ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីបុរសម្នាក់ឈ្មោះ ពុធ មនោរម្យ ដែលមិនបានស្តាប់ការណែនាំរបស់ប៉ូលិសចរាចរណ៍ នៅម្តុំការដ្ឋានកំពុងសាងសង់ផ្លូវនៅរង្វង់មូលចោមចៅ និងបានបើករថយន្តក្នុងល្បឿនលឿន ដែលបង្កឲ្យមន្ត្រីចរាចរណ៍ម្នាក់ដួល ជាពិសេសក្រោយធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យ បានបង្ហាញឲ្យឃើញថា ជនបង្កនេះ បានប្រើប្រាស់ផ្លាកលេខមិនត្រឹមត្រូវ ដោយយកផ្លាកលេខរថយន្តផ្សេងមកពាក់លើរថយន្តរបស់ខ្លួន ។
ជនបង្កនេះ ត្រូវបានចោទប្រកាន់លើចំណុច៣ផ្សេងគ្នា ទី១ គឺ ការរារាំងសមត្ថកិច្ច ពេលកំពុងតែអនុវត្តការងារ ទី២ គឺការប្រើប្រាស់ផ្លាកលេខក្លែងក្លាយ (យកផ្លាកលេខរថយន្តផ្សេងមកពាក់ ) ទី៣ បើករត់គេចពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេស ពីការទទួលខុសត្រូវ។
នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២ រសៀល ជនបង្ក ត្រូវបានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រៀបចំសំណុំឯកសារ និងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕
ដោយ៖កូឡាប