Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​ទន្សោង​ឈ្មោល​មួយ​ក្បាល​ត្រូវបាន​រកឃើញថា ងាប់​ក្នុង​សភាព​ស្អុយរលួយ នៅក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​

​ឧ​ត្ត​រ​មានជ័យ​៖ សត្វ​ទន្សោង​ឈ្មោល​មួយ​ក្បាល​ត្រូវបាន​រកឃើញថា ងាប់​ក្នុង​សភាព​ស្អុយរលួយ​កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ ២០២០ នៅក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​នៃ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​ក្នុង ភូមិសាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ នេះ​បើតាម​ការ​ថ្លែង​ឱ្យដឹង​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​នៅ​ល្ងាច​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ ២០២០​នេះ ។​

​ឯកឧត្តម បានដឹងថា ក្រុមការងារ​ចម្រុះ​ដែល​ដឹកនាំ​ដោយ​ព្រះ​ភិក្ខុ ប៊ុន សា​លួត ព្រះ​មេគណ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ជា​ប្រធាន​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន ដោយមាន​ការចូលរួម​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​មន្ត្រីនគរបាល និង​ទាហាន​បានធ្វើការ​ពិនិត្យ​លើ​សពសត្វ​ទន្សោង ហើយ​សន្និដ្ឋានថា​សត្វ​ទន្សោង ដែល​បាន​ងាប់​ជាច្រើន​ថ្ងៃ​មកហើយ​នេះ សង្ស័យ​ត្រូវបាន​ងាប់​ដោយ​ការបាញ់ ដោយ​គ្រាប់កាំភ្លើង ព្រោះ​បាន​រកឃើញថា មាន​បាក់​ឆ្អឹងជំនីរ​ចំនួន ២ កាំ​នៅ​ផ្នែក​ខាងឆ្វេង​។ សាកសព​សត្វ​ទន្សោង​នេះ ត្រូវបាន​ដឹក​មកកាន់​ទីស្នាក់ការ​ស​ហគ​មន៍​ព្រៃ​សង្ឃ​រុក្ខ​វ័ន ហើយ​បើតាម​ព្រះ​ភិក្ខុ ប៊ុន សា​លួត សាកសព​សត្វ​ទន្សោង​នេះ នឹងត្រូវ​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល តាមបែប​ពុទ្ធសាសនា រួចហើយ​នឹង​កប់​ទន្ទឹម​នឹង​សាកសព ទន្សោង​ដែល​បាន​ងាប់​កាលពី​ថ្ងៃទី​២៤ ខែឧសភា​កន្លងទៅ​។​

​នេះ​ជាស​ត្វ​ទន្សោង​ទី​៦ ហើយ​ដែល​ត្រូវបាន​ស្លាប់​នៅក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​ក្នុង​រយៈពេល ៦​ខែ​ចុង​ក្រោយនេះ​។ សត្វ​ទន្សោង​ទី​៥ ដែល​បាន​រកឃើញ​កាលពី​ថ្ងៃទី​២៤ ខែឧសភា និង​បាន​ងាប់​ដោយ​ការជាប់​អន្ទាក់​របស់​ព្រានព្រៃ ក្រោយពី​ការខិតខំ​ជួយសង្គ្រោះ​ជីវិត​សត្វ​ទន្សោង​នេះ ពី​ពេទ្យសត្វ​ខណៈ​ទន្សោង​ញី​ឈ្មោល​ផ្សេងទៀត​ចំនួន ៤ ក្បាល​បាន​ងាប់​ដោយ​ជាប់អន្ទាក់ និង​ដោយសារ​អន្ទាក់​ឆក់​កាលពីដើមឆ្នាំ ២០២០​។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​សម្តែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការបាត់បង់​សត្វ​កម្រ ដោយសារ​ស្នាដៃ​ក្រុម​ព្រានព្រៃ​គ្មាន​ក្តីមេត្តា ហើយ​បាន​ជំរុញ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងនោះ​រួមមាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​សហគមន៍​ព្រៃ​សង្ឃ​រុក្ខ​វ័ន បន្ត​សហការគ្នា​ស្អិតល្មួត​បន្ថែមទៀត ដើម្បី​រឹតបន្តឹង​បន្ថែម​លើ​ការអនុវត្ត​ច្បាប់ និង​ត្រូវ​ត្រួតពិនិត្យ​ឱ្យបាន​ហ្មត់ចត់​បំផុត ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចូល​ព្រៃ ដើម្បី​ដកហូត​អនុផល​ព្រៃឈើ​ផ្សេងៗ ដើម្បី​កុំឱ្យ​ពួកគាត់​លួចលាក់​អាវុធ​ពិត ឬ​អាវុធ​កែច្នៃ អន្ទាក់​ចូលទៅ​ក្នុងព្រៃ ប្រព្រឹត្ត​បទល្មើស​ធនធានធម្មជាតិ បរបាញ់​សត្វ និង​ដាក់​អន្ទាក់​សត្វ​។ ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​ថ្លែងថា យើង​ត្រូវ​បន្ត​ស៊ើបអង្កេត​ស្វែងរក​ជនខិលខូច​ដែល​ប្រព្រឹត្ត​បទល្មើស​បរបាញ់​សត្វ​ដាក់​អន្ទាក់​សត្វ ហើយ​សូម​ស្នើសុំ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានដឹង​ព័ត៌មាន​ពី​ជន​បំផ្លាញ​សត្វព្រៃ សូមជួយ​ផ្តល់​ការសហការ​និង​ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច​ដើម្បី​អនុវត្ត​ច្បាប់​។​

