ខេត្តតាកែវ ៖ ខុសត្រូវគ្នាពីរម៉ោងកន្លះ សមត្ថកិច្ចប៉ូលិសស្រុកបាទី និងអាវុធហត្ថខេត្តតាកែវ ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន២នាក់ ជាមួយនឹងវត្ថុតាង។
នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ជនសង្ស័យគ្រឿងញៀន២នាក់ត្រូវបានឃាត់ខ្លួន ដែលជនសង្ស័យទី១ ឈ្មោះ យៃ សុខុម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងទឹម ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (មុខសញ្ញាសកម្ម) ឃាត់ខ្លួននៅវេលាម៉ោង១០និង០០នាទី ដោយកម្លាំងជំនាញអធិការនគរបាលស្រុកបាទី សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងសាប នៅភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។ ចំណែកវត្ថុតាងដកហូតបានមាន ម្រៅក្រាមពណ៌សថ្លា ចំនួន៦កញ្ចប់ និងទូរស័ព្ទ១គ្រឿងផងដែរ។
ជនសង្ស័យទី២ ឈ្មោះ ជឹម សុភ័ក្ត្រ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រីប្រសើរ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ឃាត់ខ្លួនវេលាម៉ោង១២និង៥០នាទី ដោយកម្លាំងការិយាល័យបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលផែនយុត្តិធម៌ និងមានការសម្របសម្រួលនីតិវិធី ដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង នៅចំណុចភូមិស្រីប្រសើរ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។ ដោយឡែកវត្ថុតាងមាន ៖ ម្សៅក្រាមសថ្លាចំនួន៤កញ្ចប់ទម្ងន់ ២៤,១៧ក្រាម ថ្លឹងទាំងសម្បក ជញ្ជីងថ្លឹងថ្នាំញៀនម៉ាក AND ចំនួន១គ្រឿង ទូរស័ព្ទដៃចំនួន២គ្រឿង (ម៉ាកLG:១ និង Samsung:១) កាំភ្លើងកែច្នៃបាញ់គ្រាប់កង់ចំនួន១ដើម និងសម្ភារវេចខ្ចប់ និងសម្ភារសេពថ្នាំញៀនមួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ដែលសមត្ថកិច្ចបង្ក្រាបជាមួយនឹងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕
ដោយ៖តាកែវ