ភ្នំពេញ៖ គម្រោងវិនិយោគនេះ ត្រូវបានប៉ាន់ប្រមាណថា នឹងមានទុនរហូតដល់ ១៦ពាន់លានដុល្លារ ហើយនឹងក្លាយជាតំបន់ ដែលមានសក្តានុពលធំបំផុតនៅតំបន់ឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ផ្តល់ការងារធ្វើជាច្រើនសម្រាប់យុវជន និងប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ទេសចរណ៍បែបគំរូតាមទស្សនទាន “ស្អាត” ។
គម្រោងនេះ ត្រូវបានបង្ហាញជាផ្លូវការ ដោយបង្កើតទីក្រុងទេសចរណ៍ដ៏សម្បើមនិងស៊ីវិល័យថ្មីមួយនៅខេត្តព្រះសីហនុ តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលនិងប្រើពេលជាង ២០ឆ្នាំ ដើម្បីបញ្ចប់គម្រោងទាំងមូល ។
ក្រុមហ៊ុន ខានូពី ស៊ែន ឌីវេឡុបម៉ិន ឯ.ក (CANOPY SANDS DEVELOPMENT CO., LTD) បានបង្ហាញគម្រោងប្លង់មេ នៅទីក្រុងរាម លើផ្ទៃដី ៨៣៤ហិកតា ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដល់អភិបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញពាក់ព័ន្ធ។
គម្រោងអភិវឌ្ឍក្រុងរាមចែកជាបីជំហាន ជំហានទី១ បញ្ចប់នៅឆ្នាំ២០២៥ ជំហានទី២ បញ្ចប់ឆ្នាំ២០៣៥ និងជំហានទី៣ បញ្ចប់នៅឆ្នាំ២០៤៥ ក្នុងនោះ រួមមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និង សំណង់ផ្សេងៗដូចជាសណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន រមណីយដ្ឋាន អគារស្នាក់នៅសាលប្រជុំ សាលសន្និសីទ អគារស្នាក់នៅរួម មជ្ឈមណ្ឌលពាណិជ្ជកម្ម ហិរញ្ញវត្ថុ មជ្ឈមណ្ឌលកីឡា ក្នុងនោះក៏មានកីឡាវាយកូនគោលផងដែរ។
គម្រោងនេះនឹងត្រូវរៀបចំឆ្នេរខ្សាច់ ស្អាតពីរកន្លែងដើម្បីប្រើប្រាស់ជាសាធារណៈ សម្រាប់ការអភិវឌ្ឍនៅតំបន់នោះផង ក៏ដូចជាសាធារណជន ចេញចូលប្រើប្រាស់ តំបន់នោះដែលបច្ចុប្បន្នមិនទាន់មានឆ្នេរខ្សាច់សស្អាតនៅឡើយ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើឱ្យក្រុមហ៊ុននេះ រៀបចំប្លង់មេ និងប្រមូលធាតុចូល ធ្វើគម្រោងប្លង់មេនេះ ឲ្យកាន់តែល្អ ក្នុងការអភិវឌ្ឍទីក្រុងទំនើបស៊ីវិល័យ សម្រាប់ប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងមកលេងកម្សាន្តនៅខេត្ដព្រះសីហនុ។
គួរបញ្ជាក់ថា ថ្មីៗនេះនៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ នឹងក្លាយជាប៉ូលសេដ្ឋកិច្ចពហុបំណងដ៏សំខាន់របស់កម្ពុជា ដោយសារទីតាំងភូមិសាស្រអំណោយផលល្អសម្រាប់វិនិ យោគ ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ កំពង់ផែទឹកជ្រៅ និងខេត្តទេសចរណ៍តំបន់ឆ្នេរដ៏ទាក់ទាញ៕
ដោយ៖ CEN