Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួប​កម្មករ កម្មការិនី ដើម្បី​ស្វែងយល់​ពី​តម្រូវការ​ចាំបាច់​នានា និង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន ជួបជុំ​ជាមួយ​បងប្អូន​កូនក្មួយ​កម្មករ កម្មការិនី ដើម្បី​ស្វែងយល់​ពី​តម្រូវការ​ចាំបាច់​នានា និង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​អោយ​កាន់តែ​ល្អប្រសើរ​ឡើង ជាពិសេស​ដើម្បី​ជំរុញ​គោលនយោបាយ​ឧស្សាហកម្ម ២០១៥-២០២៥ របស់​រាជរដ្ឋាភិបាល​កម្ពុជា​អោយបាន​ជោគជ័យ​។ នេះ​ជា​លើក​ទី​១២ ហើយ​ដែល សម្តេច​តេ​ជោ បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ​បងប្អូន​កូនក្មួយ​កម្មករ បូករួម​ទាំង​ការជួប​សំណេះសំណាល​នៅ​រៀងរាល់ថ្ងៃ​អាទិត្យ នៅ​កោះ​ពេជ្រ​។​

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី​១៤៤០០​នាក់ នៅ​តំបន់​រោងចក្រ ISI នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​សុំអោយ​កម្មករ​និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ចូលរួម​ថែ​ក្សា​សន្តិភាព និង​ការអភិវឌ្ឍ​ដើម្បីអោយ​ប្រទេសជាតិ​កាន់តែ​រីកចម្រើន​។ បើ​គ្មាន​សន្តិភាព ក៏​គ្មាន​ការអភិវឌ្ឍ​ដែរ ដូច្នេះ​សន្តិភាព និង​ការអភិវឌ្ឍ​ត្រូវ​នៅ​ជាមួយគ្នា​ជានិច្ច​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រៀបធៀប​រោងចក្រ​ក្នុង​ឆ្នាំ ១៩៩៧ គឺ​កម្ពុ​ជាមាន​រោងចក្រ​ត្រឹមតែ ៦៤ ប៉ុណ្ណោះ ដែល​ពេលនោះ​មាន​កម្មករ​ប្រមាណ ៨២,០០០ នាក់ ដែល​ទទួលបាន​ប្រាក់ខែ​ត្រឹមតែ ៤០ ដុល្លារ ក្នុង​មួយខែ ហើយ​ចំពោះ​ទំហំ​នាំចេញ​វិញ​គឺមាន​ប្រមាណ ២២៧ លាន​ដុល្លារ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ពេល​បច្ចុប្បន្ននេះ​ការកើនឡើង​ប្រមាណ​ជាង ១,១០០ រោងចក្រ គឺ​ទំហំ​នាំចេញ​បាន​កើនឡើង​ប្រមាណ​ជាង ១២,០០០ លាន​ដុល្លារ ដែលជា​ចំនួន​មួយ​មិន​ធ្លាប់មាន​ទេ​ពីមុនមក​។ នេះ​ដោយសារ​ការយកចិត្ត​ទុក្ខ​ដាក់​យ៉ាងខ្លាំង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយមាន​ការចូលរួម​ពី​ម្ចាស់​ក្រុមហ៊ុន​វិនិយោគទុន និ​យោ​ជិ​ក និយោជក និង​បងប្អូន​កូនក្មួយ​កម្មករ​។

​នាឱកាស​នេះដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អរគុណ​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បណ្តា​រោងចក្រ​សហគ្រាស​ទាំងអស់​ដែល​បាន​ពិភាក្សា​ចរចារ​តម្លើង​ប្រាក់ខែ​សម្រាប់​កម្មករ​កម្មការិនី​។ ចាប់ពី​ខែមករា ឆ្នាំ​២០១៨ តទៅ ប្រាក់ខែ​កម្មករ​កម្ម​រិ​នី​ជា​អប្ប​រិ​មារ​គឺ ១៧០ ដុល្លារ ក្នុង​មួយខែ (​គឺ​រាជរដ្ឋាភិបាល​បាន​បន្ថែម ៥​ដុល្លារ​) ដែល​សាច់ប្រាក់​នេះ​បានមកពី​ពន្ធ​កាត់​ទុក និង​ពី​កំរៃ​នៃ​ការពិនិត្យ​ការនាំចេញ ដែលរ​រាជរដ្ឋាភិបាល​ត្រូវ​ចំណាយ​ជាង ៤០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ដូច្នេះ​ចាប់ពី​ខែ មករា ឆ្នាំ ២០១៨ តទៅ ប្រាក់ខែ​អ​ប្បរមារ​បូក​បន្ថែមនឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ រួមទាំង​ការបញ្ចុះ​តំលៃ​ទឹក​ភ្លើង និង​ថ្លៃឈ្នួល​ផ្ទះ​កម្មករ គឺ​បងប្អូន​កូនក្មួយ​កម្មករ​អាច​នៅសល់​ប្រាក់ខែ​អាច​ទទួលបាន​ក្នុង​រង្វង់​ជាង ២០០ ដុល្លារ សម្រាប់​ដោះស្រាយ​ជីវភាព​រស់នៅ​អោយ​កាន់តែ​ប្រសើរឡើង ។

