Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារ​ស្រាវជ្រាវនៅ​ស្ថានីយ​ល្អាង​ស្ពាន បង្ហាញ​លទ្ធផលពី​ការធ្វើ​កំណាយ​បុរាណវិទ្យា រយៈពេល​ជាង​មួយ​ទសវត្សរ៍​

​ភ្នំពេញ​៖ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ នៅ​ថ្ងៃទី​២៨​ខែឧសភា ឆ្នាំ​២០២០ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ថា គម្រោង “​បេសកកម្ម​ស្រាវជ្រាវ​បុរេប្រវត្តិសាស្ត្រ​កម្ពុជា​-​បារាំង​” ក្រោម​កិច្ចសហការ​រវាង​ក្រសួង វប្បធម៌​និង​វិចិត្រសិល្បៈ និង​សារមន្ទីរ​ជាតិ​ប្រវត្តិសាស្ត្រ​ធម្មជាតិ នៃ​សាធារណរដ្ឋ​បារាំង បានបង្ហាញ​លទ្ធផល នៃ​កម្មវិធី​ស្រាវជ្រាវ​នៅ​ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​ល្អាង​ស្ពាន ចាប់ពី​ឆ្នាំ​២០០៩​រហូតដល់​សព្វថ្ងៃ​។

​ក្រុមការងារ​ស្រាវជ្រាវ​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ហេង សុ​ផា​ឌី និង​លោក Hubert Forestier សាស្ត្រាចារ្យ​នៃ​សារមន្ទីរ​ជាតិ​ប្រវត្តិសាស្ត្រ​ធម្មជាតិ​បានធ្វើ​កំណាយ​បាន​ចំនួន​១២​លើក​គិត​ចាប់តាំងពី​ឆ្នាំ​២០០៩​មក​។​

​តាមរយៈ​ការស្រាវជ្រាវ​នេះ ក្រុមការងារ​បាន​រក​ឃើញ​សំណល់​ផ្សេងៗ​ដែល​បញ្ជាក់ ពី​សកម្មភាព​និង​ជីវភាព​រស់នៅ​របស់​ក្រុមមនុស្ស ដូចជា​ឧបករណ៍ប្រើប្រាស់​ធ្វើ​ពី​ថ្ម​បំបែក ថ្ម​រំលីង កុលា​ភាជន៍ សំណល់​ឆ្អឹង​សត្វ​ច្រើន​ប្រភេទ សំបកខ្យង គ្រំ គ្រឿង​អ​ល​ង្គ​ការធ្វើ​ពី​ថ្ម និង​ចង្កូម​សត្វ និង​ផ្នូរ​សព​ចំនួន​៦​។

​លទ្ធផល​បឋម​ដែល​បានមកពី​ការសិក្សា​វិភាគ​ទៅលើ​ស្រទាប់ដី រួមជាមួយ​វត្ថុ​ផ្សេងៗ​ប្រមូលបាន​ពី​កំណាយ​នៅ​ស្ថានីយ​ល្អាង​ស្ពាន បង្ហាញ ថា នៅ​ទីនោះ​មាន​សកម្មភាព​របស់​ម​នុស្ស​បី​ដំណាក់កាល​ខុសគ្នា ក្នុង​រយៈពេល​ចន្លោះ​ពី ៧១០០០​ឆ្នាំ ដល់ ៣០០​ឆ្នាំ មុន​សម័យ​បច្ចុប្បន្ន​។​

​វប្បធម៌​បី​សំខាន់​គឺ​៖ ថ្ម​រំលីង វប្បធម៌​ហាវ​ប៊ី​ន​ញៀន និង​វប្បធម៌​ថ្ម​បំបែក​ដែល​ចាស់​ជាង​វប្បធម៌​ហាវ​ប៊ី​ន​ញៀន​។ កាលបរិច្ឆេទ​នៃ​វប្បធម៌​ទាំងបី​ដែល​ទទួលបាន​នាពេលនេះ គឺ​ធ្វើតាម​បច្ចេកទេស​វិភាគ​បែប​វិទ្យាសាស្ត្រ​រួមមាន (​វិទ្យុសកម្ម​កាបូន​១៤, OSL និង U-Th) លើ​ស្រទាប់ដី​ខុសៗ​គ្នា​ចាប់ពី​ផ្ទៃ​ខាងលើ​ដល់​ជម្រៅ​៥​ម៉ែត្រ​។ ក្នុង​ជម្រៅ​ដី​ប្រហែល​៥​ម៉ែត្រ គឺ​បង្ហាញ​ពី​ភស្តុតាង​នៃ​ការ​តាំងទី​របស់​ក្រុមមនុស្ស​សម័យ​ថ្ម​បំបែក ដែលមាន​អាយុ​ប្រហែល​៧១០០០​ឆ្នាំមុន​។ ក្រុមមនុស្ស​នៅក្នុង​សម័យនេះ​គឺជា​ក្រុម​ពនេចរ រស់​ដោយ​ចាប់​សត្វ​និង​ប្រមូល​អនុផល​ព្រៃឈើ​សម្រាប់​ចិញ្ចឹមជីវិត ពួកគេ​យក​ល្អាង​ភ្នំ​ជា​ជម្រក​។

