ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដូចជានគរបាល កងរាជអាវុធហត្ថ និងទាហាន នឹងត្រូវរងការផាកពិន័យលើសពីប្រជាពលរដ្ឋ ប្រសិនបើពួកគេបំពានច្បាប់ចរាចរណ៍ផ្លូវគោកនោះ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំផ្សព្វផ្សាយវិធានការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន លើកឡើងថា ចំពោះការរឹតបន្តឹង និងផាកពិន័យលើកងកម្លាំងប្រដាប់គ្រប់ប្រភេទលើសពីប្រជាពលរដ្ឋទូទៅ ដោយសារតែកងកម្លាំងសមត្ថកិច្ចត្រូវតែបង្ហាញពីការអនុវត្តខ្ពស់ និងជាគំរូដល់ប្រជាពលរដ្ឋ ដើម្បីឱ្យការអនុវត្តនៃច្បាប់ចរាចរណ៍ផ្លូវគោកកាន់តែទទួលបាននូវប្រសិទ្ធភាពបន្ថែមទៀតនោះ។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់ថា ប្រសិនបៀពុំមានការផាកពិន័យ ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបំពានច្បាប់ចរាចរណ៍ផ្លូវគោកនោះទេ នឹងជះឥទ្ធិពលមិនល្អ ចំពោះប្រជាពលរដ្ឋដែលកំពុងអនុវត្តត្រឹមត្រូវទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក។
បន្ថែមពីនេះទៀត នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវបន្តការអនុវត្តច្បាប់ចរាចរណ៍ ដើម្បីជំរុញឱ្យកម្ពុជាឆ្លើយតបពីហានិភ័យ នៃគ្រោះថ្នាក់ចរាចរណ៍ និងមានសុវត្ថិភាពខ្ពស់ក្នុងពេលធ្វើដំណើរនៅតាមផ្លូវសាធារណៈ។
យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ:បានបង្ហាញថា ក្នុងរយៈពេល ១០ថ្ងៃនៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មានយានយន្ត ១៨.៤៦០គ្រឿង ក្នុងនោះ មាន ម៉ូតូ ចំនួន ១៤.៦០៣ គ្រឿង និង រថយន្ដ ចំនួន ៤.៨៤៧ គ្រឿងក្នុងនោះអំពើល្មើសភាគច្រើន អត់មួកសុវត្ថិភាព , អត់កញ្ចក់ និងជិះបញ្ជ្រាសជាដើម ។ ដោយឡែកសម្រាប់អ្នកបើករថយន្ដ អំពើ ល្មើសរួមមាន មិនពាក់ខ្សែក្រវ៉ាត់ , ល្មើសល្បឿន , ពុំមានប័ណ្ណបើកបរ, ដឹកលើសចំណុះ , និងផ្ទុកទំនិញលើសការកំណត់ផងដែរ៕ដោយ៖CEN