​ឯកឧត្តម​បាន​ថ្លែងថា​ចាប់តាំងពី​ខែមករា​ដល់​ខែមិថុនា​នេះ សត្វ​ទន្សោង​យ៉ាងហោច​ចំនួន ១០ ក្បាល​ហើយ​ដែល​បាន​រកឃើញថា ងាប់​ក្នុង​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា ដែល​ក្នុងនោះ ១ ក្បាល​រកឃើញ​ងាប់​ដោយ ជាប់អន្ទាក់​នៅក្នុង​ខេត្តកំពង់ស្ពឺ ៦ ក្បាល (​ឈ្មោល ៣ ក្បាល និង​ញី ៣ ក្បាល​) ស្លាប់​ដោយ​ជាប់អន្ទាក់​ក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង ២ ក្បាល​ក្នុង​តំបន់​ជាប់​នឹង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ដោយសារ​ការបាញ់ សម្លាប់ និង​កូន​ទន្សោង​ញី ១ ក្បាល​រកឃើញ​ស្លាប់​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ក្នុង​ខេត្តមណ្ឌលគិរី​ដោយសារតែ​ជាប់អន្ទាក់​។​

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែងថា​សកម្មភាព​នៃ​ការ​លួច​បរបាញ់​សត្វ និង​ការដាក់​អន្ទាក់​ចាប់​សត្វ​នៅតែ​បន្ត​កើតមាន ហើយ​អន្ទាក់​គឺជា​ឃាតក​លាក់​មុខ​បន្ត​សម្លាប់​សត្វព្រៃ ជា​រៀងរាល់ថ្ងៃ​។ មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​សហគមន៍​តំបន់ការពារធម្មជាតិ​បាន​បង្ក្រាប​និង​ទប់ស្កាត់​ជា​រៀងរាល់ថ្ងៃ​។ នៅក្នុង​រយៈពេល ៤ ខែ​ឆ្នាំ ២០២០ គឺ​ពី​ខែមករា​ដល់​ខែមេសា អន្ទាក់​ចំនួន​ជាង ១០០០០ អន្ទាក់​ត្រូវបាន​ដោះ​ចេញពី​តំបន់ការពារធម្មជាតិ និង​កាំភ្លើង កាំភ្លើង​កែច្នៃ និង​ស្នា​តេះ​ដែល​ប្រើ​សម្រាប់​ការ​បរបាញ់​សត្វ ចំនួន​ជាង ៣០០ ដើម​ត្រូវបាន​ដកហូត​។ នៅ​ឆ្នាំ ២០១៩ កន្លងទៅ​អន្ទាក់​ជាង ២០០០០ ត្រូវបាន​ដោះចេញ​ពី​តំបន់ការពារធម្មជាតិ​ដើម្បី​ការពារ​សត្វព្រៃ ដែល​កំពុង​រស់នៅក្នុង​តំបន់ការពារធម្មជាតិ​។​

​ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា​តាម​របាយការណ៍​សិក្សារ​បាយ​ប្រជាជន​សត្វ​ទន្សោង នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ចន្លោះ​ពី ២៧០០ ទៅ ៥៧០០ ក្បាល​។ ចំនួន​នេះ​បានធ្វើឱ្យ​ប្រទេស​កម្ពុជា ជា​កន្លែង​ដែលមាន​វត្តមាន​សត្វ​ទន្សោង​ច្រើនជាងគេ​នៅលើ​ពិភពលោក ខណៈ​ចំនួន​សត្វ​ទន្សោង​សរុប​នៅលើ​ពិភពលោក​ត្រូវបាន​គេ​ប៉ាន​ស្មានថា​មាន​ចន្លោះ​ពី ៥៩០០ ទៅ ១១០០០ ក្បាល​តែ​​ប៉ុណ្ណោះ​។ ប្រទេស​ថៃ​និង​ប្រទេស​ឥណ្ឌូណេស៊ី​ក៏មាន​ចំនួន​សត្វ​ទន្សោង​ប៉ុន្មាន​រយ​ក្បាល​ប៉ុណ្ណោះ​។​
​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍ថា សត្វ​ទន្សោង​ជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក ហើយ​កម្ពុ​ជាមាន​មោទនភាព​ដែល​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ត្រូវ​ចូលរួម​ការពារ​និង​អភិរក្ស​សត្វព្រៃ​ឱ្យបាន​គង់វង្ស ដោយនិយាយ​ថា​ទេ​ចំពោះ​ការជួញដូរ​សត្វព្រៃ ការបរិភោគ​សាច់សត្វ​ព្រៃ និង​កុំ​បរបាញ់ និង​ចាប់​សត្វព្រៃ​៕
​ដោយ៖កូឡាប

×