ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី ១១ មិថុនា ក្រុមការងារយុទ្ធភូមិភាគទី ១ ដឹកនាំដោយឧត្តមសេនីយ៍ទោ ខេង សារុន មេបញ្ជាការរងយោធភូមិភាគ ១ ក្រុមការងារកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក គង់ សាវឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តនិងក្រុមការងារថ្នាក់ស្រុកដឹកនាំដោយលោក ស៊ុយ អ៊ិនឡន អភិបាលរងស្រុកសៀមប៉ាងបានចុះទៅពិនិត្យទីតាំងកើតហេតុផ្ទុះអាវុធនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងចំណុចUTM 0636244.1563741ភូមិសាស្ត្រ ត្រពាំងអង្គ្រងភូមិខិះស្វាយ ឃុំព្រែកមាសស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
លោកឧត្តមសេនីយ៍ទោ ខេង សារុន មេបញ្ជាការរងយោធភូមិភាគ១ បានឲ្យដឹងថា តាមការបំភ្លឺរបស់ក្រុមមន្ត្រីឧទ្យានុរក្សថា កាលពីវេលាម៉ោង ២០និង៤០ នាទីយប់ថ្ងៃទី១០ មិថុនា ២០២០ នៅចំណុចខាងលើ មានក្រុមជនមិនស្គាល់មុខ ប្រដាប់ដោយអាវុធកែច្នៃ បានបាញ់មួយគ្រាប់ ហើយក្រុមល្បាតបានចុះត្រៀមកម្លាំងពេលនោះក្រុមជនល្មើស បានបាញ់មកលើទីតាំងស្នាក់នៅ របស់ក្រុមមន្ត្រីឧទ្យានុរក្សចំនួន ២ គ្រាប់ទៀត ក្រុមល្បាតក៏បាញ់តបតទៅវិញ ដើម្បីការពារខ្លួនគ្រានោះ ដែលក្រុមជនល្មើសក៏បានបាញ់សន្ធាប់ មកលើក្រុមល្បាតជាច្រើនគ្រាប់ ហើយក្រុមយើងបាញ់តបទៅវិញជាច្រើនគ្រាប់ដែរ ធ្វើឲ្យក្រុមជនល្មើសដកថយទៅវិញ។
លោកតា ម៉ៅ ព្រះ អាយុ ៨៧ ឆ្នាំ ធ្វើស្រែក្នុងដែនជម្រកនៅក្បែរទីនោះចម្ងាយ ៣ គីឡូម៉ែត្របានមានប្រសាសន៍ថា កាលពេលកាលវេលាម៉ោង ៨ ជាងគាត់បានឮសូរគ្រាប់កាំភ្លើងបាញ់ជាច្រើនគ្រាប់ តែគាត់មិនបានដឹងថាជាអ្នកណាបាញ់ឡើយ ។
គួរបញ្ជាក់ថា នៅយប់ថ្ងៃកើតហេតុ មានមនុស្សប្រាំបួននាក់ ប្រដាប់ដោយអាវុធកែច្នៃគ្រប់ដៃ គោមឆ្លុះបំភ្លឺគ្រប់ដៃ បានដើរបរបាញ់សត្វ ហើយបានប្រទះឃើញក្រុមល្បាត ដែលកំពុងស្នាក់នៅចំណុចហើយក៏បានបាញ់មកលើក្រុមល្បាត ហើយក្រុមយើងបានបែកបាញ់តបតទៅវិញ ។
ភស្តុតាងត្រូវបានរកឃើញបន្សល់ទុកនូវសម្បកគ្រាប់ចំនួន ១២ គ្រាប់ គ្រាប់អាកា៤៧ ។ លោក ខេង សារុន បានបន្តទៀតថា លោកបញ្ជាឲ្យយោធាក្នុងយុទ្ធភូមិភាគ១ ទាំងអស់ តាមបណ្ដោយព្រំដែន ត្រូវស្ទាក់ចាំមើលក្រែងជាប្រជាជនឡាវ ចូលឆ្លងដែនខុសច្បាប់ មកបរបាញ់សត្វនៅក្នុងដែនជម្រកសត្វព្រៃ៕ ដោយ៖សុខុម