ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានគូសវាសគំរោងព្រាងច្បាប់អន្តោប្រវេសន៍ថ្មី ហើយបើតាមនោះលោកត្រៀមពិនិត្យដល់ការអនុញ្ញាតឲ្យពលរដ្ឋអន្តោប្រវេសន៍ប្រមាណ ១,៨សែននាក់ ជាថ្នូរប្តូរយកការអនុម័តផែនការកសាង “ជញ្ជាំង” ព្រំដែន ជាមួយ Mexico ដែលមានតម្លៃ ២៥ពាន់លានដុល្លារ។
តាម ABC ផែនការរបស់រដ្ឋការប្រធានាធិបតីត្រាំ បានពង្រាងហើយនោះគឺនឹងអនុញ្ញាតទទួលយកជនអន្តោប្រវេសន៍១,៨សែននាក់ ដែលស្ថិតនៅក្នុងប្រភេទ DACA ពោលគឺជនអន្តោប្រវេសន៍ដែលបានចូលមកប្រទេសអាមេរិកតាំងពីនៅតូច ហើយពុំមានលិខិតស្នាមស្របច្បាប់ដើម្បីក្លាយជាពលរដ្ឋអាមេរិកក្នុងចន្លោះ១០-១២ឆ្នាំ។
ជាថ្នូរត្រឡប់មកវិញ ប្រធានាធិបតីត្រាំ ចង់ឲ្យគណបក្សប្រជាធិបតេយ្យទទួលយកផែនការកសាងរបងព្រំដែនជាមួយ Mexico តាមគំរោងត្រូវចំណាយអស់ប្រមាណ ២៥ពាន់លានដុល្លារ។ សេតវិមាន ជំរុញឲ្យព្រឹទ្ធសភាពង្រាងក្រិតច្បាប់យោងតាមផែនការថ្មី ត្រូវបានប្រធានាធិបតីត្រាំ លើកឡើងក្នុងរដ្ឋសភានាឱកាសធ្វើ “សង្គ្រាម” ចរចាថវិកាអំឡុងខែកុម្ភៈខាងមុខនេះ។
សកម្មភាពងាក១៨០ដឺក្រេ ខាងលើ នឹងការយកថ្នូរនឹងច្បាប់អន្តោប្រវេសន៍ ដើម្បីចរចាជាមួយនឹងគណបក្សប្រជាធិបតេយ្យ គឺជាជំហានថយក្រោយរបស់លោកត្រាំ ក្រោយពីរដ្ឋាភិបាលអាមេរិក ត្រូវបានបិទទ្វារអស់រយៈ៣ថ្ងៃ ដោយសារគណបក្សប្រជាធិបតេយ្យពុំអនុម័តគំរោងព្រាងថវិការរបស់រដ្ឋាភិបាល គ្រាដែលលោកត្រាំ បដិសេធច្បាប់កំណែទម្រង់អន្តោប្រវេសន៍របស់គណបក្សប្រជាធិបតេយ្យ៕ សូយន