តាកែវ៖ កន្លងមកពាក់ព័ន្ធជាមួយនឹងការយកចិត្តទុកដាក់របស់ថ្នាក់លើ ចំពោះបញ្ហាលើកទឹកចិត្តដល់មន្ត្រីនគរបាលដែលជាយេនឌឺ ត្រូវបានលើកតម្កើងជាបន្តបន្ទាប់ ខណៈដែលនគរបាលដែលជាស្ត្រីភេទ ត្រូវបានលើកទឹកចិត្តមួយផ្នែកទៀត លើការផ្តល់ប្រាក់ថ្លៃសេវាសម្រាលកូនក្នុងម្នាក់ ទទួលបាន ៨០ម៉ឺនរៀល ហើយនៅក្នុងស្នងការដ្ឋាននគរបាលខេត្តតាកែវ បានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម លើការសម្រាលកូនចំពោះយេនឌឺចំនួន ៥រូប ដើម្បីជួយសម្រួលលើការលំបាករបស់មិត្តនគរបាលជាតិ ។
ថ្លែងនៅក្នុងពិធីប្រកាសបង្ហាញនូវអត្ថលេខសម្គាល់ខ្លួនថ្មី របស់មន្ត្រីនគរបាលដែលទើបតែតាំងស៊ុបចំនួន ៧០រូប នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ នារសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរងទទួលផែនគ្រប់គ្រងធនធានមនុស្ស បានជំរុញដល់ការិយាល័យបណ្តុះបណ្តាល និងការិយាល័យបុគ្គលិក ត្រូវបង្កើតវគ្គហ្វឹកហាត់ វគ្គបង្រៀនលើកិច្ចការងារជំនាញ ដើម្បីបង្ហាត់បង្រៀនដល់មន្ត្រីនគរបាលថ្មីឲ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ ពីការគោរពទំនាប់ និងយល់ដឹងបន្ថែមលើកិច្ចជំនាញចំណុះឲ្យការិយាល័យ ដើម្បីបញ្ចូលពួកគាត់ទាំងអស់ទៅការងារជំនាញ ដែលមានតម្រូវការជាចាំបាច់ ក្នុងការសម្រួលលើការងារមួយចំនួន ។
លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ បានបន្តថា នៅក្នុងអំឡុងពេលហ្វឹកហាត់ និងវគ្គបង្រៀនខ្លីៗនេះ មន្ត្រីនគរបាលដែលជាសិក្ខាកាមទាំងអស់ ត្រូវតែយកចិត្តទុកដាក់ ព្យាយាមស្វែងយល់លើការសិក្សាខ្លីនីមួយៗ ជាមួយនិងគ្រូបង្គោល ដើម្បីយកចំណេះទាំងនោះ មកអនុវត្តលើការងារបម្រើឲ្យស្នងការដ្ឋាន និងបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាព រហ័សទាន់ចិត្ត ៕
ដោយ៖ តាកែវ