Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមអាជីវករ​សំណូមពរ​ដល់​មន្ត្រី​អាជ្ញាធរ​ជួយ​ពិនិត្យមើល​គំនរ​សម្រាម​នៅក្នុង​ផ្សារ​ ​សាលា​លេខ​៥​ផង ពីព្រោះ​ថៅកែ​ផ្សារ​លែង​ខ្វល់​ហើយ​

កំពង់ឆ្នាំង ៖ ក្រុមអាជីវករ​ដែល​កំ​ពុង​លក់ដូរ​នៅក្នុង​ផ្សារ​សាលា​លេខ​៥ និង ប្រជា ពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ផ្សារ​មួយ​នេះ​បាន​សំដែង​នូវ​ការមិន​សម្បាយ​ចិត្ត​និង​បាន​សំណូមពរ​ដល់​មន្ត្រី​អាជ្ញាធរ​ព្រមទាំង​មន្ត្រី​នៃ​អង្គភាព​ពាក់ព័ន្ធ​មេត្តាជួយ​ពិនិត្យមើល​និង​មាន​វិធានការ​ចំពោះ​គំនរ​សម្រាម​ដែល​គេ​គរ​ទុកចោល​យូរថ្ងៃ​ស្អុយរលួយ​ជះក្លិន​មិនល្អ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ នៅក្នុង​ផ្សារ​មួយ​នេះ​ផង​។​

​ផ្សារ​សាលា​លេខ​៥​ជា​ផ្សារ​ដ៏​ធំ​បង្គួរ​មួយ​មាន​ទីតាំង​ស្ថិត​ជាប់​នឹង​ផ្លូវជាតិ​លេខ​៥ ក្នុង​​ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។​
​ក្រុម​អា​ជីករ និង ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​និយាយ​អោយដឹងថា សព្វថ្ងៃនេះ​ថៅកែ​ផ្សារ​បាន​ដើរ​ប្រមូល​លុយ​ភាស៊ី​រាល់ថ្ងៃ​ខ្វះ​តែមួយ​រៀល​មិនបាន​ផង ហើយ​យក​លើស​សៀវភៅ​បន្ទុក​ទៅទៀត ប៉ុន្តែ​បញ្ហា​សម្រាម​វិញ​ពួកគេ​មិនដែល​ខ្វល់​ឡើយ ។ គំនរ​សម្រាម​ត្រូវបាន​គេ​គរ​ទុកចោល​យូរថ្ងៃ​គរ​ដូច​ភ្នំ ត្រូវ​ទឹក​ត្រូវ​ថ្ងៃ​រលួយ​ស្អុយ​ជះក្លិន​មិនល្អ​បង្ករ​ការប៉ះពាល់​ដល់​ការរស់នៅ​និង​សុខភាព​របស់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង ។​

​ប្រភព​បាន​អោយដឹងទៀតថា មួយអាទិត្យ​ទៅ​២​អាទិត្យ ទើប​ឃើញ​គេ​មក​ដឹកយក​ចេញ​ម្តង ប៉ុន្តែ​មិនដែល​ដឹក​ចេញ​អស់​ឡើយ គឺ​យកចេញ​តែ​ខាងលើ​ខ្លះៗ​តែប៉ុណ្ណោះ​។​នៅ​ជុំ វិញ​ផ្សារ​មាន​ផ្លូវ​បេតុង​ស្អាត ប៉ុន្តែ​ត្រូវបាន​គេ​យក​សម្រាម​ទៅ​គរ​លើផ្លូវ​បេតុង​នោះ រក​ផ្លូវ​ដើរ​មិនឃើញ​ទៀតផង​។ រីឯ​បន្ទប់ទឹក​សារ​ធា​រណៈ​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់ ក៏ត្រូវ​ថៅ ផ្សារ​នេះ​បិទ​មិន​អោយប្រើ​ដែរ ។

​ក្រុមអាជីវករ និង ប្រជាពលរដ្ឋ​នៅ​ទីនោះ បាន​សំណូមពរ​អោយ​លោក វណ្ណ លៀង​ហាក់ ដែលជា​ថៅ​ផ្សារ​នេះ​ត្រូវ​ប្រមូល​សម្រាម​ចេញ​រាល់ថ្ងៃ​អោយអស់​ពី​ផ្សារ មិនត្រូវ​គរ​ទុកចោល​ដូច​ភ្នំ ដូច្នេះ​ឡើយនិង​ត្រូវ​បើក​បន្ទប់ទឹក​សាធារណៈ​អោយ​ក្រុមអាជីវករ​និង​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជាធម្មតា​ឡើងវិញ ។ ហើយ​ក៏បាន​សំណូមពរ​ផងដែរ​ដល់​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​នៃ​អង្គភាព​ពាក់ព័ន្ធ មេត្តាជួយ​ពិនិត្យមើល​និង​មាន​វិធានការ​ចំពោះ​បញ្ហា​នេះ​ផង ។​

លោក​វណ្ណ លៀង​ហាក់​ថៅកែ​ផ្សារ​សាលា​លេខ​៥ ដែល​កំពុង​ទទួលរង​នូវ​ការរិះគន់ ពាក់ព័ន្ធ​នឹង​បញ្ហា​សម្រាម​និង​អនាម័យ​នេះ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​នៅឡើយ​ទេ​នៅថ្ងៃនេះ ។ ប៉ុន្តែ​មន្ត្រី​សាលាស្រុក​កំពង់ត្រឡាច​ម្នាក់​បានបញ្ជាក់​ថា អាជ្ញាធរ​ស្រុក​ធ្លាប់បាន​ហៅ​អ្នកម៉ៅការ​ភាស៊ី​ផ្សារ​នេះ​គឺ​លោក វណ្ណ លៀង​ហាក់ មក​ប្រាប់​៣-៤​ដង​ហើយពី​បញ្ហា​សម្រាម តែ​គេ​ហាក់​មិន​អើពើ​ឡើយ ៕​ដោយ​៖​ចៅ សន​

×