កណ្ដាល៖នគរបាលស្រុកស្អាងឃាត់ខ្លួន យុវជនម្នាក់ ក្រោយទទួលពាក្យបណ្ដឹងករណីប្រើប្រាស់ទូរស័ព្ទដៃ លួចថតនារីម្នាក់ កំពុងងូតទឹកក្នុងបន្ទប់ទឹក តាមប្រឡោះស័ង្កសី នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចបន្ទប់ទឹករួមគ្នា ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
ប្រភពពីកម្លាំងនគរបានឱ្យដឹងថា ជនរងគ្រោះមានអាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ រីឯជនសង្ស័យឈ្មោះ អេន ធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន មានទីលំនៅស្នាក់នៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
នៅពេលដែលជនរងគ្រោះកំពុងតែងូតទឹកនៅក្នុងបន្ទប់ទឹក ពេលនោះស្រាប់តែជនសង្ស័យ ដែលស្នាក់នៅយានដ្ឋានជួសជុលរថយន្ត ដែលនៅក្បែរគ្នា បានយកទូរស័ព្ទលួចថតវីដេអូ តាមប្រហោងដំបូលស័ង្កសីធ្លុះធ្លាយ ហើយពេលនោះដែរ ត្រូវបានជនរងគ្រោះឃើញក៏ស្រែកឆោឡោឡើង បង្កការភ្ញាក់ផ្អើល ដល់ក្រុមគ្រួសារ។
បន្ទាប់មកម្ដាយរបស់ជនរងគ្រោះ បានមកសួររកទូរស័ព្ទពីជនសង្ស័យ តែជនសង្ស័យមិនព្រមប្រគល់ឲ្យហើយម្ដាយជនរងគ្រោះ ក៏បានរាយការណ៍ទៅ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលព្រែកគយតែម្តង។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលព្រែកគយ បានទៅដល់ធ្វើការសាកសួរ ហើយបានដកហូតទូរស័ព្ទពីជនសង្ស័យរួចពិនិត្យឃើញ រូបភាពវីដេអូអាក្រាតកាយរបស់ជនរងគ្រោះ ក៏បានបញ្ជូនជនសង្ស័យព្រមទាំងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីចាត់ការតាមនីតិវិធី។នគរបាលជំនាញ បានចោទប្រកាន់ជនសង្ស័យពីបទ ប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល៕
ដោយ៖កូឡាប