បាត់ដំបង ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចូលរួមសហការជាមួយសមត្ថកិច្ចជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានធ្វើពិធីដុតបំផ្លាញចោលនូវចុងស្លាបមាន់ និងឆ្អឹងមាន់ចំនួន១.២៩០គីឡូក្រាម។ ដែលវត្ថុចុងស្លាបមាន់ ឆ្អឹងមាន់ខូចគុណភាព ទាំងនេះសមត្ថកិច្ចនគរបាល ចូលរួមជាមួយសមត្ថកិច្ចជំនាញ រាំងស្កាត់បានពីក្រុមឈ្មួញ ដែលរកស៊ីនាំចូលដោយខុសច្បាប់។
ស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង ៖ នៅព្រឹកថ្ងៃ សុក្រ ទី ១២ ខែ មិថុនា ឆ្នាំ ២០២០ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយអនុវត្តតាមបញ្ជារបស់លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បាត់ដំបង លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាន ដឹកនាំកម្លាំងនគរបាលក្នុងការិយាល័យជំនាញ ដែលមានលោកវរសេនីយ៍ទោ យី យក់សាន ជានាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចូលរួមសហការជាមួយសមត្ថកិច្ចជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានធ្វើពិធីដុតបំផ្លាញចោលនូវចុងស្លាបមាន់ និងឆ្អឹងមាន់ចំនួន១.២៩០គីឡូ នៅចំណុចទីលានចាក់សំរាម ក្នុងសង្កាត់ ស្លាកែក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលវត្ថុទាំងនេះ សមត្ថកិច្ចនគរបាល ចូលរួមជាមួយសមត្ថកិច្ចជំនាញ រាំងស្កាត់បានពីក្រុមឈ្មួញ ដែលរកស៊ីនាំចូលដោយខុសច្បាប់ នៅចំណុចឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែ មិថុនា ឆ្នាំ ២០២០ក្នុងខណៈក្រុមឈ្មួញនាំយកបម្រុងចរាចារណ៍លក់ដូរ ក្នុងមូលដ្ឋានខេត្តបាត់ដំបង៕
ដោយ៖កូឡាប