Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ខ្មែរ​ដែលមាន​លិខិតឆ្លងដែន​បរទេស ត្រូវបាន​លើកលែង​ការធានារ៉ាប់រង​សុខភាព និង​ការតម្កល់​ប្រាក់​៣០០០​ដុល្លារ ក្នុងការ​ធ្វើតេស្ត ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ពិនិត្យ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩

​ភ្នំពេញ​៖ គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​លើកលែង​ការតម្រូវ​ឱ្យមាន​ការធានា​រ៉ាប់រង​សុខភាព (Health Insurance) និង​ការតម្កល់​ប្រាក់​ចំនួន ៣០០០​ដុល្លារ សម្រាប់​សេវា​ផ្សេងៗ​ក្នុងការ​ធ្វើតេស្ត ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ពិនិត្យ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ចំពោះ​អ្នកដំណើរ​ជា​ពលរដ្ឋ​ខ្មែរ​កាន់​លិខិតឆ្លងដែន​បរទេស ដែលមាន​ទិដ្ឋាការ​ពិសេស (Visa, K) ចូលមក​កម្ពុជា​។

​សេចក្តីប្រកាស​ព័ត៌មាន របស់​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ស្តីពី​វិធានការ​កែតម្រូវ​សម្រាប់​សម្រួល​ដល់​អ្នកដំណើ​រ​ជា​ពលរដ្ឋ​ខ្មែរ កាន់​លិខិតឆ្លងដែន​បរទេស​ចូលមក​កម្ពុជា ការធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​មន្ត្រីការទូត និង​មន្ត្រី​អង្គការ​អន្តរជាតិ ដែលមាន​ទិដ្ឋាការ​ប្រភេទ A និង B នៅ​ថ្ងៃទី​១៧​ខែមិថុនា​ឆ្នាំ​២០២០​។​

​សេចក្តីប្រកាស បាន​បញ្ជាក់ថា យោងតាម​លិខិត​លេខ ៤២១១ កប​ទ​.​ស​អ​/​ច្ប​ក​២ ចុះ​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០២០ របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ដោយមាន​ការយល់ព្រម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០ សេចក្តីប្រកាស​លេខ​១០១ សខល ចុះ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ របស់​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ អំពី​ការកែសម្រួល​លើ​វិធាន​ការការពារ ទប់ស្កាត់ និង​ការឆ្លើយតប​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ សម្រាប់​អ្នកដំណើរ​ទាំងអស់ ចូលមក​កម្ពុជា រួមទាំង​អ្នកការទូត ត្រូវបាន​កែសម្រួល​ដូចតទៅ ៖ ១)​លើកលែង​ការតម្រូវ​ឱ្យមាន​ការធានា​រ៉ាប់រង​សុខភាព (Health Insurance) និង​ការតម្កល់​ប្រាក់​ចំនួន ៣០០០​ដុល្លារ សម្រាប់​សេវា​ផ្សេងៗ​ក្នុងការ​ធ្វើតេស្ត ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ពិនិត្យ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ចំពោះ​អ្នកដំណើរ​ជា​ពលរដ្ឋ​ខ្មែរ​កាន់​លិខិតឆ្លងដែន​បរទេស ដែលមាន​ទិដ្ឋាការ​ពិសេស (Visa, K) ចូលមក​កម្ពុជា ប៉ុន្តែ តម្រូវឱ្យមាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព (Health Certificate for Cod-19 Free) ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល ទទួលស្គាល់​ដោយ​ប្រទេស​សាមី ដែល​បញ្ជាក់ថា គ្មាន​វីរុស​កូ​វីដ​១៩ និង​មាន​សុពលភាព​៧២​ម៉ោង ចាប់ពី​ពេលចេញ​ដំណើរ​ពី​ប្រទេស​តាំងនៅ​។​

២) ស្ថាន​បេសកកម្ម​បរទេស និង​អង្គការ​អន្តរជាតិ នៅ​ភ្នំពេញ​ទាំងអស់ ដែលមាន​អ្នកការទូត និង​មន្ត្រី​អង្គការ​អន្តរជាតិ ចូលមក​កម្ពុជា ត្រូវ​ធានា​អះអាង​ពី​ភាពអវិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ របស់​អ្នកការទូត និង​មន្ត្រី អង្គការ​អន្តរជាតិ​ទាំងនោះ និង​ការធានា​ធ្វើបាន​ត្រឹមត្រូវ​នូវ​ការដាក់​ច​ត្តា​ឡី​ស័ក ក្នុង​រយៈពេល​១៤​ថ្ងៃ ដោយ​ខ្លួនឯង​។​

៣)​រាល់​វិធានការ​ផ្សេងទៀត ដែល​មានចែង​ក្នុង​សេចក្តីប្រកាស​លេខ ១០១ សខល ចុះ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ របស់​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ស្ថិតនៅ​ជា​ធរមាន​ដដែល​។​

​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ក្រសួងសុខាភិបាល បាន​បន្ត​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ជា​ចាំបាច់ ដើម្បី​ការពារ​ការចម្លង វីរុស​កូ​វីដ​-១៩ ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ និង​កុំឱ្យ​មាន​រលក​ទី​ពីរ​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩៕

​ដោយ​៖​កូ​ឡាប​

×