​បន្ទាប់មក​មាន​ក្រុមមនុស្ស​មួយក្រុម​ទៀត ក៏​ជា​ក្រុម​អ្នក​ប្រ​ម៉ាញ់​និង​ប្រមូល​អនុផល​ព្រៃឈើ​ដែរ ហើយ​ជាទូទៅ​អ្នកស្រាវជ្រាវ​ចាត់ទុកជា​ក្រុមមនុស្ស​ស្ថិតក្នុង​វប្បធម៌​មួយ​ឈ្មោះ “​ហាវ​ប៊ី​ញៀន​”​។ មនុស្ស​ក្រុម​នេះ ក៏​ជា​ក្រុម​ពនេចរ ហើយ​ពួកគេ​ក៏​យក​ល្អាង​ភ្នំ​ជា​ជម្រក​ដូច​ក្រុម​មុន​ដែរ​។ ភស្តុតាង​របស់​ក្រុម​នេះ​នៅ​ល្អាង​ស្ពាន គឺ​នៅក្នុង​ស្រទាប់ដី​មាន​អាយុ​ចន្លោះ​ពី​១១០០០​ឆ្នាំមុន​ដល់ ៥០០០​ឆ្នាំមុន​។​

ភស្តុតាង​ទាំងនោះ​រួមមាន​សំណល់​ឆ្អឹង​សត្វ​ច្រើនសន្ធឹក​សន្ធាប់​របស់​ស​ត្វ​ប្រភេទ​ផ្សេងៗ រួមជាមួយ​ឧបករណ៍​ថ្ម​បំបែក​ផលិត​ពី​ដុំ​ក្រួស​យកចេញ​ពី​បាត​ស្ទឹង ដែលជា​លក្ខណៈពិសេសរ​បស់​ឧបករណ៍​ថ្ម​នៃ​វប្បធម៌​ហាវ​ប៊ី​ញៀន​។ វត្ថុ​ទាំងអស់នេះ​ភាគច្រើន​រកឃើញ​ក្នុង​ជម្រៅ​ដី​ចាប់ពី ២៥​សង់ទីម៉ែត្រ​រហូតដល់ ១,២០​ម៉ែត្រ​។ លុះ​ក្រោយមកទៀត មាន​មនុស្ស​មួយក្រុម​ផ្សេងទៀត ដែលជា​ក្រុម​រស់នៅក្នុង​បរិបទ​នៃ​សម័យកាល​មួយ​ថ្មី គេ​ហៅ​ជាទូទៅ​ថា “​សម័យ​ថ្ម​រំលីង​ឬ​នវសិលា​”​។

​មនុស្ស​រស់នៅ​ក្នុងសម័យ​កាល​នេះ គឺជា​សង្គមមនុស្ស​ចេះ​ធ្វើ​កសិកម្ម និង​ផ្សាំ​សត្វ តែ​ក៏​មិន​បោះបង់​ទម្លាប់​បរបាញ់​និង​ប្រមូល​អនុផល​ព្រៃឈើ​ដែរ តែ​ពួកគេ​មិន​រស់នៅក្នុង​ល្អាង​ភ្នំ​ដូច​ក្រុម​មុនៗ​ឡើយ ហើយក៏​មិនមែន​ធ្វើ​ពនេចរ​ដូច​ក្រុម​មុន​ដែរ​។​

មនុស្ស​នៅក្នុង​សម័យ​ថ្ម​រំលីង រស់នៅ​តាម​ទី​ទំនាប​ក្បែរ​មាត់ទឹក មានផ្ទះ​និង​ភូមិករ​អចិន្ត្រៃយ៍ ចេះ ផលិត​កុលាលភាជន៍​និង​ប្រើប្រាស់​ពូថៅ​ថ្ម​រំលីង និង​ឧបករណ៍​ផ្សេងៗ​ទៀត​។ ករណី​នៅ​ល្អាង​ស្ពាន មនុស្ស​នៅក្នុង​សម័យ​ថ្ម​រំលីង បាន​យក​ល្អាង​ភ្នំ​ធ្វើ​ជាទី​បញ្ចុះសព ព្រោះ​យើង​បាន​រកឃើញ​ផ្នូរ​សព​ចំនួន​ប្រាំមួយ ដែល​ផ្នូរ​នីមួយៗ​សុទ្ធ​តែមាន​វត្ថុ​ប្រើប្រាស់​កប់​ជាមួយ ដូចជា​កុលាលភាជន៍ ពូថៅ​ថ្ម និង​ផ្នូរ​ខ្លះទៀត​មាន​គ្រឿងអលង្ការ​ទៀតផង​។ ផ្នូរ​ទាំង​ប្រាំមួយ​ដែល​បាន​រកឃើញ​មាន​អាយុ​ប្រហាក់ប្រហែលគ្នា​គឺ​ចន្លោះ​ពី​៣៣១០​ទៅ​៣៣៥០​ឆ្នាំមុន​៕​

ដោយ​៖​កូ​ឡាប​

×