ភ្នំពេញ៖សមត្ថកិច្ចចុះឆែកឆេរលំនៅដ្ឋានពាក់ព័ន្ធករណី លួចយកម៉ូតូ រកឃើញម៉ូតូ ៨គ្រឿង និងស្លាកលេខ១៨បន្ទះ។ ជាមួយនឹងករណីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ឧសភា ២០២០ បានប្រកាសព័ត៌មានថា បេីបងប្អូនប្រជាពលរដ្ឋ ដែលបានបាត់ម៉ូតូ និងស្លាកលេខ ដូចក្នុងរូបភាពខាងក្រោម សូមទំនាក់ទំនងមកការិយាល័យព្រហ្មទណ្ឌស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះឆែកឆេរលំនៅដ្ឋានផ្ទះលេខ ២២០ B ផ្លូវលេខ៦៣ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទី ដោយបានការឯកភាពពីលោក ប្លង់ សុផល និង លោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រកឃើញចំនួនម៉ូតូ៨គ្រឿង និងស្លាកលេខ១៨បន្ទះ។
តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ផ្ទះមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូ១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HM 3515 ) របស់ជនរងគ្រោះឈ្មោះ ថុល ប៊ុនធឿន ភេទប្រុស កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០និង១៥នាទី នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្នុងការឆែកឆេរសមត្ថកិច្ច បានចាប់យកវត្ថុតាងមួយចំនួនរួមមាន ៖ ម៉ូតូចំនួន៨គ្រឿង (ម៉ាកសេ១២៥ចំនួន០៦គ្រឿង ក្នុងនោះ របស់ជនរងគ្រោះឈ្មោះ ថុល ប៊ុនធឿន ចំនួន០១គ្រឿង, ម៉ាកធូដេចំនួន០១គ្រឿង ,ម៉ាកស៊ុបភឺគប់ចំនួន០១គ្រឿង), ស្លាកលេខម៉ូតូចំនួន១៨បន្ទះ , ឧបករណ៍សម្រាប់កាច់សោកម៉ូតូចំនួន១, សោសម្រាប់ដោះគ្រឿងបន្លាស់ម៉ូតូមួយចំនួន និង ឯកសារមួយចំនួនទៀត ។
ចំពោះវត្ថុតាងចាប់យកខាងលើ បានប្រគល់ឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកយកទៅចាត់ការបន្តតាមនីតិវិធី៕
ដោយ៖កូឡាប