ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងកំពុងតែពិនិត្យលទ្ធភាពបើកការិយាល័យប៉ាស្ព័រ ផ្តល់ប៉ាស្ព័រ នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងនៅខេត្កបាត់ដំបង ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលទៅយកប៉ាស្ព័រ ប៉ុន្តែមិនទាន់ដោះស្រាយបានទេ ធ្វើតែមួយជ្រុងដោះស្រាយអត់បានទេ។ បានប៉ាស្ព័រទៅ តែអត់មានទិដ្ឋាការងារ ប្រៀបដូចជាដើរលេងទេសចរណ៍ទេ អស់វីហ្សាត្រឡប់មកវិញដដែល អត់អាចរកការងារបានធ្វើទេ។
ការថ្លែងរបស់សម្តេចក្រឡាហោម បានធ្វើឡើងនៅក្នុងកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីកតិកាសកលទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព ភាពស្របច្បាប់ និងប្រក្រតីភាព កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគារ អីនធើខនធឺណិនថល។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា មិនអាចប្រថុយប្រថាន នៅពេលបានប៉ាស្ព័រទៅធ្វើការងារបានទេ វាត្រូវមានវីហ្សាការងារ ប៉ុន្តែយ៉ាងហោចណាស់ត្រូវបានឯកសារពីរនឹង។ ដូច្នេះបើដាក់ការិយាល័យធ្វើប៉ាស្ព័រ កំណត់មួយថ្ងៃធ្វើឲ្យហើយ គឺនៅបាត់ដំបង និងបន្ទាយមានជ័យ។ ហើយត្រូវផ្សាយអប់រំប្រជាពលរដ្ឋថា ដើម្បីទៅរកការងារធ្វើបាន ត្រូវធ្វើម៉េចខ្លះ ដើម្បីធានាសុវត្ថិភាពជូនពួកគាត់។ ហើយសម្តេចក៏បានបង្កើតឲ្យមានក្រុមសិក្សាមួយដែលមានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រសួងការងារ សិក្សាលើកយោបលល់ដើម្បីឲ្យរដ្ឋាភិបាល ទាក់ទងបញ្ហាធ្វើលិខិតស្នាមឲ្យបប្រជាពលរដ្ឋ។
សម្តេចក្រឡាហោមបានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាចេញទៅធ្វើការនៅបរទេស ត្រឹមត្រូវតាមច្បាប់ហើយ លើកទឹកចិត្តបន្តទៀត ប៉ុន្តែទៅធ្វើការងារមិនត្រឹមត្រូវហើយគេដេញមកវិញ ត្រូវរកវិធីយ៉ាងម៉េចដើម្បីដោះស្រាយ ដើម្បីបញ្ចប់បញ្ហានឹងកុំឲ្យវាមាន។ ហើយប្រជាពលរដ្ឋដែលទៅធ្វើការខុសច្បាប់នៅថៃ មិនមែនទៅតាមច្រកអន្តរជាតិ គឺទៅតាមច្រកលួចលាក់ ច្រករបៀង។ ហើយក្រសួងមហាផ្ទៃបានណែនាំឲ្យខេត្តទាំងអស់ជាប់ព្រំដែនបិទរបៀងទាំងអស់៕ដោយៈ មុនីរាជ