាប់​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​៣​នេះ នឹង​ប្រឈម​ការកើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ខ្ពស់បំផុត​។ ម្យ៉ាង​វា​បង្កបញ្ហា​ប៉ះទង្គិច​ដល់​សុខភាព​ទារក​ក្នុង​ផ្ទៃ​ធ្ងន់ធ្ងរ​ណាស់ដែរ ជួនកាល​អាច​បាត់បង់​ជីវិត​ទារក​ទៀត​ក៏មាន​។ មិនតែប៉ុណ្ណោះ សូម្បី​ស្ត្រី​ជា​ម្ដាយ​ក៏​ប្រឈម​នឹង​គ្រោះថ្នាក់​សម្បើម​ណាស់ដែរ​នៅពេល​សម្រាលកូន​ដោយ​ការវះកាត់​។ មួយទៀត​នោះ ប្រសិនបើ​ស្ត្រី​ធ្លាប់​កើត​ជំងឺ​ទឹកនោមផ្អែម​កំលុងពេល​គាត់​ពពោះ​ម្ដង​ហើយ នៅ​កំលុងពេល​ពពោះ​លើក​ក្រោយៗ​ទៀត គាត់​ងាយ​នឹង​ប្រឈម​ជំងឺ​នេះ​ទៀត​ខ្លាំងណាស់​។

​សូមជម្រាបថា អ្នកជំងឺ​ទឹកនោមផ្អែម​តែងមាន​រោគសញ្ញា​ដូចជា​៖
– នោម​ញឹក​
– ស្រេកទឹក​ខ្លាំង​
– ឃ្លាន​ខ្លាំង​
– ឡើង​ទម្ងន់​
– ស្រក​ទម្ងន់​ខុសពី​ធម្មតា​
– ទឹកនោម​មាន​ក្លិន​ផ្អែម​
– គ្មាន​កម្លាំង ឆាប់​ហត់​
– ដំបៅ​ក្នុង​មាត់​ញឹកញាប់ និង​មាន​ដំបៅ​មិន​ងាយ​ជា​
– ហឹ​ង​ត្រចៀក ព្រិល​ឬ​ស្រវាំងភ្នែក
– ស្ពឹក​ជើង​

បើតាម​ប្រសាសន៍​ឧកញ៉ា​វេជ្ជបណ្ឌិត​គួច ម៉េង​លី ៖ ​ខ្ញុំ​សូមបញ្ជាក់ថា ដើម្បី​ដឹងថា​ខ្លួន​មាន​កើត​ជំងឺ​ទឹកនោមផ្អែម​ឬ​អត់ សូម​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប​ទៅធ្វើ​តេស្ដ​រក​ជំងឺ​ទឹកនោមផ្អែម​ឱ្យបាន​១​ដង​ក្នុង​រយៈពេល​៦​ខែ ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​៤៥​ឆ្នាំ​ឡើងទៅ បើទោះបីជា​គ្មាន​រោគសញ្ញា​ដូចដែល​ខ្ញុំ​បាន​រៀបរាប់​ជូន​ខាងលើ​ក៏ដោយ ព្រោះ​វ័យ​នេះ​ប្រឈម​នឹង​កើត​ជំងឺ​ទឹកនោមផ្អែម​ខ្ពស់​ខ្លាំងណាស់​។ ប្រសិនបើ​យើង​មិន​ទៅធ្វើ​តេស្ត​រក​ជំងឺ​ទឹកនោមផ្អែម​ទេ ដោយ​បណ្ដោយ​ទុកឱ្យ​ជំងឺ​នេះ​វិ​វត្ត​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ឬ​ដំណាក់កាល​ចុងក្រោយ នោះ​ពិបាក​ព្យាបាល​ខ្លាំងណាស់​។

​ខ្ញុំ​សូម​រំលឹក​ម្ដង​ទៀតថា ដើម្បី​បង្ការ​ជំងឺ​ទឹកនោមផ្អែម​យើង​ត្រូវ​ឧស្សាហ៍​ហាត់ប្រាណ​ឱ្យបាន​ញឹកញាប់ ពិសា​ទឹក​ឱ្យបាន​ច្រើន ធ្វើ​សកម្មភាព​ឱ្យបាន​ច្រើន កុំ​ពិសា​អាហារ​ដែលមាន​ជាតិ​ប្រៃ ផ្អែម និង​មាន​ខ្លាញ់​ច្រើន​។ ពិសេស​យើង​គួរ​ពិសា​បន្លែ ផ្លែឈើ​ស្រស់ៗ​ឱ្យបាន​ច្រើន​ផងដែរ​។ ម្យ៉ាង​បើសិនជា​អាច យើង​គួរតែ​ពិសា​បាយ​អង្ករសម្រូប ព្រោះ​វា​មាន​ជាតិ​សរសៃ​ហ្វៃ​ប៊័រ ដែល​ជួយ​ដល់​សុខភាព​យើង​បាន​ច្រើន​មែនទែន​៕​

ដោយ​៖​កូ​ឡាប​

×