នាព្រឹកថ្ងៃសុក្រ ទី12 ខែមិថុនា ឆ្នាំ2020 ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា អមជា មួយមន្ត្រីក្រោមឱវាទ រួមដំណើរជាមួយលោក ហ្វុង វ៉ាន់ គឿងអគ្គនាយកនៃក្រុមហ៊ុនមិត្តហ្វូនបានចុះទៅពិនិត្យសកម្មភាព និងការបណ្តុះបណ្តាលកម្មវិធីប្រព័ន្ធគ្រប់គ្រងពត៌មានសាលារៀន ឬ School Information System នៅវិទ្យាល័យហ៊ុនសែនសេរីភាព តាខ្មៅ ខេត្តកណ្តាល។ នេះគឺជាជំហ៊ានដំបូងសំរាប់មិត្តហ្វូនដើម្បីដាក់អនុវត្តប្រព័ន្ធគ្រប់គ្រងនេះសំរាប់សាលារៀនជាង ៣០០០ កន្លែងនៅទូទាំងប្រទេស។
ប្រព័ន្ធគ្រប់គ្រងសាលារៀនឬ SIS គឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយលេចធ្លោរបស់ក្រុមហ៊ុនមិត្តហ្វូនសម្រាប់វិស័យអប់រំដែលត្រូវបានសាកល្បងនៅវិទ្យាល័យហ៊ុនសែនសេរីភាពតាខ្មៅ ហើយគ្រោងនឹងពង្រីកសម្រាប់សាលារៀនទាំងអស់នៅទូទាំងប្រទេស។ នៅក្នុងកម្មវិធីនេះ អ្នកជំនាញមិត្តហ្វូនបានផ្តល់ការណែនាំ រួមនឹងសំភារៈបណ្តុះបណ្តាលអំពីប្រព័ន្ធនេះដល់គ្រូនិងសិស្សនៃវិទ្យាល័យ។ វាបានបង្ហាញថាប្រព័ន្ធ SIS ផ្តល់អត្ថប្រយោជន៍យ៉ាងទូលំទូលាយសម្រាប់អ្នកប្រើប្រាស់ទាំងអស់រួមទាំងគ្រូបង្រៀន សិស្សនិងឪពុកម្តាយរបស់ពួកគេ។
ប្រព័ន្ធនេះអនុញ្ញាតឱ្យគ្រូបង្រៀនពិនិត្យមើលនិងបញ្ចូលវត្តមានរបស់សិស្ស ការសុំច្បាប់ និងសម្គាល់នៅក្នុងទម្រង់អេឡិចត្រូនិកផ្ទាល់ខ្លួនរបស់ពួកគេគ្រប់គ្រងពេលវេលា វាយតម្លៃក្នុងការប្រលង គ្រប់គ្រងថ្នាក់រៀន មើលនិងផ្ទៀងផ្ទាត់ប្រវត្តិរូបផ្ទាល់ខ្លួនហើយលើសពីនេះទៀតការផ្ញើនិងទទួលសារជាដំណឹងដល់សិស្សនិងឪពុកម្តាយរបស់ពួកគេ។ នៅផ្នែកផ្សេងទៀតសិស្សនិងឪពុកម្តាយរបស់ពួកគេក៏អាចពិនិត្យមើលការចូលរួមកំណត់ពេលវេលាព័ត៌មានលំអិតថ្លៃសេវា និងកាលបរិច្ឆេទប្រឡងជាដើម។ ពួកគេអាចមើលប្រវត្តិរូបកូនៗ របស់ពួកគេគ្រប់ពេលវេលា ទទួលបានការជូនដំណឹងពីគ្រូហើយក៏អាចស្នើរតម្រូវការទៅសាលារៀនផងដែរ។ រាល់សកម្មភាពទាំងអស់នឹងត្រូវបានអនុវត្តតាមអ៊ិនធឺណិតដោយស្មាតហ្វូនឬកុំព្យូទ័របានយ៉ាងងាយស្រួលបំផុត។
ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា៖ “ខ្ញុំបាទពិតជាថ្លែងអំណរគុណដល់ក្រុមហ៊ុនមិត្តហ្វូនដែលបានពាំនាំប្រព័ន្ធគ្រប់គ្រងសាលារៀននេះមកកាន់ប្រទេសកម្ពុជា។ វានឹងធ្វើបំលាស់ប្តូរបរិបថធ្វើការរបស់គ្រូបង្រៀន និងការសិក្សាររបស់សិស្សជាខ្លាំង”។ “លើសពីនេះមិត្តហ្វូនបានជួយទៅលើវិស័យអប់រំជាច្រើន ដូចជាការភ្ជាប់អ៊ីនធឺណិតទៅកាន់សាលារៀនជាង៣ពាន់កន្លែងទូទាំងប្រទេស និងការតម្លើងប្រព័ន្ធវីដេអូខនហ្វ្រេនសម្រាប់ក្រសួងអប់រំ និងមន្ទីរអប់រំទូទាំងខេត្តក្រុងសម្រាប់ការភ្ជាប់ទំនាក់ទំនងកំឡុងពេលជំងឺកូវីដ 19 វាយលុក។” លោកណ្ឌិតបន្ថែម។
