Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ទាំង​៦ ដល់​អាជីវករ​និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុង​ខេត្ត​ព្រះសីហនុ​

​ព្រះសីហនុ​៖ ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​បទដ្ឋាន គតិយុត្ត​ដាក់ឱ្យអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ (​ជំហាន​ទី​១) សម្រាប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំង​៦ ក្នុងដំណាក់កាល​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩ ដល់​អាជីវករ​ទេសចរណ៍ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​នៅ​សាលាខេត្ត​ព្រះសីហនុ​។​

​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំង​៦ នោះ​រួមមាន​៖ អាជីវកម្ម​សេវា​ស្នាក់នៅ សេវាកម្ម​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវគោក សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវទឹក សហគមន៍​ទេសចរណ៍ និង​រមណីយដ្ឋាន​ទេសចរណ៍ ដែល​ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​ហើយ​ថា​ត្រូវតែ​អនុវត្តតាម​ឱ្យបាន​ត្រឹមត្រូវ​តាម​វិធាន​សុវត្ថិភាព ដែល​បានប្រកាស​ដាក់ឱ្យអនុវត្ត​ថ្មីៗ​កន្លងទៅនេះ ដើម្បីឱ្យ​វិស័យ​ទេសចរណ៍​មានដំណើរ​ល្អ​ឡើងវិញ និង​ធានាបាន​សុវត្ថិភាព​សម្រាប់​ទេសច​រ​នៅ​កម្ពុជា ព្រោះ​ប្រសិនបើ​អាជីវកម្ម ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងឡាយ​មិន​ជួយ​គ្នា​ធ្វើតាម​វិធាន​នេះ​ទេ វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​មិនអាច​បន្ត​​សកម្មភាព​ទៅបាន​ល្អ​នោះឡើយ​។​

​នាឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បានផ្តល់​អនុសាសន៍​ណែនាំ​បន្ថែម​មួយចំនួន​ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ សម្រាប់​កិច្ចការងារ​អនុវត្ត​បន្ត​ដូចតទៅ​៖

ទី​១៖ រដ្ឋបាលខេត្ត​ត្រូវ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត​លើ​ការណែនាំ និង​តាមដាន​ការអនុវត្ត​របស់​ស្ថាប័ន និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​នឹង​វិធាន​សុវត្ថិភាព​ទេសចរណ៍ ក្នុងនោះ​មាន​មន្ទីរ​ទេសចរណ៍​ដែល​ត្រូវ​ដើរតួនាទី​ជា​អង្គភាព​ជំនាញ​ចុះ​ផ្សព្វផ្សាយ​ដល់​អាជីវករ បណ្តុះបណ្តាល​បន្ត​អំពី​ការ​​អនុវត្ត​ដល់​អង្គភាព​ពាក់ព័ន្ធ និង​អ្វីដែល​សំខាន់​នោះ​។ មន្ទីរ​សុខាភិបាល​ដែលជា​អង្គភាព​មាន​ភារកិច្ច​បញ្ជា​ក់លើ​សុវត្ថិភាព​ចំណីអាហារ ជាពិសេស​ក្នុងដំណាក់កាល​នេះ​ត្រូវ​ដើរតួនាទី​បន្ថែម​ជា​អង្គ​ផ្សព្វផ្សាយ​នូវ​រាល់​ការណែនាំ​ថ្មីៗ​របស់​ក្រសួងសុខាភិបាល ដូចជា​ការប្រើប្រាស់​ម៉ាស់ ការ​លាងដៃ ការរក្សា​គម្លាត​សុវត្ថិភាព​ជាដើម ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ផ្តល់​ទំនុកចិត្ត​ចាត់តាំង​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​ក្នុង​កិច្ចការងារ​នេះ​។ រដ្ឋបាល​ក្រុង​-​ស្រុក​ត្រូវ​ចូលរួម​ជួយ​គាំទ្រ​ដល់​ការអនុវត្ត​នេះ និង​ផ្តល់​កិច្ចសហការ​លើ​គ្រប់រូប ទាំង​សម្រាប់​ពេល​ចុះ​ផ្សព្វផ្សាយ ណែនាំ និង​ការ​តម្រូវឱ្យ​អនុវត្ត​ផ្សេងៗ​ដូច​ជាការ​តម្រូវឱ្យ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន​ជាដើម​។​

​ទី​២៖ គោលដៅ​ទេសចរណ៍​តាម​មាត់​ឆ្នេរសមុទ្រ មានការ​ប្រមូលផ្តុំ​សេវាកម្ម​ទេសចរណ៍​ជាច្រើន​បញ្ចូល​គ្នា ដែល​ភាគច្រើន​មាន​សេវា​ម្ហូបអាហារ កីឡា​ទេសចរណ៍ និង​ពេលខ្លះ​អាចមាន​រួមទាំង​សេវាកម្ម​ដឹកជញ្ជូន និង​មគ្គុទ្ទេសក៍​ទេសចរណ៍​ផងដែរ​នៅក្នុង​គោលដៅ​រមណីយដ្ឋាន​ទេសចរណ៍​ជា​ប្រភេទ «​ឆ្នេរ​កម្សាន្ត​»​។​

