បាត់ដំបង៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជំរុញដល់មន្ត្រីមន្ទីរសុខាភិបាល ដែលរាជរដ្ឋាភិបាលសម្រេច ឲ្យស្ថិតនៅក្រោមរដ្ឋបាលខេត្ត ត្រូវធ្វើការងាររបស់ខ្លួន ប្រកបដោយគណនេយ្យភាព និងមានទំនួលខុសត្រូវ ចំពោះក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត លើការងារសុខាភិបាលដែលប្រគល់ជូន។
ការលើកឡើងនេះ ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា បន្ទាប់ពីរាជរដ្ឋាភិបាលដាក់ចេញនូវអនុក្រឹត្យ ស្តីពីការប្រគល់មុខងារការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាល ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត នាចុងឆ្នាំ២០១៩កន្លងមក ទោះបីកម្ពុជាកំពុងបញ្ហាស្ថានភាពលំបាក ដោយសារការរីករាលដាលជំងឺកូវីដ១៩។ រដ្ឋបាលខេត្ត នៅតែបន្តអនុវត្តគោលនយោបាយ ការដាក់ចេញការណែនាំលើការងារការផ្ទេរមុខងារលើកវិស័យសុខាភិបាល។ ផ្អែកលើប្រព័ន្ធគ្រប់គ្រងថ្មីនេះ ក្រុមប្រឹក្សានិងគណៈអភិបាលខេត្ត នឹងក្លាយទៅជាអ្នកទទួលខុសត្រូវខ្ពស់ ចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច អំពីលទ្ធផលនៃការបំពេញការងារពាក់ព័ន្ធនឹងសេវាសុខាភិបាល។ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ត្រូវមានគណនេយ្យភាព និងត្រូវមានទំនួលខុសត្រូវចំពោះក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្នុងការគ្រប់គ្រង ការចាត់ចែង ការគាំទ្រផ្នែកបច្ចេកទេស និងការតាមដានត្រួតពិនិត្យ លើការផ្ដល់សេវាសុខាភិបាលដែលបានប្រគល់ឲ្យ។
លោកឱសថបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ចំពោះបុគ្គលិកសុខាភិបាល នៅទូទាំងខេត្តបាត់ដំបង ដែលត្រូវផ្ទេរស្ថិតនៅក្រោមរដ្ឋបាលខេត្ត រួមទាំងមន្ត្រីកិច្ចសន្យាសរុបទាំងអស់ចំនួន ១៣០០នាក់ ហើយការផ្ទេរថវិកា គឺត្រូវអនុវត្តទៅតាមប្រកាសអន្តរក្រសួង ដែលមានក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល៕
ដោយៈអ៊ុងសារុំ