តាកែវ៖ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មន្ត្រីនគរបាលទាំងអស់ ត្រូវតែគោរពវិន័យរបស់អង្គភាព និងបង្កើនសកម្មភាពដែលកំពុងអនុវត្តបន្ថែមទៀត ដើម្បីធានាឲ្យបាននៅសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន និងត្រូវពន្លឿនលើកិច្ចការងារផ្តល់សេវាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានលឿន និងរហ័សទៅតាមតម្រូវការជាក់ស្តែង ។
ឯកឧត្តមស្នងការលើកឡើងដូច្នេះ គឺក្នុងពេលដែលលោក រួមជាមួយលោកស្នងការរង បានចូលរួមក្នុងពិធីសំណេះសំណាល និងណែនាំការងារជំនាញនៅអធិការស្រុកគីរីវង់ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ ។
ឯកឧត្តមបានមានប្រសាសន៍បន្តថា មួយរយៈកន្លងមកនេះ យើងសង្កេតឃើញថា សកម្មភាពរបស់មន្ត្រីនគរបាល នៅតាមប៉ុស្តិ៍មូលដ្ឋានមួយចំនួន នៅតាមបណ្តាស្រុក គឺហាក់បីដូចជាធ្វើខុសនូវការងារបច្ចេកទេស លើកិច្ចការងារមួយចំនួនពាក់ព័ន្ធ និងបទល្មើសព្រហ្មទណ្ឌ ដូច្នេះអធិការអធិការរង ត្រូវតែពិនិត្យឡើងវិញ លើសកម្មភាពរបស់ពួកគាត់ដែលកំពុងអនុវត្ត ដើម្បីកុំឲ្យប្រជាពលរដ្ឋបាត់បង់ នៅសេចក្តីទុកចិត្តមកលើនគរបាល ។
ជាមួយគ្នានេះដែរ ឯកឧត្តមស្នងការក៏បានណែនាំបន្ថែម ដល់កម្លាំងនគរបាលទាំងអស់ ត្រូវចូលរួមសកម្មភាព និងអាជ្ញាធរមូលដ្ឋាន លើការងាររួមគ្នាប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ ខណៈដែលនៅក្នុងប្រទេសកម្ពុជា កំពុងតែមានការថមថយ ចុះចំពោះការកើតមានឡើង នៅជំងឺកូវីដ១៩នេះ ក៏ពិតមែន ក៏ប៉ុន្តែយើងនៅតែអនុវត្ត និងមានការប្រុងប្រយ័ត្នជានិច្ច ទៅលើការឆ្លងរីករាលដាលនៅក្នុងសហគមន៍ មួយវិញទៀត ត្រូវតែអនុវត្តវិធានការអនាម័យជាមួយ នឹងការណែនាំរបស់ក្រសួងសុខាភិបាល ៕
ដោយ៖តាកែវ