បន្ទាយមានជ័យ : ករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នៅចំណុចមណ្ឌល៣ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១៩ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះប្រតិបត្តិការដល់ទីតាំងប្រព្រឹត្តបទល្មើស ហើយធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៥នាក់ ។
អាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា ជនសង្ស័ :១- សេរី រតនា ភេទប្រុស អាយុ៣៤ឆ្នាំ ជាម្ចាស់គ្រឿងញៀនដែរក្សាទុក។ ២- ឈ្មោះសួន ភារម្យ ភេទប្រុស អាយុ២៨ឆ្នាំ អ្នកទាំង០២នាក់ស្នាក់នៅមណ្ឌល៣ ភូមិប្រជាធម្មលិច សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៣-. ឈ្មោះ សរ រ៉ាឌី ភេទប្រុស អាយុ២៧ឆ្នាំ។ ៤-ឈ្មោះ សរ ចិន្ដា ភេទប្រុស អាយុ២៩ឆ្នាំ។ អ្នកទាំង០២នាក់ ជាបងប្អូនបង្កើតស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត។ និង៥-ឈ្មោះ សុខ ពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ ជាម្ចាស់គ្រឿងញៀនដែររស់នៅបន្ទប់ជួល ស្ថិតក្នុងភូមិបាលលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់ ដកហូតបានសម្ភារៈ និងវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃចំនួន០៦គ្រឿង, កាំបិតសាំម៉ូរ៉ៃ0២ដើម, គ្រឿងញៀនប្រភេទម៉ាទឹកកកពណ៌សថ្លា ចំនួន១៧កូនថង់តូច, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង និងសម្ភារៈសម្រាប់វិចខ្ចប់គ្រឿងញៀន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ចម្លើយរបស់ ឈ្មោះ សារី រតនា និងឈ្មោះ សុខ ពេជ្រ ថា បានទិញគ្រឿងញៀនពីឈ្មួញដែលមិនស្គាល់ឈ្មោះដើម្បីលក់ចែកចាយបន្តពិតប្រាកដមែន ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕ដោយ :បន្ទាយ