ភ្នំពេញ៖លោកសាស្ដ្រាចារ្យ Francois DABIS នាយកអង្គការ ANRS ក្នុងកិច្ចជំនួបជាមួយរដ្ឋមន្រី្ដក្រសួងសុខាភិបាល បានបញ្ជាក់ថា ANRS នឹងបន្ដជួយក្នុងកិច្ចការស្រាវជ្រាវជំងឺអេដស៍ ឲ្យបានជោគជ័យ ក្នុងទិសដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២០ និងជួយថែទាំ និងព្យាបាលអ្នកជំងឺរលាកថ្លើមប្រភេទ C ។
ក្នុងជំនួបជាមួយលោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង និងលោកសាស្ដ្រាចារ្យ Francois DABIS កាលពីថ្ងៃទី២៤ខែមករា នាទីស្ដីការក្រសួងសុខាភិបាល។
លោកសាស្ដ្រាចារ្យ Francois DABIS បានថ្លែងថា កម្ពុជាមានការរីកចម្រើនជាច្រើន ទាំងគុណភាពសេវាព្យាបាលជំងឺ ធនធានមនុស្សលើការព្យាបាល និងការស្រាវជ្រាវខ្មែរជំនាន់ក្រោយ ដែលឃើញពូកែច្រើន ទាំងក្នុងការប្រើប្រាស់ទិន្ន័យសិក្សាស្រាវជ្រាវ អនុវត្ដន៍ជាកម្មវិធី ក្នុងការទប់ស្កាត់ជំងឺអេដស៍នៅកម្ពុជាឲ្យជាដាច់១០០% តែម្ដង ដោយពេលមិនទាន់មានថ្នាំណាដែលអាចព្យាបាលជំងឺអេដស៍នេះ ឲ្យជាសះស្បើយនៅឡើយទេ។ លោកបន្តថា ថ្មីៗនេះ កម្ពុជាបានទទួលជយលាភីជាប្រទេសមួយ ក្នុងចំណោម៧ប្រទេស ដែលបានសម្រេចជោគជ័យនូវគោលដៅ ប្រយុទ្ធនឹងជំងឺអេដស៍ក្នុងទិសដៅ ៩០-៩០-៩០ ។
លោកម៉ម ប៊ុនហេង បានថ្លែងថា ភាគីបារាំងបានជួយគាំទ្រ និងឧបត្ថម្ភកន្លងមក ពិសេសផ្ដល់ការបណ្ដុះបណ្ដាល និងថវិកាដល់និស្សិត បន្ដសិក្សានៅប្រទេសបារាំង រហូតដល់កម្រិតបណ្ឌិត និងផ្ដល់ថវិកាដល់ការអនុវត្ដន៍គម្រោងស្រាវជ្រាវនៅកម្ពុជា តាំងពីឆ្នាំ២០០៤មក ហើយមកទល់នឹងបច្ចុប្បន្ននេះ គឺ ANRS បានជួយក្នុងវិស័យសុខាភិបាលជាង៣០គម្រោងហើយ។
ឆ្លើយតបតាមសំណើរបស់លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឲ្យភាគីបារាំងបន្ដការគាំទ្រ និងបណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ក្រោយ លើការងារស្រាវជ្រាវ និងព្យាបាលអ្នកជំងឺនៅកម្ពុជានោះ នាយកអង្គការ ANRS នឹងជួយបន្ថែមទៀតទាំងថវិកា ក្នុងការស្រាវជ្រាវ ទាំងបញ្ជូនអ្នកបច្ចេកទេសសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលមនុស្សជំនាន់ក្រោយ ឲ្យសម្រេចជោគជ័យ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នេះ ក្នុងទិសដៅ៩៥-៩៥-៩៥ នៅឆ្នាំ២០២០ ។
សូមបញ្ជាក់ថា ទិសដៅ ៩៥-៩៥-៩៥ គឺមាន៖ ដំណាក់កាលទី១៖ ត្រូវកំណត់ចំនួនអ្នកផ្ទុកមេរោគអេដស៍ ក្នុងប្រទេសឲ្យបាន៩៥% នៃចំនួនអ្នកផ្ទុកមេរោគអេដស៍សរុប។ ដំណាក់កាលទី២៖ ត្រូវព្យាបាលអ្នកផ្ទុកមេរោគអេដស៍ឲ្យបាន៩៥% នៃចំនួនអ្នកផ្ទុកមេរោគអេដស៍ ដែលបានរកឃើញខាងលើ។ ដំណាក់កាលទី៣៖ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ ដែលទទួលបានការព្យាបាលខាងលើ រដ្ឋត្រូវសម្រេចឲ្យបានលទ្ធផល ៩៥% ដែលពិនិត្យមើលទៅសឹងតែគ្មានកំហាប់ នៃមេរោគអេដស៍ ក្នុងរាង្គកាយអ្នកផ្ទុក៕ ដោយ៖បញ្ញាស័ក្តិ