អ្នកគ្រូ លី សុខហេង ជាគ្រូបង្រៀនមុខវិទ្យាកុំព្យូទ័រនៅវិទ្យាល័យហ៊ុនសែនសេរីភាព តាខ្មៅ ខេត្តកណ្តាលបានបញ្ចេញចំណាប់អារម្មណ៍ថា៖ “ប្រព័ន្ធគ្រប់គ្រងសាលារៀននេះបានផ្លាស់ប្តូរទំលាប់នៃការធ្វើការរបស់ពួកយើងទាំងស្រុង។ ការបញ្ចូលទិន្នន័យរបស់សិស្ស និងការគ្រប់គ្រងសិស្សកាន់តែមានភាពងាយស្រួលមិនថាវត្តមាន អវត្តមាន ពិនិត្យកាលវិភាគ ការដាក់ពិន្ទុតាមរយៈការប្រលង -ល-។ ហើយអាណាព្យាបាលក៏អាចតាមដានការសិក្សារបស់កូនៗរបស់ពួកគេតាមរយៈសារជូនដំណឹងទៅលើទូរស័ព្ទដៃផងដែរ។”
លោកហ្វុង វ៉ាន់ គឿង អគ្គនាយកនៃក្រុមហ៊ុនមិត្តហ្វូនបានថ្លែងថា៖ “នៅមិត្តហ្វូនយើងមិនត្រឹមតែធ្វើអាជីវកម្មប៉ុណ្ណោះទេ តែយើងមកដើម្បីចូលរួមជាមួយសកម្មភាពទំនួលខុសត្រូវសង្គមផងដែរ។ ដូច្នេះយើងតែងតែចូលរួមជាមួយក្រសួងអប់រំ ជាពិសេសកំលុងពេលដែលជំងឺកូវីដ19 កំពុងរាតត្បាត។ មិត្តហ្វូនមានមោទនភាពដែលក្រសួងអប់រំបានជ្រើសរើសជាដៃគូនៅក្នុងការដាក់ឲ្យដំណើរការប្រព័ន្ធគ្រប់គ្រងពត៌មានសាលារៀននេះនៅវិទ្យាល័យហ៊ុនសែនសេរីភាព តាខ្មៅ និងនៅសាលារៀនផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។”
“សាលារៀនសរុប 3000កន្លែងនឹងទទួលបានការតម្លើងប្រព័ន្ធគ្រប់គ្រងនេះ ហើយយើងជឿជាក់ថាវិស័យអប់រំនៅកម្ពុជានឹងកាន់តែមានភាពប្រសើរឡើង និងជឿនលឿនតាមទស្សនៈវិស័យរបស់ក្រសួងអប់រំ។ លើសពីនេះ ដោយសារយើងខ្លាំងទៅលើបច្ចេកវិទ្យាដូច្នេះយើងសង្ឃឹមថាឆាប់ៗយើងនឹងពាំនាំនូវមាតិកាឌីជីថលសំខាន់ៗសម្រាប់វិស័យអប់រំដែលមានដូចជា eBook ជាដើម ដើម្បីសម្រួលដល់បណ្ណាល័យឌីជីថលផងដែរ។” លោកបន្ថែម។
មិត្តហ្វូនជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជាដែលតែងពាំនាំនូវបច្ចេកវិទ្យាថ្មីៗមកបម្រើវិស័យឯកជន និងរដ្ឋជាច្រើនជាពិសេសនៅក្នុងវិស័យអប់រំ។ ជាមួយនឹងទស្សនៈវិស័យ “អ្នកយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់” មិត្តហ្វូននឹងនៅតែបន្តអភិវឌ្ឈន៍នូវផលិតផលថ្មីៗរបស់ខ្លួនឥតឈប់ឈរដើម្បីប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឲ្យកាន់តែមានភាពទាន់សម័យនៅក្នុងយុគសម័យឌីជីថលនេះ៕ ដោយ ៖ CEN