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ផ្តល់នូវ​អនុសាសន៍​សំខាន់ៗ​៥​ចំណុច​ដល់​និយោជក និង​និយោជិត​ដើម្បី​ធ្វើការ​រួមគ្នា​ធានា​ដល់​ល័ក្ខខ័ណ្ឌ​ការងារ​និង​ប្រាក់ចំណូល​ល្អ​:

១)​ត្រូវ​រួមគ្នា​ថែរក្សា​សន្តិភាព ស្ថេរភាព និង​សុវត្ថិភាព​សណ្តាប់ធ្នាប់​ស​ង្គ​ម​អោយ​បានល្អ​។

២)​រួមគ្នា​រក្សា​ការងារ និង​បង្កើត​ការងារ​ថ្មីៗ​ច្រើន​ថែមទៀត ដោយ​ធ្វើការ​ពង្រីក​និង​បង្កើន​ទីផ្សារ​បន្ថែម​។

៣)​រួមគ្នា​បង្កើន​ប្រាក់ចំណូល​ដោយ​ការបណ្តុះបណ្តាល​ចំណេះដឹង​បន្ថែម​ដល់ក​ម្មករ​។ រាជរដ្ឋាភិបាល នឹង​បន្ត​តម្លើង​ប្រាក់ខែ​កម្មករ​ជា​រៀងរាល់ឆ្នាំ កើន​ទាំង​ប្រាក់បៀវត្ស​ន៍​អប្ប​រិ​មា និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​។ ចំពោះ​តម្លៃ​ទឹក ភ្លើង​វិញ គឺ​ចាប់តាំងពី​ថ្ងៃទី​១ កញ្ញា ឆ្នាំ​២០១៧ នេះ​តទៅ​គឺ​ថ្លៃ​ភ្លើង​បញ្ចុះ​មក​នៅត្រឹម​៤៥០៛ ក្នុង​១​គីឡូវ៉ាត់ម៉ោង (​សម្រាប់​ការប្រើ​ក្រោម​៥០​គីឡូវ៉ាត់ម៉ោង​ក្នុង​១​ខែ​)​។ ចំពោះ​ថ្លៃ​ទឹក​គឺ​ថ្លៃ​តែ ៧០០៛ ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រគូប ។ សម្តេច​តេ​ជោ បាន​អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​កុំ​តម្លើងថ្លៃ​ឈ្នួល​ផ្ទះ​រយៈពេល​១​ឆ្នាំ (២០១៨) ដើម្បី​ជួយ​កម្មករ​យើង​អោយមាន​លទ្ធភាព​រកប្រាក់​ចំណូល​បន្ថែម​ក្នុងការ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​អោយ​កាន់តែ​ប្រសើរឡើង​។​

៤)​ផ្តល់​របប​គាំពារ​សន្តិសុខ​សង្គម​ដល់​កម្មករ​ចាប់ពី​ខែ មករា ឆ្នាំ​២០១៨ នេះ​ទៅ គឺ​និយោជក (​ម្ចាស់​ក្រុមហ៊ុន​) នឹង​បង់ថ្លៃ​របប​សន្តិសុខ​សង្គម ១០០% ដល់ក​ម្មករក​ម្មការ​នី​។ ពេលនោះ​បងប្អូន​អាច នៅសល់​ប្រាក់​ប្រមាណ​ពី (៨,០០០៛-១២,០០០៛​ក្នុង​១​ខែ​)​។ ជាមួយគ្នានេះដែរ កម្ម​ការ​នី​យើង​ទាំងអស់ (​រួមទាំង​កម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូន​បើកបរ និង​កសិកម្ម​ជាដើម​…) គឺ​ទទួលបាន​ការពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដោយ​មិន​គិតថ្លៃ​តាមរយៈ​មូលនិធិ​សមធម៌​។ សម្តេច​តេ​ជោ បាន​ណែនាំ​អោយ​ម្ចាស់​ក្រុមហ៊ុន​រោងចក្រ​រៀបចំ​បង្កើត Clinic បន្ថែម​នៅតាម​រោងចក្រ​របស់ខ្លួន​ដើម្បី​ជួយ​ដល់ក​ម្មករ​។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​សំរាលកូន គឺ​នឹង​ទទួលបាន​ពេលវេលា​ឈប់សម្រាក ពី​ការងារ​រយៈពេល​៣​ខែ​ហើយ ហើយ​នៅ​ទទួលបាន​ប្រាក់ខែ ១២០% (៥០% ដោយ​ក្រុមហ៊ុន និង ៧០% ដោយ​បេឡា​ជាតិ​)​។​

​នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាស​ជូនដំណឹង​ដល់​បងប្អូន​កម្ម​ការ​នី​អំពី​អត្ថប្រយោជន៍​មួយទៀត​ដែល​នឹង​ទទួលបាន​ពី​បេឡា​សង្គម​គឺ​:- ចំពោះ​ស្ត្រី​សម្រាលកូន​ទោះ​ក្នុង​ប្រ​ព័​ន្ឋ ឬ​ក្រៅ​ប្រ​ព័​ន្ឋ​ដែល​សម្រាល​បានកូន​(១)​គឺ​ទទួល​ថវិកា​៤០​ម៉ឺន​រៀល និង​ពិនិត្យ​ផ្ទៃពោះ​ដោយ​ឥតគិតថ្លៃ​។ បើ សម្រាល​បានកូន​ភ្លោះ (២) គឺ​ទទួលបាន​ថវិកា​៨០​ម៉ឺន​រៀល​។ បើ​សម្រាល​បានកូន​(៣) គឺ​ទទួលបាន ថវិកា​១​លាន​២​សែន​រៀល ហើយ​
បូក​ប្រាក់ឧបត្ថម្ភ​មួយចំនួនទៀត​ពី សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​។ ថវិកា​នេះ​នឹង​ផ្តល់ជូន​ដោយ​បេឡា​សន្តិសុខ​សង្គម​របស់​រាជរដ្ឋាភិបាល​ដែល​នឹង​ត្រៀម​ថវិកា​ប្រមាណ​ជាង​១០​លាន​ដុល្លារ ក្នុង​១​ឆ្នាំៗ (​ទោះបី​កូន​នោះ​កើត​រស់​ឬ ស្លាប់​គឺ​នៅ​ទទួលបាន​ថវិកា​គាំពារ​ដូចគ្នា​)​។ កម្មករ​កម្ម​ការ​នី​ទូទាំង ប្រទេស នឹង​ទទួលបាន​សេវា​ជិះឡាន​ក្រុង​សាធារណៈ FREE រយៈពេល​២​ឆ្នាំ (​ពី​ខែសីហា ២០១៧-​សីហា ២០១៩)​។ ចំពោះ​កីឡាករ កីឡាការិនី​ទាំងអស់​ក៏​ទទួល​បានការ​ជិះ​រថយន្តក្រុង​សាធារណៈ​ដោយ​មិន​គិតថ្លៃ​ផងដែរ​សម្រាប់​រយៈពេល​២​ឆ្នាំ ហើយ​ទទួលបាន​បាន​ពិនិត្យ​ថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​។ ចំពោះ​កីឡា​ការ​នី​ដែល​សម្រាលកូន​ក៏​ទទួលបាន​អត្ថប្រយោជន៍​ដូច​កម្មការិនី​ផងដែរ ចាប់ពី​ខែមករា ឆ្នាំ ២០១៨ នេះ​ទៅ ។ នៅ​ឆ្នាំ ២០១៩ ខាងមុខនេះ កម្មករ​ទាំងអស់​នឹង​មាន​ប្រាក់​សោធន​និវត្តន៍ (​ប្រាក់​រឺ​ត្រែ​ត​) ដែល​នឹង​ទទួលបាន​ចំនួន ៨០% នៃ​ប្រាក់ខែ​ដែល​ខ្លួន​ធ្លាប់​បានទទួល​ពេល​នៅ​ធ្វើការ​ចុងក្រោយ​។​

​ទី​៥) រាជរដ្ឋាភិបាល​បន្ត​យកចិត្តទុកដាក់​ផ្តល់​កិច្ច​គាំពារ​ចំពោះ​កម្មករ​កម្ម​ការ​នី​ដែល​កំពុងធ្វើការ​នៅក្រៅ​ប្រទេស ដោយ​ធ្វើការ​សម្របសម្រួល​ជាមួយ​ប្រទេស​ដៃគូ​ដើម្បី​ផ្តល់នូវ​ល័ក្ខខ័ណ្ឌ​ការងារ​ល្អៗ ដែលមាន​ប្រាក់ខែ​ល្អ​សមរម្យ​ដល់ក​ម្មករ ព្រមទាំង​ជួយ​សម្រួល​នូវ​បែបបទ​លិខិតបទដ្ឋាន​ផ្លូ​ច្បាប់​នានា​ដែល​ពាក់​ព័​ន្ឋ នឹង​ការងារ​របស់​បងប្អូន​កូនក្មួយ​កម្មករ​។ ទន្ទឹមនឹង​នេះដែរ រាជរដ្ឋាភិបាល​នឹង​បន្ត​ជជែក​ជាមួយ​ប្រទេស ផ្សេងៗ​ដូចជា​កូរ៉េខាងត្បូង ម៉ាឡេស៊ី និង​ប្រទេស​ថៃ​ដើម្បី​ផ្តល់នូវ​ការងារ និង​ប្រាក់ខែ​ល្អៗ​សម្រាប់ បងប្អូន​កូនក្មួយ​កម្មករ​ខ្មែរ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើអោយ​ក្រសួង​ការងារ​ធ្វើ​របាយការណ៍​អំពី​ចំនួន​ការងារ​ដែល​បា​នរក​នឹង​ផ្តល់ជូន​ពលរដ្ឋ ដែល​ត្រូវ​រាយការណ៍​ជាប្រចាំ​ទៀងទាត់​ក្នុង​រយៈពេល​៦​ខែម្តង​៕​​ដោយ​៖​កូ​ឡាប​

×