តាកែវ៖ មុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្ម នៅតាមទីជនបទម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តតាកែវ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថ និងមានការសម្របសម្រួលនីតិវិធីច្បាប់ ដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាតំបូងខេត្តតាកែវ បានប្រើប្រាស់វិធានការញុះញង់ ឈានទៅចាប់ខ្លួនមុខសញ្ញា ចែកចាយគ្រឿងញៀនបានម្នាក់ ដកហូតបានម្ស៉ៅក្រាមសថ្លា (ម៉ាទឹកក) បាន ១៣៦ក្រាម កាលពីរសៀលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២០ នៅចំនុចភូមិ គោកដូង ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ។
លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា ចំពោះមុខសញ្ញាចែកចាយគ្រឿងញៀន ដែលយើងឃាត់ខ្លួនបានមានឈ្មោះ ឡោ ឧសភា ភេទប្រុស អាយុ២៤ឆ្នាំ មានទីកន្លែងកំណើតនៅភូមិឃុំកើតហេតុខាងលើ មានមុខរបរមិនពិតប្រាកដ ជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្ម នៅទីជនបទនៅស្រុកកោះអណ្តែតនេះ ហើយនៅព្រឹកថ្ងៃទី ២១ ខែមិថុនា នេះដែរ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន អាវុធហត្ថខេត្តបាននិងកំពុងសួរចម្លើយស្រាវជ្រាវបន្តរកមេខ្លោង និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ។
លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី បានឲ្យដឹងថា ចំពោះសកម្មភាពបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀននេះ អាវុធហត្ថខេត្ត និងបន្តធ្វើជារាងរាល់ថ្ងៃ ដើម្បីបោសសម្អាតឲ្យអស់ ចំពោះការចរាចរគ្រឿងញៀន ដែលកំពុងសាយភាយខ្លាំងនៅតាមទីជនបទ ដែលសកម្មភាពគ្រឿងញៀននេះ ជាមូលហេតុមួយដែលធ្វើឲ្យមូលដ្ឋាន អសន្តិសុខសណ្តាប់ធ្នាប់ ដោយសារក្មេងទំនើងមួយចំនួន ដែលមានសារធាតុញៀន នៅក្នុងខ្លួន ដូច្នេះអាវុធហត្ថខេត្តតាកែវ និងបោសសម្អាតឲ្យអស់ចំពោះគ្រឿងញៀន ហើយលោកបើកចំហរជានិច្ច ជាមួយនឹងសកម្មភាពរួមសហការជាមួយនិងប្រជាពលរដ្ឋ លើការរាយការណ៍ជូនដំណឹងមកសមត្ថកិច្ច ៕
ដោយ៖ តាកែវ