Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោះស្រាយ​បញ្ហា​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ផ្លូវជាតិ​លេខ​៤ ត្រង់​តំបន់​មុខ​សាលាក្តី​ខ្មែរក្រហម​

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ស្ដីពី​គម្រោង​ដោះស្រាយ​បញ្ហា​ទឹក​លិច​ផ្លូវជាតិ​លេខ​៤ តំបន់​សាលាក្ដី​ខ្មែរក្រហម និង​គម្រោង​ភ្ជាប់​ប្រឡាយ​ទួល​ពង្រ​ទី​១ ប្រឡាយ​ទួល​ពង្រ​ទី​២ ហូរ​ចូល​បឹង​ហា ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​កំបូល ខណ្ឌ​ព្រែក​ព្នៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌដង្កោ និង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ពុធ ទី​១៧ ខែមិថុនា ឆ្នាំ​២០២០​នេះ ។​

​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា រាជធានី​ភ្នំពេញ តែងតែ​ទទួលរង​ទឹកជំនន់​ទឹកភ្លៀង​ពី​ខេត្តកំពង់ស្ពឺ និង​ទឹកស្ទឹង​ព្រែក​ត្នោត ដែល​បណ្ដាលឱ្យ​តំបន់​ទាំងនោះ​រង​ការ​ជន់​លិច​នា​រដូវវស្សា​។​

​ឯកឧត្តម ឃួ​ង ស្រេង​បាន​បញ្ជាក់ថា ក្រុមការងារ​ជំនាញ​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ នឹង​បញ្ចេញ​គ្រឿងចក្រ​ជាច្រើន​គ្រឿង ទៅកាន់​ទីតាំង​នោះ ដើម្បី​ស្តារ​ប្រឡាយ​អោយបាន​ជ្រៅ នៅ​អម​សងខាង​ផ្លូវជាតិ​លេខ​៤ ត្រង់​តំបន់​មុខ​សាលាក្តី​ខ្មែរក្រហម​នៅក្នុង​សប្តាហ៍​នេះ ដើម្បី​រំដោះ​ការ​ជន​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ឲ្យ​បាន​លឿន​។

​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា មូលហេតុ​ដែល​តំបន់​នេះ រង​ការ​ជន​លិច​ដោយសារតែ​ការរង​ផ្ទៃ​ទឹក​ហូរ​ពី​ខេត្តកំពង់ស្ពឺ និង​ស្រុក​អង្គស្នួល​ខេត្តកណ្តាល ហើយ​បណ្តា​ប្រឡាយ​រង​តូចៗ​មួយចំនួនទៀត​បាន​គោក​រីង​រាក និង​ការរំលោភ​ចំណី​ប្រឡាយ​ពី​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម​បាន​បន្តថា អាជ្ញាធរ​នឹង​ព​ន្លឿ​ន​ការដោះស្រាយ​ការ​ជន​លិច​នៅ​តំបន់​នេះ​ឲ្យ​បាន​លឿន ដែល​សម្រួល​ការលំបាក​របស់​ប្រជាពលរដ្ឋ និង​ការរំខាន​ការធ្វើដំណើរ​ជាដើម​។​

​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសា​ន៍​ថា ជា​មធ្យោបាយ​បន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​ជន​លិច​នៅ​តំបន់​នេះ ឲ្យ​មាន​ប្រសិទ្ធភាព មន្ទីរ​បាន​កាយ​ភក់​ចេញពី​បាត​ប្រឡាយ​អម​សងខាង​ផ្លូវជាតិ​លេខ​៤ ត្រង់​មុខ​សាលាក្តី​ខ្មែរក្រហម មកដល់​ផ្លូវ​រថភ្លើង បន្ទាប់មកទៀត​មក​ផ្នែក​ខាងជើង​ស្តារ​ប្រឡាយ តាម​បណ្តោយ​ផ្លូវ​រថភ្លើង ឆ្ពោះទៅ​មហាវិថី​ឈ្នះ​ឈ្នះ ចាក់​ទៅ​បឹង​តា​មោក ទំនប់​កប​ស្រូវ​។ ចំណែក​ខាងត្បូង​ផ្លូវជាតិ​លេខ​៤​វិញ និង​ត្រូវ​ស្តារ​ប្រឡាយ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ឆ្ពោះទៅ​ប្រឡាយ​តា​ហោ ចាក់​ទៅ​ស្ទឹង​ព្រែក​ត្នោត និង​ប្រឡាយ​មួយទៀត តាមផ្លូវ​ជាតិ​លេខ​៣ ឆ្ពោះទៅ​បឹង​ជើងឯក​។ លោក​បញ្ជាក់ថា គម្រោង​នេះ​នឹង​ជួយ​រំដោះ​ទឹក​ហូរ​បាន​លឿន​ជាង​មុន ដែល​កាត់បន្ថយ​បានការ​ជន​លិច​។​

​សូមបញ្ជាក់ថា រដ្ឋបាល​នៅ​ភ្នំពេញ កំពុង​សិក្សា​ជាមួយ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដើម្បី​បង្កើត​ប្រព័ន្ធ​ស្ទាក់​ទឹក​ពី​ខេត្តកំពង់ស្ពឺ ឲ្យ​ហូរ​ចាក់​ទៅ​ស្ទឹង​ព្រែក​ត្នោត​តែម្តង ដែល​កាត់បន្ថយ​កុំ​ឲ្យ​ហូរ​ចូលមក​រាជធានី​ភ្នំពេញ បង្ក​ឲ្យ​មានការ​ជន​លិច​ដោយ​ជំនន់​ទឹកភ្លៀង​៕​ ដោយ​៖​កូ​ឡាប​

×