ភ្នំពេញ៖ ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ និងបណ្តាញក្រុមហ៊ុនឯកជន ដែលពាក់ព័ន្ធនឹងការងារកាត់ទម្លាក់ខ្សែកាប្លិ៍ ពីលើអាកាសមកចូលបំពង់បណ្តាញក្រោមដី នៅតាមមហាវិថីទាំង៦ខ្សែ អាចមានលទ្ធភាពរៀបចំគម្រោងថវិកា និងបន្តនិរន្តរភាព ក្នុងការសេវាជូនអតិថិជនរបស់ខ្លួន។
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែតុលាឆ្នាំ២០១៧ បានសេចក្តីជូនដំណឹង ស្តីពី ការកែសម្រួលពេលវេលារៀបចំសណ្តាប់ធ្នាប់ខ្សែកាប្លិ៍បណ្តាញអាកាសក្នុងរាជធានីភ្នំពេញ ។ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចធ្វើការកែសម្រួលតា រាងពេលវេលាចុះរៀបចំសណ្តាប់ធ្នាប់ខ្សែកាប្លិ៍ក្នុងជំហានទី២ នៅតាម មហាវិថីព្រះនរោត្តម មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីព្រះមុនីវង្ស មហាវិថីម៉ៅសេទុង មហាវិថីកម្ពុជាក្រោម និងមហាវិថីព្រះសីហនុ។
ក្នុងសេចក្តីជូនដំណឹងនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គ្រប់បណ្តាក្រុមហ៊ុនឯកជន និងអង្គភាពរដ្ឋ ដែលមានខ្សែកាប្លិ៍បណ្តាញអាកាស ត្រូវសហការជាមួយក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ អគ្គិសនីកម្ពុជា ក្រុមហ៊ុនCFOCN ក្រុមហ៊ុនPPCTV និងស្ថាប័នពាក់ព័ន្ធ ដើម្បីកាត់ទម្លាក់ខ្សែកាប្លិ៍បណ្តាញអាកាស និងត្រូវរួសរាន់បញ្ចូលខ្សែកាប្លិ៍របស់ខ្លួនទៅក្នុងបំពង់ក្រោមដី ព្រមទាំងដឹកជញ្ជូនសំណល់ពីការកាត់ទម្លាក់ខ្សែកាប្លិ៍យកទៅទុកដាក់ឲ្យបានរៀបរយ។ ក្នុងករណីដែលបណ្តាប្រតិបត្តិករទូរគមនាគមន៍ទាំងឡាយណា ខកខានមិនបានអនុវត្តន៍ បណ្តាលឲ្យប៉ះពាល់ដល់សោភ័ណភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ត្រូវទទួលខុសត្រូវទាំងស្រុងនូវរាល់ឧបទ្ទវហេតុទាំងឡាយដែលកើតមានឡើង ពីភាពអសកម្មរបស់ខ្លួន។
លោកបានបញ្ជាក់ថា ដើម្បីរក្សាបាននូវ សណ្តាប់ធ្នាប់ របៀបរៀបរយ កាត់បន្ថយជាអតិបរមានូវគ្រោះថ្នាក់ជាយថាហេតុ និងបញ្ចៀសការកកស្ទះចរាចរណ៍ក្នុងតំបន់ការដ្ឋាន នោះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យអ្នកពាក់ព័ន្ធទាំងអស់ ដែលមានបណ្តាញខ្សែកាប្លិ៍ឬកំពុងប្រើប្រាស់ចិញ្ចើមផ្លូវតាមបណ្តាមហាវិថីខាងលើ ត្រូវរួសរាន់រៀបចំរុះរើចេញ និងត្រូវចូលរួមបង្កលក្ខណៈងាយស្រួល ដល់ក្រុមការងារ ដើម្បីឲ្យការអនុវត្តគម្រោងនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលតាមការគ្រោងទុក៕ដោយ៖កូឡាប