​ដោយឡែក នៅក្នុង​វិស័យ​ទេសចរណ៍​ត្រូវ​គិតគូរ​អំពី​គំរូ​អាជីវកម្ម​ប្រភេទ​ថ្មី (New Business Model) ដើម្បី​សម្រប​ទៅតាម​ស្ថានភាព​សេដ្ឋកិច្ច​-​សង្គម​ជាក់ស្តែង ដោយ​ក្នុងនោះ ទី​១-​អាជីវកម្ម​អាចអនុវត្ត​ដំណោះស្រាយ​ឌីជីថល (Digital Solutions) តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ជា​ជំនួយ និង​ទី​២-​ត្រូវ​ពង្រឹងសមត្ថភាព និង​គុណភាព ពិសេស​ការបង្កើន​ផលិតភាព ដើម្បី​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការប្រកួតប្រជែង​កាន់តែ​ស្រួចស្រាល ទីផ្សារ​កាន់តែ​រួម​ចង្អៀត ហើយ​ខ្សែចង្វាក់​ផ្គត់ផ្គង់​កាន់តែ​បង្រួម​ខ្លី​។​

​ទន្ទឹមនឹងនេះ ត្រូវ​ជំរុញ​ណែនាំ​មូលដ្ឋាន​អាជីវកម្ម​វិស័យ​ទេសចរណ៍​ទាំងអស់ ឱ្យ​គោរព​អនុវត្តតាម​វិធាន​សុវត្ថិភាព​ទេសចរណ៍​ដើម្បី​អនុវត្តតាម «​គោលការណ៍​ណែនាំ​ថ្មី New Norms/Protocols» ទាំង​សម្រាប់​មូលដ្ឋាន​អាជីវកម្ម​ដែល​កំពុងដំណើរការ និង​មូលដ្ឋាន​អាជីវកម្ម​ដែល​បាន​ផ្អាក ឬ​បិទទ្វារ នៅពេល​មានការ​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ ទោះបីជា​អាច​ប្រឈម​នឹង​កត្តា​មិន​អំណោយផល​មួយចំនួន (​ដូចជា​លទ្ធភាព​ទទួល​ភ្ញៀវ​បាន​ចំនួន​តិចជាង​មុន និង​ចំណាយ​ប្រតិបត្តិការ​ខ្ពស់ជាង​មុន​) ក៏ដោយ ដើម្បី​ធានា​នូវ​សុវត្ថិភាព​សម្រាប់​គ្រប់ភាគី​ពាក់ព័ន្ធ ទាំង​ភ្ញៀវ និង​បុគ្គលិក​។​

​ឯកឧត្ដម គួច ចំរើន បានឱ្យដឹងថា ដើម្បី​ចូលរួម​ជំរុញ​វិស័យសេដ្ឋកិច្ច សង្គម និង​ទេសចរណ៍​ឱ្យមាន​ការរីកចម្រើនរ​កប​ដោយ​គុណភាព និង​និរន្តរភាព រដ្ឋបាលខេត្ត​ព្រះសីហនុ​បាននិងកំពុង​យកចិត្តទុកដាក់​ក្នុងការ​អភិវឌ្ឍ និង​ស្ដារ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ផ្លូវថ្នល់ រៀបចំ​កែលម្អ​ឆ្នេរសមុទ្រ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រង​សំណល់​រឹង​រាវ បន្ទប់ទឹក​សាធារណៈ ការរៀបចំ​សួនច្បារ និង​កំពង់ផែ​ទេសចរណ៍ ស្ដង់ដា​សេវាកម្ម​ទេសចរណ៍ ព្រមទាំង​ពង្រឹង​ការគ្រប់គ្រង​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​សេវា​ដឹកជញ្ជូន​សាធារណៈ រួមទាំង​ជំរុញ​យុទ្ធនាការ​ទីក្រុង​ស្អាត ឆ្នេរ​ស្អាត​ទាំង​នៅក្នុង​ទីក្រុង ទីប្រជុំជន និង​នៅតាម​តំបន់ឆ្នេរ​ឱ្យ​កាន់​តែមាន​សោភ័ណភាព បរិស្ថាន​ល្អប្រសើរ ដើម្បី​ចូលរួម​អភិវឌ្ឍ និង​គាំទ្រ​ដល់​គោលនយោបាយ និង​ផែនការ​អភិវឌ្ឍ​ទេសចរណ៍​ជា​រិ​របស់​រាជរដ្ឋាភិបាល​នាពេល​បច្ចុប្បន្ន និង​ពេលអនាគត​។​

​ក្រោយ​ចប់​កិច្ចប្រជុំ​ខាងលើ លោក ថោង ខុន បាន​ចុះ​ពិនិត្យ​អាកាសយាន​អន្តរជាតិ​កងកេង និង​នា​រសៀល​ថ្ងៃ​ដដែល លោក​រដ្ឋមន្ត្រី​ក៏បាន​ចុះ​សំណេះសំណាល​ជាមួយ​អាជីវករ និង​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធាន​សុវត្ថិ​ភាព​ទេសចរណ៍​លើ​កាណូត​ទេសចរណ៍​នៅ​ឆ្នេរ​អូរ​ឈើទាល​ផងដែរ​៕ ដោយ​៖​កូ​ឡាប​


×