ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនាខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នឹងបំផ្លាញសន្លឹកឆ្នោត ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោត ឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ និងឆ្នាំ២០១៧។ នេះជាលើកទី៤ហើយ ដែល គ.ជ.ប បានបំផ្លាញសន្លឹកឆ្នោត ចាប់តាំងពី គ.ជ.ប រៀបចំការបោះឆ្នោតដោយខ្លួនឯង នៅឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន។
នេះបើតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជាក់ថា ពិធីបំផ្លាញសន្លឹកឆ្នោតនេះ នឹងរៀបចំធ្វើឡើង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៨៖៣០នាទីព្រឹក ទីតាំងផ្ទះលេខ៩ ផ្លូវ៣៤៥ ខណ្ឌទួលគោក ក្រោមអធិបតីភាពលោក នុត សុខុម អនុប្រធាន គ.ជ.ប។
តាមរបៀបវារៈ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប នឹងធ្វើរបាយការណ៍បូកសរុប ស្ដីពីចំនួនសន្លឹកឆ្នោត ដែលត្រូវបំផ្លាញពាក់ព័ន្ធនឹងសន្លឹកឆ្នោតដែលបានប្រើប្រាស់រួច ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឆ្នាំ២០១២។ សន្លឹកឆ្នោតដែលបានប្រើប្រាស់រួច ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៣។ សន្លឹកឆ្នោតដែលបានប្រើប្រាស់រួច ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឆ្នាំ២០១៤។ សន្លឹកឆ្នោតដែលបានប្រើប្រាស់រួច ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧៕
ដោយ៖បញ្ញាស័ក្តិ