កណ្តាល៖ អាជ្ញាធរខេត្តកណ្ដាលបញ្ជាឱ្យឈ្មួញខ្សាច់រើទីតាំងចេញពីដីវត្តរតនបុប្ផារាម ក្នុងរយៈពេល ៧ថ្ងៃ ដោយសារក្រុមហ៊ុនបានរំលោភយកដីវត្ត ជិត១ឆ្នាំ មកហើយ។ ការសម្រេចនេះ ក្រោយពេលអ្នកឃុំព្រែកអញ្ចាញច្រើនរយនាក់ នាំគ្នាតវ៉ាបិទផ្លូវជាតិលេខ៦អា ជាង៣ម៉ោង នៅព្រឹកថ្ងៃទី១៩ មិថុនា។
ពលរដ្ឋរាប់រយនាក់នៅព្រឹកថ្ងៃទី 19 ខែមិថុនា បាននាំគ្នាបិទកំណាត់ផ្លូវជាតិលេខតិលេខ៦Aត្រង់ចំណុចមុខវត្តព្រែកអញ្ចាញក្បែរសាលាស្រុកមុខកំពូល។ ជាការតវ៉ាប្រឆាំងនឹងម្ចាស់អាជីវកម្មលក់ខ្សាច់ដែលយកដីរបស់វត្តទៅធ្វើជាកន្លែងលក់ខ្សាច់ ធ្វើប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្បែរនោះ។
ការបិទកំណាត់ផ្លូវជាតិដ៏សំខាន់នេះបានធ្វើឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅលើផ្លូវជាតិលេខ៦A ខណៈក្រុមអាជ្ញាធរកំពុងតែធ្វើការសម្របសម្រួល។ សាក្សី និយាយថា ការស្ទះចរាចរណ៍គឺចាប់ពីចំណុចបាក់ខែងរហូតដល់ស្រុកមុខកំពូល និងចាប់ពីចំណុចស្រុកមុខកំពូលរហូតដល់រកាកោង។
ពាក់ព័ន្ធករណីខាងលើនេះ អភិបាលខេត្តកណ្ដាល បានដោះស្រាយចប់ជាស្ថាពរ តាមបំណងប្រជាពលរដ្ឋ និងព្រះសង្ឃ ក្នុងករណីដេប៉ូខ្សាច់ ឈឿន ម៉ានី រំលោភកិច្ចសន្យាលើការជួលដីវត្ត រតនៈបុប្ផារាម។
បើតាមការផ្សព្វផ្សាយរបស់រដ្ឋបាលខេត្តកណ្ដាលបានឲ្យដឹងថា ប្រជាពលរដ្ឋ បានសម្តែងក្តីត្រេកអរយ៉ាងខ្លាំងចំពោះចំណាត់ការរបស់ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដោយឯកឧត្តមបានសម្រេចឲ្យដេប៉ូខ្សាច់ ឈឿន ម៉ានី រុះរេីយកសម្ភារចេញពីបរិវេនដីវត្ត ជាបន្ទាន់ក្នុង រយៈពេល៧ថ្ងៃ ។
ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋជាច្រេីនរយនាក់ ក្នុងការចុះដោះស្រាយក្នុង ករណីដេប៉ូខ្សាច់ ឈឿន ម៉ានី រំលោភកិច្ចសន្យាលើការជួលដីក្នុងបរិវេណវត្ត រតនៈបុប្ផារាម ហៅ ( វត្តព្រែកអញ្ចាញ ) ស្ថិតនៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាល នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នេះ ឯកឧត្ដម គង់សោភ័ណ្ឌ អភិបាល ខេត្តកណ្តាល បានបញ្ជាក់ថា ក្នុងករណីខាងលើនេះគឺដេប៉ូ ឈឿន ម៉ានី គឺជាអ្នកបង្កឡើងដោយមិនគោរពតាមកិច្ចសន្យារបស់ខ្លួន ហើយករណីនេះគឺមិនគួរឲ្យកើតមានឡើងនោះទេក្នុងទីវត្តអារាម ព្រោះវត្តអារាមគឺជាកន្លែងស្ងប់ស្ងាត់ ជាកន្លែងសម្រាប់ជួបជុំធ្វើអំពើជាកុសល ដូច្នេះចាប់ពីពេលនេះតទៅ ដីវត្តមិនត្រូវជួលឲ្យអ្នកណាទៀតទេ ជៀសវាងកុំឲ្យមានបញ្ហាដូចករណីនេះកើតឡើងម្តងទៀត។
ជាដំណោះស្រាយក្នុងករណីខាងលើនេះ ឯកឧត្តមអភិបាលខេត្តកណ្តាល ក៏ដូចជាប្រជាពលរដ្ឋ និងព្រះសង្ឃបានសម្រេចឲ្យម្ចាស់ដេប៉ូ ឈឿន ម៉ានី រុះរើចេញជាបន្ទាន់ ក្នុងរយៈពេល៧ថ្ងៃ ប្រសិន បើមិនព្រមរុះរើឲ្យអស់ទេ គឺ អាជ្ញាធរនឹងត្រូវរឹបអូសសម្ភារទៅសាលាស្រុកមុខកំពូលទាំងអស់ ហើយត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
សូមជម្រាបថា ដើមហេតុដែលធ្វើឲ្យប្រជាពលរដ្ឋ មានការមិនពេញចិត្ត ឈានទៅដល់ការតវ៉ា និងបិទផ្លូវជាតិលេខ6A គឺដោយសារតែ ដេប៉ូខ្សាច់ ឈឿន ម៉ានីរំលោភកិច្ចសន្យាលើការជួលដីវត្ត បើយោងលើកិច្ចសន្យាជួលដី ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥ របស់លោក ស៊ឹម ប៉ុន ជាគណៈកម្មាធិការអាចារ្យវត្ត បានឯកភាពគ្នាជួលដីនៅខាងមុខវត្តព្រែក អញ្ចាញ ឱ្យទៅ ឈ្មោះ ឈឿន ប៊ុនឆាន និង ឈឿន ម៉ានី ដើម្បីធ្វើអាជីវកម្មគ្រួស ខ្សាច់ រយៈពេល ៣ឆ្នាំ ប៉ុន្តែ រហូតមកដល់ពេលនេះម្ចាស់អាជីវកម្ម រូបនេះនៅតែបន្តយកគ្រឿងចក្រទៅជីកដីវត្តជាប់មាត់ទន្លេ ដឹកយកទៅលក់ជារៀងរាល់ថ្ងៃ ទោះកិច្ចសន្យាត្រូវបានអស់សុពលភាពរយៈពេល ១១ខែកន្លងមកហើយ ដោយគណៈកម្មាការវត្តបានឯកភាពគ្នាឈប់ជួលបន្ត ដើម្បីយកទីនេះធ្វើជារមណីយដ្ឋានសាធារណៈជូនប្រជាពលរដ្ឋវិញ៕
ដោយ៖កូឡាប