ភ្នំពេញ៖សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាបាន ចុះពិនិត្យដំណើរការសាងសង់ស្ថានីយ៍បូមទឹកបុរី១០០ខ្នង និងជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកម្មករនៅបម្រើការដ្ឋាននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ ។
ក្នុងឱកាសនោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានណែនាំឲ្យលោក សាំ ពិសិដ្ឋ ជម្រុញការស្ថាបនាស្ថានីយទាំងនេះឲ្យបានលឿន ដើម្បីអាចបូមរំដោះទឹកឲ្យបានទាន់នៅក្នុងរដូវវស្សាខាងមុខនេះ។សម្តេចប្រធានព្រឹទ្ធសភាក៏បានលើកទឹកចិត្តដល់ក្រុមអ្នបច្ចេកទេសសាងសង់និងកម្មករសាងសង់ស្ថានីយ៍បូមទឹកខាងលើនិងកោតសរសើរចំពោះស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់ក្នុងការងារដឹកនាំការដ្ឋានដែលកន្លងមកបានយកចិត្តទុកដាក់ក្នុងការងារដើម្បីឱ្យសាងសង់បានលឿនទាន់រដូវវស្សារំដោះទឹកចេញពីក្នុងទៅក្រៅក្រុងកាត់បន្ថយការលិចលង់ក្នុងតំបន់ខាងលើជួយបន្ថយការលំបាករបស់ប្រជាពលរដ្ឋ។
ពាក់ព័ន្ធការងារសាងសង់ស្ថានីយ៍បូមទឹកបូរី១០០ខ្នងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ថានីយ៍បូមទឹកបុរី១០០ខ្នងនេះ មានសមត្ថភាពបូមទឹក១ម៉ឺនម៉ែត្រគូប ក្នុង១ម៉ោង ឬស្មើ២,៧៨ម៉ែត្រ ក្នុង១វិនាទី។ លោកបន្តថា ៖ គម្រោងនេះ នឹងដោះស្រាយបញ្ហាទឹកលិចនៅតំបន់បុរី១០០ខ្នង ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងពីតំបន់រងទឹកភ្លៀងពីផ្លូវសហព័ន្ឋរុស្ស៊ី ផ្លូវហាណូយ ផ្លូវរថភ្លើង និងផ្លូវ៥៩៨ ពិសេសតំបន់ជុំវិញ។ លោកប្រធានបញ្ជាក់ទៀតថា៖ កន្លងមកតំបន់នេះ បានរងនូវទឹកភ្លៀងជន់លិចធ្ងន់ធ្ងរណាស់។ លោកប្រធានមន្ទីរបានបញ្ជាក់ថា៖ក្រោយស្ថាបនារួច នឹងដាក់ឲ្យប្រើប្រាស់ស្ថានីយ៍បូមទឹកបុរី១០០ខ្នង តំបន់នេះលែងលិចលង់ទៀតហើយ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា៖ ស្ថានីយ៍បូមទឹកបុរី១០០ខ្នងនេះ បំពាក់ម៉ូទ័រចំនួន៣គ្រឿង ដែលក្នុងនោះ មានទំហំ៦តឹកមួយគ្រឿង និង៥តឹក២គ្រឿង។ ដោយការសាងសង់បញ្ចប់ និងដាក់ឲ្យដំណើរការ នៅខែមិថុនា ឆ្នាំ២០១៨នេះ៕ ដោយ៖កូឡាប