បាត់ដំបង៖ ពលរដ្ឋក្នុងខេត្តបាត់ដំបង បានទទួលប្រាក់កម្ចីជាបន្តបន្ទាប់ ក្នុងការពង្រីករបរកសិកម្មរបស់ពួកគាត់ឲ្យកាន់តែធំជាងមុន តាមរយៈថវិការបស់រាជរដ្ឋាភិបាល ដែលផ្ដល់ដល់ធនាគារអភិវឌ្ឍន៍ជនបទកសិកម្ម (RDB)ស្ថិតក្នុងគម្រោងអេម ដើម្បីផ្ដល់ជាប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាប ជូនដល់ពលរដ្ឋតាមមូលដ្ឋាន ពិសេសក្នុងដំណាក់កាលវិបត្តិកូវីដ១៩នេះ។
លោក ណែម លន ប្រធានការិយាល័យចល័តធនាគារអភិវឌ្ឍន៍ជនបទកសិកម្មខេត្តបាត់ដំបង បានឲ្យដឹងថា ថវិការបស់រាជរដ្ឋាភិបាលផ្ដល់ដល់ RDB ដើម្បីផ្ដល់ជាប្រាក់កម្ចីដល់ពលរដ្ឋ ក្នុងការពង្រីកវិស័យកសិកម្មនេះ មានចំនួនប្រមាណ១០លានដុល្លារ ដោយកសិករអាចខ្ចីប្រាក់ពីធនាគារនេះ ទៅតាមតម្លៃប្លង់របស់ខ្លួន ដូចប្លង់ដីមានតម្លៃ១ម៉ឺនដុល្លារ ពួកគាត់អាចខ្ចីបាន ៥០០០ដុល្លារ ដែលប្រាក់នេះ គឺសម្រាប់ពលរដ្ឋទូទាំងប្រទេស។ ចំពោះប្រាក់កម្ចី ដែលស្ថិតក្នុងគម្រោងអេម សម្រាប់ខេត្តបាត់ដំបង គឺត្រូវបានពលរដ្ឋនៅគ្រប់ស្រុកបានមកខ្ចី ដែលចាប់ពីឆ្នាំ២០១៨មក មានច្រើនគ្រួសារ ដោយអ្នកខ្លះខ្ចីយកទៅពង្រីករបរចិញ្ចឹមមាន់ ធ្វើដំឡូងមី បន្លែ និងស្រូវក្រអូប ហើយគម្រោងអេមនេះ ក៏ផ្ដោតទៅលើការធ្វើសូត្រស្រស់ផងដែរ។
ក្រុមកសិករដែលបានទទួលនូវប្រាក់កម្ចីពី RDB ក្រោមគម្រោងរបស់អេម ក្នុងសហគមន៍តាសីសាមគ្គី ស្ថិតក្នុងឃុំតាម៉ឺន ស្រុកថ្មគោល បានលើកឡើងថា គម្រោងប្រាក់កម្ចីរបស់ RDB នេះ មានលក្ខណៈល្អប្រសើរ ទាំងអត្រាការប្រាក់ទាប និងមានភាពងាយស្រួលក្នុងរៀបចំឯកសារ ខ្ចី ហើយគាត់រំពឹងថា ពេលទទួលបានបានប្រាក់កម្ចីនេះមក អាចធ្វើឲ្យអាជីវកម្មការធ្វើកសិកម្ម ក្នុងរោងសំណាញ់របស់ពួកគាត់ កាន់តែរីកចម្រើន ហើយជីវភាពក្នុងគ្រួសារកាន់តែល្អប្រសើរ ។
បើតាមលោក ណែន លន បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការពង្រីកវិស័យកសិកម្មរបស់ពលរដ្ឋ ក្នុងអំឡុងកាលនៃវិបត្តិជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាល ក៏បានទម្លាក់ថវិកាប្រមាណ ៥០លានដុល្លារ តាមរយៈធនគារ RDB ដើម្បីឲ្យពលរដ្ឋខ្ចីបន្ថែមចាប់ពី៣០ម៉ឺនដុល្លារចុះ ដោយផ្ដោតទៅលើគម្រោងចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដំណាំបន្លែ ដំណាំហូបផ្លែ ការកែច្នៃផលិតកសិកម្ម ដែលពេលនេះ មានទាំងទុនបង្វិលនិងទុនវិនិយោគ គម្រោងនេះត្រូវបានពលរដ្ឋក្នុងខេត្តបាត់ដំបង បានមកដាក់សំណើសុំខ្ចីជាបណ្ដើរៗហើយផងដែរ៕
ដោយ៖អ៊ុងសារុំ