ក្រចេះ៖ នគរបាលស្រុកសំបូរ បានឲ្យដឹងថា បុរសសង្ស័យជាឪពុកចុង ដែលបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ លើកូនស្រីចុងមិនទាន់គ្រប់អាយុ និង គរថ្លង់ ហើយថែមទាំងបានវាយធ្វើទារុណកម្មលើខ្លួនប្រាណនាង ឲ្យរងរបួសយ៉ាងដំណំលើរាងកាយទៀតផងនោះ គឺត្រូវបានតុលាការខេត្តក្រចេះ សម្រេចធ្វើការឃុំខ្លួននៅពន្ធនាគារ កាលពីថ្ងៃទី២១ ខែមិថុនា។
លោកស្រីឧត្តមសេនីយ៍ត្រី នៅ រតនា ស្នងការរងនគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យជាឪពុកចុងឈ្មោះ ឌឹម ស៊ាប អាយុ៣៦ឆ្នាំ មុខរបរជាកម្មករ ចំការកៅស៊ូ រស់នៅក្នុងក្រុមហ៊ុនដុងណាយ ក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ និងត្រូវបាននគរបាលចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៧ ខែមិថុនា ទៅតាមពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ។
លោកស្រីស្នងការរងបញ្ជាក់ថា កាលពីថ្ងៃទី១៤ មិថុនា ២០២០ ជនសង្ស័យឈ្មោះ ឌឹម ស៊ាប ជាឪពុកចុង បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះជាកូនចុង ថែមទាំងបានវាយធ្វើទារុណកម្មលើរូបនាង នៅក្នុងព្រៃកៅស៊ូមួយកន្លែង ខណៈម្តាយនាងមិនបានទៅជាមួយ៕
ដោយ៖កូឡាប